វិភាគ៖ តើរដ្ឋាភិបាលគួរធ្វើអ្វីបើមានបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រីនៅអាមេរិក?​

ក្រុម​បាតុករ​ខ្មែរ​នៅ​អាមេរិកកាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ (រូបភាពពីបណ្តាញសង្គម)

នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅក្នុងរដ្ឋកាលីហ្វញ៉ា ជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ានផ្សេងទៀត។ ប្រជាពលរដ្ឋខ្មែរនៅអាមេរិកបានអះអាងថា ពួកគេនឹងធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីនៅពេលលោកទៅចូលរួមកិច្ចប្រជុំនោះ។

គណបក្សសង្គ្រោះជាតិបានធ្វើការបដិសេធជាបន្តបន្ទាប់ថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងគម្រោងធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះទេ ហើយប្រធានបក្សនេះគឺលោក សម រង្ស៊ី កាលពីសប្ដាហ៍មុនបានប្រកាសថាលោកមិនគាំទ្រគម្រោងធ្វើបាតុកម្មនោះ ដោយលោកក៏បានប្រកាសមិនទទួលស្គាល់សកម្មភាពអ្នកដែលនៅតែចូលរួមធ្វើបាតុកម្មនោះផងដែរ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងក៏បានប្រកាសពីលទ្ធភាពនៃការធ្វើបាតុកម្មពីសំណាក់អ្នកគាំទ្ររូបលោកដើម្បីប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងផងដែរ ប្រសិនបើបាតុកម្មប្រឆាំងរូបលោកកើតមាន។

ទោះបីជាមានការព្រមានពីលោកនាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រឆាំង លទ្ធភាពនៃការធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន ត្រូវគេមើលឃើញថានឹងអាចកើតមានកាន់តែច្បាស់ ដោយក្រុមអ្នករៀបចំបាតុកម្មនេះបានប្រកាសអះអាងថា ខ្លួននឹងនៅតែធ្វើបាតុកម្មដូចការគ្រោងទុក។ នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង និងជាអ្នករៀបចំបាតុកម្ម លោក ទូច វិបុល បានចេញសេចក្ដីថ្លែងការណ៍មួយថ្មីទៀតដោយបញ្ជាក់ថា គម្រោងនៃការធ្វើបាតុកម្មនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយពុំមានការអាក់ខាន និងអះអាងថាពុំមានជាប់ពាក់ព័ន្ធជាមួយបក្សប្រឆាំងទេ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ អ្នកចូលរួមធ្វើបាតុកម្មនឹងដាក់ញត្តិស្តីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងការចាប់ដាក់គុកនូវក្រុមសកម្មជនប្រជាធិបតេយ្យ។

ប្រសិនបើមានបាតុកម្មនៅអាមេរិកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះជាការឆ្លើយតប?

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ លើកឡើងថា វាជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យដែលប្រជាពលរដ្ឋធ្វើការសម្ដែងមតិតាមរយៈការធ្វើបាតុកម្មអហិង្សា ដើម្បីបង្ហាញពីការមិនសប្បាយចិត្តរបស់ខ្លួននឹងការដឹកនាំរបស់រដ្ឋាភិបាល។ លោកថា ការដែលមានប្រជាពលរដ្ឋបាតុកម្មតវ៉ាប្រឆាំងនឹងថ្នាក់ដឹកនាំនេះមិនមែនជារឿងអាម៉ាស់សម្រាប់រដ្ឋាភិបាលនោះទេ តែលោកថា ផ្ទុយទៅវិញ រដ្ឋាភិបាលគួរយកឱកាសនេះដើម្បីមើលឃើញពីការខ្វះខាតរបស់ខ្លួនយកទៅកែលម្អ។ លោកបន្តថា រដ្ឋាភិបាលគួរស្ដាប់ការរិះគន់របស់បាតុករ ហើយធ្វើការដោះស្រាយ ឬបកស្រាយប្រាប់ពួកគេ ដែលលោកថា ការធ្វើបែបនេះទទួលបានផលល្អជាជាងការគំរាមធ្វើបាតុកម្មប្រឆាំងបាតុកម្ម។

លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖ ហើយគាត់ខំខ្លាចគេបាតុកម្ម ខ្លាចគេរិះគន់ បាតុកម្មទៅខ្លាចពិភពលោករិះគន់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមពិត អាការគំរាមកំហែងនេះគេរិះគន់ជាងឆ្ងាយមែនទែន ឆ្ងាយជាង១០០ដងឯណោះ។ បើតាមពិតទុកឲ្យគេបាតុកម្ម បាតុកម្មទៅ ហើយយើងឆ្លើយតបទៅ បើយើងមិនចង់ឆ្លើយតបមិន[ឆ្លើយតប]ទៅ អាហ្នឹងជារឿងធម្មតាទេតើ… ការរិះគន់ខ្លះយើងស្ដាប់ទៅសមហេតុផលយកទៅ បើរិះគន់ខ្លះស្ដាប់ទៅជ្រុលពេក យើងកុំយកចិត្តទុកដាក់ទៅ យើងឆ្លើយតបទៅ ពន្យល់ទៅវិញទៅ អាហ្នឹងចប់រឿងហើយ ហើយអាហ្នឹងហើយដែលបង្កឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងមនុស្សដែលគេរិះគន់យើង

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី បានបង្ហាញការយល់ឃើញប្រហាក់ប្រហែលគ្នាថា ការធ្វើបាតុកម្មដោយសន្តិវិធីមិនមែនជារឿងអាក្រក់សម្រាប់រដ្ឋាភិបាលនោះទេ ដោយលោកថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋក្រោមរូបភាពផ្សេងៗ រាប់បញ្ចូលទាំងការធ្វើបាតុកម្មផងនោះគឺមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្នុងការមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួនដើម្បីធ្វើការកែលម្អ។

លោក កែម ឡី មានប្រសាសន៍ថា៖ ខ្ញុំគិតថា យើងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ទាំងមេដឹកនាំទាំងពលរដ្ឋមិនត្រូវខ្លាចរអែងពីរឿងបាតុកម្មទេ។ ផ្ទុយទៅវិញ ប្រសិនបើពលរដ្ឋមានបញ្ហាហើយគាត់សម្ដែងមតិតាមរយៈបាតុកម្មយើងត្រូវមានការលើកសរសើរទៅវិញ លើកសរសើរហើយចូលរួម ប្រសិនបើប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទៅប្រឈមជាមួយការធ្វើបាតុកម្ម ទៅជជែកពិភាក្សាជាមួយបាតុករ មិនត្រឹមតែមិនត្រូវអាប់មុខអាប់មាត់ទេ គឺថែមទាំងមានការកោតសរសើរពីសហគមន៍អន្តរជាតិទៅទៀត។ ការធ្វើបាតុកម្មនៅក្នុងសង្គមប្រជាធិបតេយ្យមិនមែនជារឿងអាក្រក់ ហើយក៏មិនមែនជារឿងបាក់មុខ ផ្ទុយទៅវិញការធ្វើព្រងើយកន្តើយនឹងបញ្ហារបស់ពលរដ្ឋដែលលើកឡើងក្នុងបាតុកម្មទៅវិញទេដែលបាក់មុខ

ពាក់ព័ន្ធនឹងការព្រមានរបស់រដ្ឋាភិបាលពីការធ្វើបាតុកម្មវាយបកប្រឆាំងនឹងគណបក្សប្រឆាំងវិញដោយអ្នកគាំទ្ររបស់ខ្លួននោះ លោក កែម ឡី យល់ថានោះក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋអ្នកគាំទ្ររបស់រដ្ឋាភិបាលផងដែរ តែលោកថា ការធ្វើបាតុកម្មនោះគួរធ្វើឡើងដោយសន្តិវិធី និងអហិង្សា។ ទោះយ៉ាងណា លោកថា ការធ្វើបាតុកម្មនោះគួរធ្វើឡើងក្នុងគោលបំណងទាមទារចង់បានអ្វីមួយជាក់លាក់ គឺមិនគួរធ្វើឡើងដើម្បីប្រឆាំងបាតុកម្មនោះទេ។

លោក កែម ឡី មានប្រសាសន៍ថា៖ បាតុកម្មចេញពីរដ្ឋាភិបាលសុទ្ធតែមានបញ្ហា ហើយបាតុកម្មចេញពីគណបក្សប្រឆាំងឬក៏ពលរដ្ឋច្រើនតែមានបញ្ហានៅពេលដែលរដ្ឋាភិបាលទៅធ្វើការបង្ក្រាបទៅវិញទេ។ អ៊ីចឹងខ្ញុំគិតថា សិទ្ធិក្នុងការធ្វើបាតុកម្មវាមានគ្រប់គណបក្ស គ្រប់ភាគី ប៉ុន្តែធ្វើហ្នឹងធ្វើដោយសេចក្ដីថ្លៃថ្នូរ ធ្វើដោយសន្តិវិធី ហើយបង្ហាញនូវសុឆន្ទៈរបស់ខ្លួនពិតប្រាកដថាខ្លួនចង់បានអី វាមិនមែនធ្វើបាតុកម្មដើម្បីប្រឆាំងនឹងបាតុកម្មទេ គឺធ្វើបាតុកម្មដើម្បីទាមទារនូវអ្វីដែលខ្លួនមានកង្វល់ទៅវិញទេ ប៉ុន្តែបើរដ្ឋាភិបាលធ្វើតបទៅវិញ បាតុកម្មដើម្បីប្រឆាំងនឹងបាតុកម្ម អាហ្នឹងក្នុងនាមជារដ្ឋមួយ រដ្ឋាភិបាលមួយមិនគួរឲ្យកើតឡើងទេ”

តំណាងរាស្រ្ត លោក គង់ សភា និង​លោក ញ៉យ ចំរើន រងរបួស​ដោយ​ក្រុមមនុស្ស​មួយក្រុម​វាយ​​ (រូបថតផ្តល់ឲ្យ​)
តំណាងរាស្រ្ត លោក គង់ សភា និង​លោក ញ៉យ ចំរើន រងរបួស​ដោយ​ក្រុមមនុស្ស​មួយក្រុម​វាយ​​ (រូបថតផ្តល់ឲ្យ​)

កាលពីខែកញ្ញា ឆ្នាំ២០១៥ ពេលលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិក មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ រយៈពេលប្រមាណមួយខែក្រោយមក ខណៈពេលលោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាង ក៏មានបាតុកម្មអហិង្សាមួយទៀតទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះ លោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថា លោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញ ដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមានពិតមែន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន។ ការវាយប្រហារលើតំណាងរាស្ត្រទាំងពីររូបរបស់បក្សប្រឆាំងបាននាំឲ្យមានការរិះគន់ខ្លាំងៗពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក។

ប្រហាក់ប្រហែលនឹងការលើកឡើងរបស់លោក កែម ឡី ដែរ លោក អ៊ូ វីរៈ លើកឡើងថា ប្រជាពលរដ្ឋដែលគាំទ្ររដ្ឋាភិបាលមានសិទ្ធិធ្វើបាតុកម្មសម្ដែងការមិនពេញចិត្តនឹងថ្នាក់គណបក្សប្រឆាំងដូចគ្នា តែថា បាតុកម្មនោះគួរធ្វើឡើងដោយអហិង្សា និងត្រឹមត្រូវតាមច្បាប់។ ទោះយ៉ាងណា លោកថា ប្រសិនបើរដ្ឋាភិបាលបណ្ដោយឲ្យមានការធ្វើបាតុកម្មប្រឆាំងនឹងបាតុកម្ម នោះនឹងធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចក្នុងការស្ដារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ហើយការបង្ហាញភាពជិតស្និទ្ធ និងភាពទន់ភ្លន់របស់នាយករដ្ឋមន្ត្រីជាមួយប្រជាពលរដ្ឋនឹងថយប្រសិទ្ធភាពផងដែរ។

លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖ គាត់ហាក់ដូចជាអត់ដូរសោះ ទាំងគណបក្សប្រជាជនហើយនិងនាយករដ្ឋមន្ត្រីហ្នឹងហាក់ដូចជាអត់ដូរសោះ ទោះបីគាត់និយាយគាត់ខំដូរ គាត់ដូរគាត់អី ប៉ុន្តែអត់ដូរ។ នៅរបៀបស្ទីលដដែល។ អ៊ីចឹងខ្ញុំមើលទៅវាប៉ះពាល់ដល់រូបភាពដែលគាត់ព្យាយាមបង្ហាញថាគាត់ដូរ គាត់ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ គាត់ទន់ភ្លន់ជាងមុន គាត់ប្រជាធិបតេយ្យជាងមុនអីគឺហាក់បីដូចជាអត់ដូរ អ៊ីចឹង ហើយគេមើលទៅគាត់នឹងបាត់បង់អ្វីដែលគាត់កំពុងតែជោគជ័យ ទាក់ទងរឿងបង្ហាញភាពជិតស្និទ្ធ ទន់ភ្លន់ជាមួយប្រជាពលរដ្ឋ”

ទាំងលោក កែម ឡី និងលោក អ៊ូ វីរៈ យល់ឃើញប្រហាក់ប្រហែលគ្នាថា ការធ្វើបាតុកម្មគឺជាសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការសម្ដែងមតិ ហើយក៏មិនមែនជារឿងអាក្រក់សម្រាប់រដ្ឋាភិបាលនោះទេនៅក្នុងសង្គមប្រជាធិបតេយ្យ។ អ្នកទាំងពីរលើកជាយោបល់ថា រដ្ឋាភិបាលអាចបង្វែពីគ្រោះទៅជាលាភ តាមរយៈការបើកចិត្តឲ្យទូលាយ និងយកចិត្តទុកដាក់ស្ដាប់ការរិះគន់របស់អ្នកតវ៉ា ហើយធ្វើការដោះស្រាយប្រកបដោយឆន្ទៈ នោះគណបក្សកាន់អំណាចនឹងអាចខិតចូលទៅជិតអ្នកដែលមិនគាំទ្រខ្លួន ហើយរដ្ឋាភិបាលនឹងទទួលបានការកោតសរសើរពីអន្តរជាតិ៕

សរសេរ​មក​លោក អុិត សូធឿត តាមរយៈ [email protected]

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered