បទយកការណ៍៖ ការយល់ដឹងរបស់យុវជនចំពោះថ្ងៃបុណ្យនៃក្ដីស្រលាញ់​

ខណៈថ្ងៃបុណ្យនៃក្ដីស្រលាញ់នឹងចូលមកដល់យុវជននិងគូ​ស្នេហ៍​ខ្លះក៏មានគម្រោងទិញជាកាដូជូនគ្នាទៅវិញទៅមកដើម្បីទុកជាអនុស្សាវរីយក៏ដូចជាបង្ហាញ​ក្ដី​ស្រលាញ់របស់ពួកគេ។

ថ្ងៃទី១៤កុម្ភៈនេះត្រូវបានយុវវ័យខ្លះគិត​ថាជាថ្ងៃបុណ្យសង្សារហើយក៏ទិញផ្កានិងកាដូ​ផ្សេងៗ​ជូនគ្នា​ដើម្បីដោះដូរជាថ្នូរនៃការដឹកដៃគ្នាឡើងផ្ទះសំណាក់ជាដើម។ ដោយឡែក​យុវជន​ខ្លះមាន​ការយល់ដឹងច្រើនដោយចាត់ទុកថ្ងៃទី១៤កុម្ភៈជាថ្ងៃនៃក្ដីស្រ​លាញ់ ហើយពួកគេថា​គ្រាន់តែ​ជាការរំលឹក​នៃសេចក្ដីស្រលាញ់ចំពោះអ្នកនៅជុំវិញខ្លួនតាមរយៈការជូនវត្ថុអនុស្សាវរីយផ្សេងៗ។

កំពុងឈរជជែកគ្នាជាមួយនឹងមិត្តភក្តិក្នុងបរិវេណវិទ្យាល័យសន្ធម៉ុកយុវជន កែ កុសលរតនា ​ជាសិស្សថ្នាក់ទី១២បានចាត់ទុកថ្ងៃ១៤កុម្ភៈនេះគ្រាន់តែជាថ្ងៃបុណ្យដែលបង្ហាញសេចក្ដីស្រលាញ់​ទៅកាន់មនុស្សជុំវិញខ្លួន​។ យុវជនរូបនោះក៏មានគម្រោង​ទិញជាកាដូជូនទៅឳពុកម្តាយនិងសង្សារបស់ខ្លួនផងដែរ។ យុវជន កុសលរតនា ​បន្ថែមថាខ្លួនក៏មានគម្រោងចង់បបួលសង្សាដើរលេងដែរ ប៉ុន្តែមិន​មែន​ជាលក្ខណៈគូស្នេហ៍តែពីរនាក់ស្ងាត់ៗនោះទេ។

យុវជនរូបនោះបន្ថែមថា៖ ចង់និយាយថាថ្ងៃទី១៤កុម្ភៈហ្នឹងកុំយកពេលនាំសង្សាទៅណាទៅណីកុំនាំខូចនាំអីតែពីរនាក់ចឹង​ទៅព្រោះអីឮភាគច្រើនគឺថ្ងៃទី១៤កុម្ភៈហ្នឹងនាំគ្នាទៅណាទៅណីរួមភេទរួមអីចឹងអត់ល្អទេ”។

ដៃកាន់កាបូបរៀនឈរក្នុងបរិវេណវិទ្យាល័យសន្ធរមុកដដែលយុវសិស្សម្នាក់ទៀតឈ្មោះ ម៉េង ច័ន្ទគ្រឹស្នា បានលើកឡើងថាខ្លួន​មិនមានសង្សាហើយក៏មិនមានគម្រោងទៅណាដែរសម្រាប់ថ្ងៃ១៤កុម្ភៈខាងមុខ។ ប៉ុន្តែយុវជនរូបនោះបន្ថែមថាខ្លួនមានគម្រោង​ទិញជាកាដូជូនឳពុកម្ដាយដើម្បីបង្ហាញ​ពីសេចក្ដីស្រលាញ់ចំពោះពួកគាត់។

ដៃកំពុងកាន់សៀវភៅអង្គុយអាននៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញកញ្ញា ម៉ុច សុខឡា បានលើកឡើងថាថ្ងៃ១៤ កុម្ភៈនេះគ្រាន់តែតែជាថ្ងៃធម្មតាសម្រាប់នាង​តែប៉ុណ្ណោះ។ កញ្ញា​លើក​ឡើងបន្ថែម​ថាបើចង់បង្ហាញនូវសេចក្ដីស្រលាញ់ទៅកាន់​មិត្តភក្ដិ បងប្អូន ឬឳពុកម្ដាយថ្ងៃណាក៏​យើង​អាចបង្ហាញបានដែរព្រោះក្ដីស្រលាញ់មានជារៀងរាល់ថ្ងៃ។

កញ្ញាបន្ថែមថា៖ ការនាំគ្នាដើរលេងអញ្ចឹងខ្ញុំគិតថាអត់ត្រូវទេខ្ញុំគិតថាបើយើងស្រលាញ់គ្នាចឹងធ្វើតាមប្រពៃណីទៅ ហើយថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះគេមិនមែនបញ្ជាក់ចំពោះតែសង្សាទេគឺក្ដីស្រលាញ់ចំពោះមនុស្សគ្រប់រូមទូទៅ មិត្តភក្តិ បងប្អូនមិនមែនសំដៅតែសង្សាមួយមុខទេ។ ថ្ងៃនោះយើងអាចនាំគ្រួសារដើរលេង នាំសង្សាដើរលេងក៏បានដែរ ប៉ុន្តែមិនដល់ថ្នាក់អីជូនកាដូគ្នាហើយដូរគ្នានូវការឡើងផ្ទះសំណាក់វាអត់សម

ទាក់ទងថ្ងៃទី១៤កុម្ភៈនេះម្ចាស់ហាងលក់វត្ថុអនុស្សាវរីយទាន់សម័យមួយកន្លែងក្បែរផ្សារអូរឬស្សីអ្នកស្រី ចាន់ សុផល លើកឡើងថាជារៀងរាល់ឆ្នាំហាងរបស់អ្នកស្រីមានការរៀបចំជា​បាច់ផ្កានិងកាដូ​សម្រាប់​លក់ថ្ងៃ១៤កុម្ភៈ។ អ្នកស្រីបន្ថែមថារាល់ឆ្នាំ​ក្មេងៗមានការជ្រួលជ្រើមតាម​គ្នាក្នុងការទិញ​វត្ថុ​អនុស្សា​វរីយជូនសង្សា ប៉ុន្តែឆ្នាំនេះការលក់ដូរមានការធ្លាក់ចុះពាក់កណ្ដាល​បើ​គិតត្រឹមការលក់ថ្ងៃបុណ្យ​ណូអែលចុងឆ្នាំ២០១៥មក​។

អ្នកស្រីបន្ថែមថា៖ រាល់ឆ្នាំ៥ទៅ៦នាក់ខ្ចប់អត់ទាន់ទេនៅឈរចាំដល់ពេលឆ្នាំនេះតែ៣នាក់ក៏យើងខ្ចប់ទាន់ដែរអត់ប្រញឹក អត់ជាន់គ្នា។ រាល់ឆ្នាំមនុស្សគរជើងគ្នាឈរចាំអាចប្រហែលជាឆ្នាំនេះស្ងាត់ជាងឆ្នាំមុន

ទោះបីជាយុវវ័យមានការយល់ដឹងច្រើនជាងមុនទាក់ទងនឹងថ្ងៃបុណ្យនៃក្ដីស្រលាញ់ ប៉ុន្តែឳពុក​ម្ដាយមួយចំនួននៅតែមានការព្រួយបារម្ភពីការភ្លើតភ្លើនរបស់កូនក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះ។

អង្គុយចាំដឹកម៉ូយនៅខាងមុខផ្សារបឹងកេងកងអ្នករត់ម៉ូតូកង់បីម្នាក់លោក សែម ធី មាន​ប្រសាសន៍ក្មេងសម័យឥឡូវមានការយល់ដឹងច្រើនរឿងស្នេហាដែលជាការគួរឲ្យព្រួយបារម្ភ។ លោកបន្ថែមថាចំពោះថ្ងៃនៃក្ដីស្រលាញ់នេះអាចជាការបើកឱកាសឲ្យយុវជនប្រព្រឹត្តខុសប្រពៃណីនិង​ច្បាប់ទំលាប់។

លោកបន្ថែមថា៖ ជំហានទីមួយអាចស្រលាញ់គ្នាទាក់ទងពីតូចទៅធំ ប៉ុន្តែដល់ចុងបញ្ចប់អាចឈានដល់ដំណាក់កាលមួយ ជូនកាលដល់ពេលចុងបញ្ចប់ស្រលាញ់គ្នាពិតប្រាកដយ៉ាងណានោះមិនអាចទុកចិត្តទេ។ ភាពទាក់ទងគ្នាពីតិចទៅច្រើនដល់ពេលពិតប្រាកដទៅជូនកាលអាចមានក្ដីស្រលាញ់មួយខុសនឹងច្បាប់

អ្នកស្រាវជ្រាវពីបញ្ហាសង្គមលោក តុង សុប្រាជ្ញ មានប្រសាសន៍ថាមុនពេលថ្ងៃនៃក្ដីស្រលាញ់មក​ដល់​យុវជនមិនទាន់បង្ហាញសកម្មភាពខាងក្រៅគួរឲ្យកត់សំគាល់នៅឡើយទេ។ ប៉ុន្តែលោកបន្ថែមថា​បើតាមការ​ស្រាវជ្រាវអត្រានៃការរួមភេទនៅថ្ងៃនៃក្ដីស្រលាញ់នេះមានការធ្លាក់ចុះតិចតួចបំផុត។

លោកបន្ថែមថា៖ ឱកាសនៃការរួមភេទនៅថ្ងៃទី១៤កុម្ភៈមិនទាន់ធ្លាក់ចុះជាការកត់សំគាល់ទេគឺពី១២មក១១ភាគរយក្នុងចំនោម​យុវជន៧១៥នាក់ដែលខ្ញុំធ្វើបទសំភាសន៍ក្នុងឆ្នាំ២០១៤កន្លងមក អញ្ចឹងចំណុចកន្លែងហ្នឹងនៅតែជាចំណុចសំខាន់ដែលគួរឲ្យកត់សំគាល់ដែលយើងគិតថានៅតែជាបញ្ហារបស់យុវជន

លោក តុង សុប្រាជ្ញ បន្ថែមថាការរួមភេទរបស់យុវវ័យនៅ​ថ្ងៃទី១៤កុម្ភៈ​នេះអាចធ្វើការឲ្យមានការ​ប៉ះពាល់ដល់អនាគតនិង​ការសិក្សាដោយសារ​ការមានផ្ទៃពោះ​ទាំង​ខ្លួននៅក្មេងនិងការឆ្លងជំងឺអេដស៍និងកាមរោគជាដើម។

លោកបន្ថែមថាដើម្បីទប់ស្កាត់នូវបញ្ហាទាំងនោះជារៀងរាល់ឆ្នាំក្រសួងអប់រំ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ច្រើនតាមរយៈគ្រូបង្រៀនក៏ដូចជាកម្មវិធីសិក្សានៃបំណិនជីវិតជាដើម។ ចំណែកឱពុកម្ដាយ​ក៏មាន​ការ​យល់ដឹង​ក្នុងការទប់ស្កាត់ដោយមិនឲ្យកូនទៅរៀនចំថ្ងៃហ្នឹងឬក៏នាំកូនៗដើរលេង​ជាដើម៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered