លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបជាមួយសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក នៅពេលលោកទៅបំពេញទស្សនកិច្ចនៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាលោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែកុម្ភៈ តាមការអញ្ជើញចូលរួមរបស់ប្រធានាធិបតីអាមេរិកសម្រាប់ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិក ដែលនឹងធ្វើឡើងនៅរដ្ឋកាលីហ្វរញ៉ា។ គណៈប្រតិភូអមនាយករដ្ឋមន្រ្តីមានលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ និងសមាជិករដ្ឋាភិបាលដទៃទៀត។
បើតាមសេចក្តីប្រកាសព័ត៌មាន លោក ហ៊ុន សែន នឹងជួបជាមួយប្រជាពលរដ្ឋខ្មែររាប់រយនាក់មកពីគ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិក។ សេចក្តីប្រកាសព័ត៌មានមិនបានបញ្ជាក់ថាតើលោក ហ៊ុន សែន នឹងជួបទ្វេភាគីពិភាក្សាជាមួយលោកប្រធានាធិបតី អូបាម៉ាឬយ៉ាងណានោះទេ។
ចំណែកប្រជាពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនបានប្រកាសជាថ្មីថាខ្លួននឹងធ្វើបាតុកម្មនៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក បើទោះជាលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទនេះ លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងនិងជាអ្នករៀបចំបាតុកម្ម មានប្រសានស៍ថាថ្មីៗនេះ មេដឹកនាំគណបក្សនយោបាយនានាបាន វាយប្រហារនិងចោទប្រកាន់គ្នាទៅវិញទៅមកក្នុងន័យបង្កឧបសគ្គឬរារាំងនិងបំបែកទំនុកចិត្តពលរដ្ឋខ្មែរអាមេរិកាំងកុំឲ្យចូលរួមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន។ លោកបញ្ជាក់ថា៖ “ការធ្វើបាតុកម្មនឹងប្រព្រឹត្តទៅតាមការគ្រោងទុកដោយពុំមានការអាក់ខានឡើយ ហើយសូមបញ្ជាក់ថាអង្គការយើងខ្ញុំជាអង្គការឯករាជ្យមិនពាក់ព័ន្ធគណបក្សនយោបាយណាមួយឡើយ”។ បើតាមសេចក្តីថ្លែងការណ៍នោះ អ្នកចូលរួមធ្វើបាតុកម្មនឹងដាក់ញត្តិស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជានិងការចាប់ដាក់គុកនូវក្រុមសកម្មជនប្រជាធិបតេយ្យ។
លោក ទូច វិបុល បានលើកឡើងថា៖ “ប្រាកដណាស់ ជាង៣០ឆ្នាំ ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន បានធ្វើខ្លួនជាជនមិនគួរឲ្យទុកចិត្តបាន សម្រាប់ពលរដ្ឋខ្មែរ។ លោក ហ៊ុន សែន ជាជនរងគ្រោះថ្នាក់បំផុតដល់សង្គមកម្ពុជា ជាពិសេសជាជនរងគ្រោះដល់សន្តិសុខក្នុងតំបន់ASEANដែលយើងទាំងអស់គ្នាមិនត្រូវការមេដឹកនាំរូបនេះទៀតឡើយ”។
កាលពីសប្តាហ៍មុន លោក សម រង្ស៊ី ដែលកំពុងគេចពីការចាប់ខ្លួន បានថ្លែងពីសហរដ្ឋអាមេរិកមកថាលោកមិនគាំទ្របាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នោះទេ ហើយលោកប្រកាសមិនទទួលស្គាល់សកម្មភាពអ្នកដែលនៅតែចូលរួមធ្វើបាតុកម្មនេះ។ លោកថ្លែងថា៖ “រឿងបាតុកម្ម គណបក្សសង្រ្គោះជាតិគឺសូមឲ្យបងប្អូនផ្អាកទាំងអស់ គម្រោងធ្វើបាតុកម្មនៅទីណាក៏ដោយ ពីព្រោះការធ្វើបាតុកម្មនេះ វាអត់មានចំណេញអ្វី ខាត។ អ្វីដែលយើងចង់បានជាអាទិភាព ការបោះឆ្នោត ហើយយើងចូលក្នុងអន្ទ្រាក់គេហើយ បើយើងចូលធ្វើបាតុកម្ម គេមានលេស គេប្រើអំពើហិង្សា សភាពការណ៍តានតឹង វាកាន់តែកើនឡើង អាហ្នឹងវាមិនដឹងជាទៅណា…”៕