ក្រុមស្រាវជ្រាវកិច្ចការព្រំដែនកម្ពុជា-វៀតណាមនៅរាជបណ្ឌិត្យសភាកម្ពុជាអះអាងថាក្រុមស្រាវជ្រាវបានចំណាយថវិកាប្រមាណ២ម៉ឺនដុល្លារក្នុងការចុះស្រាវជ្រាវរយៈពេលជាង៧ខែលើបញ្ហាបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម។
ក្នុងកម្មវិធីតុមូលរបស់វីអូឌីដែលផ្សាយផ្ទាល់កាលពីថ្ងៃចន្ទប្រធានក្រុមស្រាវជ្រាវលោក សុខ ទូច បានបញ្ជាក់ថានៅរាជបណ្ឌិតសភាបានត្រៀមថវិកាបម្រុងទុក៨០លានរៀល(២ម៉ឺនដុល្លារ)សម្រាប់ការស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ លោកថាកញ្ចប់ថវិកានេះរដ្ឋាភិបាលយកលុយរដ្ឋផ្តល់ឲ្យហើយរដ្ឋសភាជាអ្នកអនុម័ត។
លោក សុខ ទូច ធ្លាប់ឲ្យដឹងថាក្រុមការងារលោកបានចុះស្រាវជ្រាវចំនួនជាង៧ខែចម្ងាយ៥០០គីឡូម៉ែត្រក្នុងខេត្តចំនួន៤រួមមានខេត្តកំពត ត្បូងឃ្មុំ កណ្តាល និងខេត្តស្វាយរៀងបានរកឃើញបង្គោលព្រំដែនរវាងកម្ពុជាវៀតណាមដែលបោះហើយនោះរួមមានបង្គោលរៀង បង្គោលរណប បង្គោល៨៥ និងបង្គោលបារំាង។ លោកថាបង្គោលព្រំដែនកម្ពុជា-វៀតណាមដែលបោះរួចទំាងនោះបានបោះចូលដីគ្នាទៅវិញទៅមកដោយលោកអះអាងថាករណីនេះមិនមែនជាកំហុសថ្នាក់ដឹកនាំនៃប្រទេសទំាងពីរនោះទេ។
លោក សុខ ទូច ឲ្យដឹងទៀតថាការស្រាវជ្រាវបង្គោលព្រំដែននេះនឹងបញ្ចប់នៅឆ្នាំ២០១៧។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង មានប្រសាសន៍ថាការស្រាវជ្រាវរបស់រាជបណ្ឌិតសភាកម្ពុជាមិនពាក់ព័ន្ធនឹងគណៈកម្មាធិការព្រំដែនលោកទេ។ នៅពេលសួរថាបើថ្ងៃណាមួយក្រុមស្រាវជ្រាវនេះដាក់របាយការណ៍រឿងព្រំដែនជូនរដ្ឋាភិបាលតើអាចធ្វើឲ្យអ្នកនយោបាយឈប់និយាយរិះគន់រដ្ឋាភិបាលរឿងព្រំដែនដែរឬទេ? លោក វ៉ា គឹមហុង ឆ្លើយថា លោកមិនដឹងទេ ប៉ុន្តែលោកថារាល់ការបោះបង្គោលព្រំដែនរដ្ឋាភិបាលធ្វើដើម្បីបង្ហាញសាធារណៈជនប៉ុណ្ណោះ។ លោកបន្តថា៖”គេធ្វើអី[ធ្វើទៅ]រាជបណ្ឌិតសភាតែខាងព្រំដែន[ដាច់ដោយឡែក] រួចមួយទៀតវាអត់មានអីធ្វើនេះធ្វើនោះត្បិតលើគណបក្សប្រឆំាងគណបក្សអីទេរួចយើងធ្វើគោលការណ៍របស់រដ្ឋាភិបាលគឺបំភ្លឺធ្វើកិច្ចការនូវរដ្ឋាភិបាលទៅតាមតម្លាភាពដែលរដ្ឋាភិបាលគណៈកម្មាធិការព្រំដែននៃរដ្ឋាភិបាលលោកគិតថាវាជាការបំភ្លឺដល់មតិមហាជនដែលគេចង់ដឹងចង់ឮមិនអញ្ចឹងគឺអត់មានអីទៅលាក់លៀមទេ”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក ញ៉ែម បុញ្ញាឬទ្ធិ មានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិនៅតែតាមដានក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនេះ។ ប៉ុន្តែលោកថាបើក្រុមស្រាវជ្រាវព្រំដែនបង្ហាញរបាយការណ៍មិនមានតម្លាភាពទេនោះគណបក្សសង្គ្រោះជាតិនៅតែលើកពីបញ្ហាព្រំដែនទៅឃោសនាឲ្យសាធារណៈជនដឹងដោយលោកថានេះជារឿងរបស់ជាតិ។ លោកបន្ថែមទៀតថា៖”បញ្ហាសំខាន់ថាតើសមាសភាពគណៈកម្មការនោះកើតចេញពីណាបន្ទាប់មកទៀតរបាយការណ៍ឈរលើមូលដ្ឋានអ្វីខ្លះហើយតើប្រជាពលរដ្ឋមានជំនឿជឿជាក់ទៅលើរបាយការណ៍នោះឬអត់។ ចំពោះគណបក្សសង្គ្រោះជាតិនៅតែលើកពីរឿងបញ្ហាដែលមានពាក់ព័ន្ធនិងបញ្ហាជាតិ។ ដូច្នេះការលើកបន្តទៅទៀតយើងនឹងស្វែងរកដំណោះស្រាយរួមធ្វើម៉េចឲ្យមានការទទួល[ស្គាល់]យល់ស្របទំាងអស់គ្នាក្នុងនាមជាម្ចាស់ប្រទេសម្ចាស់អំណាចនៃជាតិខ្មែរទំាងមូល”។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី ដែលធ្លាប់ចុះមើលព្រំដែនកន្លងមកយល់ថាការស្រាវជ្រាវរាជបណ្ឌិតសភាក្រោមអំណាចរដ្ឋាភិបាលមិនអាចយកជាផ្លូវការនោះទេដោយលោកថាការស្រាវជ្រាវនោះមិនមានតម្លាភាពព្រោះមិនមានភាគីពាក់ព័ន្ធចូលរួម។ លោកបន្តថា៖ ”និក្ខេបបុគ្គលម្នាក់មិនមែនជាលក្ខណៈជាតិទំាងមូលទេ។ ដូចខ្ញុំបានលើកឡើងវាត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រើពេលហើយប្រើក្រុមជំនាញឯកទេសហើយក៏មានក្រុមត្រួតពិនិត្យតាមដាន ហើយមានការចូលរួមពេញលេញទៀតហើយវិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវត្រូវដាក់តំាងបង្ហាញពិគ្រោះយោបល់ទូលំទូលាយមានអ្នកឯកទេសជួយពិគ្រោះយោបល់ទំាងជាតិលក្ខណៈជាតិនិងអន្តរជាតិទើបយើងអាចទៅរួច”។
គួរបញ្ជាក់ថាការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមបានធ្វើឡើងកាលពីឆ្នាំ២០០៦ក្នុងបណ្តោយព្រំដែនកម្ពុជានិងវៀតណាមប្រវែង១២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរបានកំណត់ថាត្រូវបោះបង្គោលព្រំដែនចំនួន៣៧៥បង្គោល។ របាយការណ៍ដែលគណៈកម្មាធិការព្រំដែនកម្ពុជាបង្ហាញនៅពាក់កណ្តាលឆ្នាំ២០១៥នេះបង្គោលព្រំដែននៃប្រទេសទាំងពីរទើបបោះបានចំនួន៨៣ភាគរយ៕