ពុទ្ធបរិស័ទក្នុងខេត្តកំពង់ស្ពឺជំទាស់នឹងការតែងតាំងចៅអធិការវត្ត​

ពុទ្ធបរិស័ទរាប់រយនាក់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជំទាស់នឹងការតែងតាំងចៅអធិការវត្តស្លាបលែង ដែលរៀបចំដោយមន្ត្រីធម្មការស្រុក ដោយពុទ្ធបរិស័ទអះអាងថា មិនទាន់ស្គាល់ច្បាស់ពីប្រវត្តិរបស់ព្រះតេជគុណអង្គនោះ។

តំណាងពុទ្ធបរិស័ទរស់នៅភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ លោក កែ សឿន ប្រាប់VODនៅថ្ងៃអង្គារនេះថា ពុទ្ធបរិស័ទបានប្រមូលស្នាមមេដៃជិត៣០០នាក់ក្នុងភូមិចំនួន១៤ ដើម្បីដាក់ទៅការិយាល័យធម្មការស្រុក ជំទាស់នឹងការតែងតំាងចៅអធិការថ្មី នៅវត្តស្លាបលែង ដោយអះអាងថា ពុទ្ធបរិស័ទមិនទាន់ស្គាល់ប្រវត្តិចៅអធិការវត្តដែលត្រូវតែងតំាងថ្មីនោះច្បាស់លាស់។ លោកមានប្រសាសន៍ថា៖ “មិនទាន់ខុសអីទេ ក៏ប៉ុន្តែវាថ្មី ថ្មីហើយអត់ដែលស្គាល់គ្នា តែគាត់ចំាតាមដានមើលសិន តែកាលណាគាត់ពេញចិត្តគាត់ ឯកភាពហើយ”

លោក កែ សឿន បន្ថែមថា ពុទ្ធបរិស័ទមិនមែនមិនពេញចិត្តចៅអធិការវត្តថ្មីព្រះតេជគុណ គីម ចាន់នី នោះទេ ប៉ុន្តែលោកថា ពុទ្ធបរិស័ទចង់ឲ្យការិយាល័យធម្មការស្រុកទុកពេលឲ្យព្រះសង្ឃអង្គនោះឲ្យគង់នៅវត្តស្លាបលែងមួយរយៈសិន ដើម្បីឲ្យពុទ្ធបរិស័ទតាមដានពីសកម្មភាពថា បំរើសាសនាដោយស្មោះត្រង់ ឬយ៉ាងណា។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុន្នី មានប្រសាសន៍ថា ក្រសួងមិនទាន់ដឹងពីបញ្ហាច្បាស់នៅឡើយទេ។ ប៉ុន្តែលោកថា ព្រះសង្ឃព្រះនាម គីម ចាន់នី នោះមិនទាន់មានលិខិតតែងតាំងជាផ្លូវការនៅឡើយទេ។

លោកមានប្រសាសន៍ថា៖ “ការតែងតំាងមិនទាន់មានសំណើមកដល់ក្រសួងទេ បើអ៊ីចឹងកាលណាសមត្ថកិច្ចស្រុកគាត់រៀបរយចង់និយាងអ៊ីចឹង អ៊ីចឹងរៀបរយនៅក្នុងដែនកំណត់ថាបើមិនទាន់មានព្រះសង្ឃគ្រប់គ្រងទេ គាត់ត្រូវរៀបរយរកព្រះសង្ឃដែលមានចំណេះដឹង មានគុណធម៌យកមកគ្រប់គ្រងបណ្តោះអាសន្នអ៊ីចឹងទៅបាទ”

បើតាមក្រុមពុទ្ធបរិស័ទ ករណីតែងតំាងចៅអធិការថ្មីនៅវត្តស្លាបលែងនោះ ដោយសារចៅអធិការវត្តបច្ចុប្បន្ននេះ ព្រះតេជគុណ អ៊ឹម សុផានីម បានប្រព្រឹត្តខុសនឹងវិន័យសាសនា និងការចាត់ចែងថវិការបស់វត្តមិនមានតម្លាភាព។ ដោយមើលឃើញភាពមិនប្រក្រតីនេះ មន្ត្រីការិយាល័យធម្មការស្រុក បានសម្រេចតែងតំាងចៅអធិការថ្មីមកពីស្រុកភ្នំស្រួចជំនួសចៅអធិការបច្ចុប្បន្ន តែពុទ្ធបរិស័ទអះអាងថា ការតែងតំាងនេះ មន្រ្តីធម្មការមិនបានសួយោបល់ជាមួយពួកគេជាមុននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered