អាជ្ញាធរឲ្យដឹងថាកម្មការិនីរោងចក្រម្នាក់ អាយុ២៣ឆ្នាំ រស់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានស្វាមីជះទឹកអាស៊ីតដាក់ កាលពីយប់ថ្ងៃចន្ទ។
បើតាមហ្វេសប៊ុកចៅសង្កាត់ស្ទឹងមានជ័យ ហេតុការណ៍ជះទឹកអាស៊ីតនេះបានកើតឡើងនៅវេលាម៉ោង៩យប់។ ជនរងគ្រោះឈ្មោះ ស៊ុំ សុខនី រីឯជនសង្ស័យដែលអាជ្ញាធរអះអាងថាជាប្តីបានគេចខ្លួន។
មន្រ្តីព័ត៌មានរបស់សង្កាត់ស្ទឹងមានជ័យ លោក គឹម ឈី ប្រាប់វីអូឌីថាជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ក្រោយពីហេតុការណ៍កើតឡើង។ លោកបញ្ជាក់ថាប្តីរបស់ជនរងគ្រោះជាអ្នកជះទឹកអាស៊ីត តែលោកមិនដឹងថាមានមូលហេតុអ្វីនៅពីក្រោយនោះទេ។ លោកបន្តថាជនរងគ្រោះជាកម្មការិនីរោងចក្រកាត់ដេរ ដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។
មេប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ លោក ម៉ៅ សាវឿន មានប្រសាសន៍ថាសមត្ថកិច្ចកំពុងស៊ើបអង្កេតតាមចាប់ជនដៃដល់ដែលលោកអះអាងថាជាប្តីរងគ្រោះ។ លោកបញ្ជាក់ថារហូតមកដល់ពេលនេះ លោកមិនទាន់អាចបញ្ជាក់ថាមានមូលហេតុអ្វីនៅពីក្រោយនៅឡើយទេ។
វីអូឌីមិនទាន់អាចសុំការការឆ្លើយតបពីក្រុមគ្រួសារជនរងគ្រោះភ្លាមៗបាននៅឡើយទេ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី៣ខែមីនា ឆ្នាំ២០១៥ មានហេតុការណ៍ការជះទឹកអាស៊ីតលើនារីសន្តិសុខរោងចក្រក្នុងសង្កាត់ចោមចៅ រហូតដល់នារីរងគ្រោះស្លាប់ ក្រោយពីសម្រាកនៅមន្ទីរពេទ្យបានមួយរយៈ។ សមត្ថកិច្ចសង្ស័យថាករណីនេះបណ្ដាលមកពីស្នេហាត្រីកោណ។
របាយការណ៍របស់អង្គការជួយជនរងគ្រោះដោយសារទឹកអាស៊ីតឲ្យដឹងថាចាប់ពីឆ្នាំ១៩៦៤ មកដល់បច្ចុប្បន្នមានជនរងគ្រោះដោយសារទឹកអាស៊ីតជាង៤២០នាក់។ បើតាមរបាយការណ៍ ក្នុងឆ្នាំ២០១០ ករណីនៃការជះទឹកអាស៊ីតមានជាង៣៥ករណី ហើយក្នុងឆ្នាំ២០១៤ មានចំនួន៥ករណី។
មាត្រា១៦នៃច្បាប់នៃការគ្រប់គ្រងទឹកអាស៊ីតចែងថាជនណាដែលបានប្រព្រឹត្តបទល្មើសអាស៊ីតបណ្តាលឲ្យជនរងគ្រោះរងផលប៉ះពាល់ដល់សុខភាពត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំនឹងត្រូវពិន័យជាប្រាក់ពី៥លានរៀលដល់ដប់លានរៀល។ ក្នុងករណីដែលជនរងគ្រោះក្លាយទៅជាជនពិការអស់មួយជីវិតឬរហូតដល់ស្លាប់នោះ ជនល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣០ឆ្នាំដល់មួយជីវិត ដោយមិនទាន់គិតពីសំណងជាប្រាក់សម្រាប់ជនរងគ្រោះ៕