ប្រធានាធិបតីភូមាដែលនឹងចុះពីតំណែងឆាប់ៗនេះអំពាវនាវឲ្យសភាថ្មីការពាររដ្ឋធម្មនុញ្ញដោយមិនត្រូវធ្វើវិសោធនកម្មឬទុកជាមោឃៈនូវមាត្រាណាមួយឡើយ។
បណ្ដាញផ្សាយព័ត៌មានវិទ្យុអាស៊ីសេរីផ្សាយជាភាសាភូមាបានចុះផ្សាយថាការថ្លែងរបស់លោក ថេន សេន ធ្វើឡើងបន្ទាប់ពីបណ្ដាញផ្សាយព័ត៌មានក្នុងស្រុករាយការណ៍ថាសភាថ្មីដែលដឹកនាំដោយគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី កំពុងតែពិចារណាដើម្បីព្យួរមាត្រាមួយដែលហាមលោកស្រី អ៊ុង សានស៊ូជី ជាបេក្ខជនប្រធានាធិបតី។
ប្រភពដដែលនេះបានបញ្ជាក់ថាការធ្វើអត្ថាធិប្បាយរបស់លោក ថេន សេន គឺមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទូរទស្សន៍ដែលគាំទ្ររដ្ឋាភិបាលបានចាក់ផ្សាយពីជំនួបរវាងលោកស្រី អ៊ុង សានស៊ូជី និងអគ្គមេបញ្ជាការកងទ័ព មីន អ៊ុងឡាំង នឹងផ្ដើមឲ្យមានការព្យួរមាត្រា៥៩ដែលឃាឃាំងលោកស្រីមិនឲ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
ប៉ុន្ដែសារព័ត៌មានភូមាមីហ្ស៊ីម៉ាបានចុះផ្សាយថានៅថ្ងៃទី១៧មីនាសភាថ្មីដែលដឹកនាំដោយគណបក្សសម្ព័ន្ធប្រជាធិបតេយ្យនឹងប្រកាសឈ្មោះបេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតីហើយត្រូវស្នើសុំសភាអនុម័តដោយគេរំពឹងថាលោកស្រី អ៊ុង សានស៊ូជី អាចនឹងមានឈ្មោះជាតំណែងប្រធានាធិបតី៕
ប្រភព: Mizzima News