បុរស២នាក់ដែលចេញមុខតវ៉ាប្រឆាំងនឹងក្រុមហ៊ុនកាពីតូលនិងត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍មុន ត្រូវបានតុលាការសម្រេចចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។
បុរសទាំងពីរនោះមានឈ្មោះណន វណ្ណា ជាអតីតអ្នកបើករថយន្តកាពីតូលដែលត្រូវបានបញ្ឈប់ពីការងារនិងម្នាក់ទៀតឈ្មោះ រស់ ស៊ីផៃ ជាសមាជិកសហភាពការងារកម្ពុជាដែលបានចូលរួមតវ៉ាប្រឆាំងនឹងក្រុមហ៊ុនកាពីតូល។ អ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយពីមានការប៉ះទង្គិចគ្នារហូតដល់ធ្វើឲ្យមនុស្សមួយចំនួនរងរបួស។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថាក្រោយពីសាកសួរពេញមួយថ្ងៃចន្ទនេះ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់មនុស្សទាំងពីរចំនួន៣បទចោទ ទី១ គឺហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទី២ ស្ថានទម្ងន់ទោសប្រឆាំងអ្នករាជការសាធារណៈនិងទី៣ការរារាំងជាឧបសគ្គដល់ចរាចរណ៍សាធារណៈ។ តុលាការសម្រេចបញ្ជូនពួកគេឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃ។
បើតាមលោក អាត់ ធន់ រូបលោកនិងសមាជិក៣នាក់ទៀត ត្រូវបានព្រះរាជអាជ្ញាស្នើឲ្យចាប់ខ្លួន តែរហូតមកដល់ពេលនេះ ចៅក្រមស៊ើបសួរមិនទាន់ឆ្លើយតបយ៉ាងណានោះទេ។
ក្នុងពេលសាកសួរនោះ ក្រុមអតីតអ្នកបើករថយន្តក្រុងក្រុមហ៊ុនកាពីតូល តំណាងសហជីពនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រមាណ២០០នាក់ បានជួបជុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ ដោយទាមទារឲ្យដោះលែងអ្នកតវ៉ាដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។
ក្រោយពីហិង្សាកើតឡើងកាលពីសប្តាហ៍មុន អង្គការសង្គមស៊ីវិលចំនួន៣៤បានថ្កោលទោសចំពោះអំពើហិង្សានេះដែលបង្ករបួសធ្ងន់និងស្រាលប្រមាណជាង២០នាក់ ហើយអង្គការទាំងនេះជំរុញឲ្យមានការស៊ើបអង្កេតឲ្យមានតម្លាភាពដើម្បីផ្តល់ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ ប៉ុន្តែសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាជនបង្កដែលប្រើញញួរនិងបំពង់ទីពវាយទៅលើអតីតអ្នកបើករថយន្តក្រុងនោះសមត្ថកិច្ចមិនបានចាប់ខ្លួននោះទេហើយបែរទៅចាប់ខ្លួនភាគីរងគ្រោះទៅវិញ។
អតីតអ្នកបើករថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូលនេះបានតវ៉ារាប់ខែមកហើយដើម្បីឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ។
គួររំឮកថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥នេះ បុគ្គលិកក្រុមហ៊ុនទេសចរណ៍កាពីតូលបានបាតុកម្មម្តងរួចមកហើយ ដើម្បីទាមទារទាមទារឲ្យថៅកែក្រុមហ៊ុនទទួលយកអ្នកបើកបររថយន្ត៥នាក់ឲ្យចូលធ្វើការវិញ ដោយអះអាងថា អ្នកទាំង៥ត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយសារចង់បង្កើតជាសហជីព។ ទោះយ៉ាងណា ភាគីក្រុមហ៊ុនបានអះអាងថាក្រុមហ៊ុនបញ្ឈប់អ្នកបើករថយន្តទាំង៥នាក់ដោយសារពួកគាត់បានរំលោភបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដូចជា ដាក់ភ្ញៀវតាមផ្លូវ ឈ្លោះប្រកែកជាមួយអ្នកលក់សំបុត្រតាមសាខា និងមិនឈប់ដាក់ភ្ញៀវតាមសាខាជាដើម៕