អង្គការជាង១០អំពាវនាវឲ្យសហរដ្ឋអាមេរិក និងប្រទេសក្នុងសហគមអាស៊ានដែលប្រកាន់លទ្ធិប្រជាធិបតេយ្យលើកយកបញ្ហានៅកម្ពុជាទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល ដោយអះអាងថាដើម្បីធានាឲ្យបានការបោះឆ្នោតដោយសេរី និយុត្តិធម៌ និងបង្កបរិយាកាសល្អសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅថ្ងៃទី១៥ និង១៦ ខែកុម្ភៈនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ានក្នុងនោះមានលោក ហ៊ុន សែន ផងដែរ ដោយកិច្ចប្រជុំនោះនឹងធ្វើឡើងនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញកាលថ្ងៃទី៩ ខែកុម្ភៈ ផ្ញើទៅកាន់ប្រទេសដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមរិកនោះ អង្គការចំនួន១២បានបង្ហាញកង្វល់របស់ខ្លួនពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយក្រុមអង្គការទាំងនោះបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានប្រើអំណាចដោយបំពានដើម្បីបំបាក់គណបក្សប្រឆាំង និងសកម្មជន។
ក្នុងសេចក្តីថ្លែងការណ៍រួមនោះ អង្គការទាំង១២បានលើកពីករណីតុលាការចេញដីកាឲ្យចាប់ និងឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដោយមិនបានដកអភ័យឯកសិទ្ធិ និងការដកដំណែងលោក កឹម សុខ ពីអនុប្រធានទី១នៃរដ្ឋសភា។ ក្រុមអង្គការក៏បានលើកឡើងពីករណីចាប់ខ្លួនអតីតសមាជិព្រឹទ្ធមកពីគណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ពាក់ព័ន្ធនឹងការបង្ហោះសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រហ្វេសប៊ុកទាំងនៅមានអភ័យឯកសិទ្ធិ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដដែលនេះ ក្រុមអង្គការក៏បានលើកពីករណីក្រុមបាតុករមួយចំនួនដែលក្រុមអង្គការអះអាងថាជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជាកម្លាំងសមត្ថកិច្ចផងនោះ ថាបានវាយដំអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិពីររូបឲ្យរងរបួសធ្ងន់ធ្ងរ និងមិនត្រូវបានចាប់ខ្លួនភ្លាមៗ លុះត្រាតែមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះមានភស្តុតាជាវីឌីអូ និងរូបថត។ លើសពីនេះ អង្គការទាំងនោះឲ្យដឹងទៀតថា បុគ្គលម្នាក់ជាអ្នករៀបចំបាតុកម្មប្រឆាំងលោក កឹម សុខ និងនាំឲ្យមានករណីវាយដំអ្នកតំណាងរាស្រ្តត្រូវបានដំឡើងឋានៈក្នុងជួររដ្ឋាភិបាលបន្ថែមទៀត។
តាមរយៈសេចក្តីថ្លែងការណ៍រួមនោះ ក្រុមអង្គការបានចាត់ទុកថា អ្វីដែលបានកើតឡើងចំពោះគណបក្សប្រឆាំង និងសកម្មជននេះ អាចនឹងមានផលប៉ះពាល់អាក្រក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងដំណើរការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ខាងមុខ។ អង្គការទាំងនេះជំរុញឲ្យសហរដ្ឋអាមរិក និងប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យក្នុងសមាគមអាស៊ានលើកបញ្ហាទាំងនោះទៅជជែកជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមនឹងនេះ ក្រុមអង្គការនេះក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការប្រើឥទ្ធិពលនយោបាយលើប្រព័ន្ធយុត្តិធម៌ និងរកដំណោះស្រាយដោយសន្តិវិធីចំពោះករណីមេបក្សប្រឆាំងលោក សម រង្ស៊ី។
អង្គការសង្គមស៊ីវិលដែលបានចេញសេចក្ដីថ្លែងការណ៍រួមនោះមានដូចជាសមាគមការពាសិទ្ធិមនុស្សអាដហុក អង្គការខុមហ្វ្រែល និងមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យ៉ង់ គឹមអេង មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍រួមនេះ ជាគោលជំហររួមរបស់អង្គការទាំង១២ចំពោះស្ថានភាពនយោបាយនៅកម្ពុជា។ លោកសង្ឈឹមថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនឹងលើកយកសំណើរបស់សង្គមស៊ីវិលកម្ពុជាទៅពិភាក្សា ដោយលោកថា ក្នុងន័យលើកកម្ពស់សន្តិភាពក្នុងប្រទេសកម្ពុជាក៏ដូចជាតំបន់។
លោកបន្ថែមថា៖ “ហើយបើម្យ៉ាងវិញទៀតក្នុងកិច្ចប្រជុំកំពូលអាស៊ានជាមួយអាមេរិកហ្នឹង…មិនបានពិចារណាទៅលើអ្វីដែលជាសំណើយោបល់របស់សង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋដែរ កិច្ចប្រជុំកំពូលអាស៊ានហ្នឹងហាក់មិនបានផ្តោតការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋតំបន់អាស៊ានហ្នឹងទេបាទ”។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថា សំណើរបស់សង្គមស៊ីវិលនេះផ្ទុយពីភាពជាក់ស្តែងនៅកម្ពុជា។ លោកលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនបានប្រើអំណាចលើប្រព័ន្ធតុលាការដើម្បីប្រឆាំងនឹងគណបក្សប្រឆាំង ឬសកម្មជនរបស់បក្សប្រឆាំងនោះទេ ផ្ទុយទៅវិញលោកថា បរិយាកាសនយោបាយនៅកម្ពុជាគឺមានលក្ខណៈល្អពេញលេញ ដែលលោកថា សូម្បីតែប្រមុខការទូតអាមេរិក លោក ចន ឃើរី ក៏បានសរសេរពីស្ថានភាពល្អផ្នែកនៅយោបាយនៅកម្ពុជាដែរ។
លោកបន្ថែមថា៖ “ខ្ញុំក៏សូមបដិសេធទាំងស្រុងគណបក្សប្រឆាំងមិនត្រូវបានទទួលបានការគំរាមកំហែង ឬប្រើឧបាយកលណាមួយដើម្បីប្រើច្បាប់ ប្រើប្រព័ន្ធតុលាការដើម្បីគាបសង្កត់គាត់ទេ។ រាល់បញ្ហាដែលកើតឡើងកន្លងមកជាផលវិបាកនៃទង្វើជាក់ស្តែងផ្ទាល់របស់ខ្លួនគាត់ គ្មានអ្នកណាធ្វើទុក្ខបុកម្នេញខ្លួនគាត់នោះទេ គឺតែខ្លួនគាត់ធ្វើទុក្ខបុកម្នេញដោយខ្លួនឯង”។
គួរបញ្ជាក់ថា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី (John Kerry) បានថ្លែងថា លោកបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អទៅពិភាក្សាជាមួយរដ្ឋាភិបាល ហើយលោកក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាឲ្យមានសេរីភាពនយោបាយកាន់តែប្រសើរ៕
សូមសរសេរមកកាន់ លោក ទូច សុខា តារយៈ [email protected]