សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានដាក់លិខិតស្នើឲ្យក្រសួងការងារនិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជួយអន្តរាគមន៍ឲ្យមានការដោះលែងនិងដកពាក្យបណ្តឹងប្រឆាំងសមាជិកសហជីព២នាក់ដែលត្រូវបានចាប់ខ្លួនកាលពីដើមខែកុម្ភៈ។
ក្នុងលិខិតមួយចុះថ្ងៃទី០៩ ខែកុម្ភៈ សហជីពបានស្នើឲ្យក្រសួងការងារជួយសម្រួលឲ្យតុលាការដោះលែងកញ្ញា យ៉ុង លាភ ជាសមាជិកសហជីពសេរីកម្មករ និងលោក ទូច ស្រ៊ុន ដែលជាប្រធានសហជីពនេះប្រចាំរោងចក្រសេរី (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី ដោយអះអាងថាដើម្បីបានបំរើការងារសង្គមនិងសម្រួលដល់បន្ទុកគ្រួសារ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោក ជា មុនី បានលើកឡើងថាការចាប់ខ្លួនមន្រ្តីរបស់លោក២នាក់នោះគឺធ្វើឡើងដោយខុសច្បាប់។ លោកបន្ថែមថា៖ “យើងមើលថាការធ្វើកូដកម្មបាតុកម្មហ្នឹងវាតាមនីតិវិធីឬក៏ខុសពីនីតិវិធី បើធ្វើតាមនីតិវិធីត្រូវតែដោះលែងគេមិនមែនដើរតែចាប់គេស្រេចតែចិត្ត។ អ្នកចាប់ហ្នឹងឃើញថាស្លៀកពាក់ស៊ីវិលហើយមកចាប់ដោយគ្មានដីកាហើយការចាប់ហ្នឹងមិនមែនជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងទៀត។ អញ្ចឹងបានយើងឲ្យគណៈកម្មការហ្នឹងធ្វើការពិនិត្យឡើងវិញនិងធ្វើការស្រាវជ្រាវហើយគណៈកម្មការអាចធ្វើកិច្ចការហ្នឹងជាមួយតុលាការបាននៅពេលដែលការចាប់ខ្លួនការធ្វើអ្វីមួយដែលមិនប្រក្រតីខុសពីច្បាប់ការងារ”។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មានប្រសាសន៍ថាក្រសួងការងារមិនមានសមត្ថកិច្ចក្នុងការពិនិត្យមើលលើការអនុវត្តនីតិវីធីរបស់តុលាការនោះទេ។ លោកបន្ថែមថា៖ “នីតិវិធីនៃការចាប់ខ្លួនគឺធ្វើទៅតាមនីតិវិធីនៃតុលាការខេត្តកំពង់ស្ពឺ ដូច្នេះគែគួរតែទុកលទ្ធភាពឲ្យតុលាការអនុវត្តឲ្យបានពេញលេញនូវនីតិវិធីនោះ។ ខ្ញុំជឿថាព្រះរាជអាជ្ញានិងអាជ្ញាធរមានសមត្ថកិច្ចធ្វើការចោទប្រកាន់ដោយផ្អែកលើភស្ដុតាងហើយអ្វីដែលសហជីពគិតថាមិនត្រឹមត្រូវគឺត្រូវខិតខំស្វែងរកមេធាវីដើម្បីការពារកូនក្ដីរបស់ខ្លួន”។
លិខិតមួយទៀតលោក ជា មុនី ក៏ស្នើឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជំរុញឲ្យភាគីថៅកែរោងចក្រនោះ ដកបណ្ដឹងប្រឆាំងសមាជិកសហជីព២នាក់នោះវិញដើម្បីឲ្យតុលាការដោះលែងពួកគេឲ្យមានសេរីភាពវិញ។
ករណីនេះអគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក កាំង មូនីកា អះអាងថា GMAC មិនអាចជំរុញឲ្យភាគីរោងចក្រដកពាក្យបណ្ដឹងនោះបានទេ។ លោកបន្ថែមថា៖ “ខាងសមាគមអត់មានពាក់ព័ន្ធទេព្រោះដើមបណ្ដឹងជាភាគីរោងចក្រហើយអាហ្នឹងជាសិទ្ធិបុគ្គលរបស់រោងចក្រសមាគមអត់អាចមានសិទ្ធិអ្វីទៅជ្រៀតជ្រែកលើសិទ្ធិបុគ្គលបានទេនេះជាសិទ្ធិរបស់រោងចក្រ”។
គួរបញ្ជាក់ថាកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦សមាជិកសហជីពសេរីកម្មករកញ្ញា យ៉ុង លាភ និងលោក ទូច ស្រ៊ុន ដែលជាប្រធានសហជីពនេះប្រចាំរោងចក្រសេរី (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី បានចូលរួមតវ៉ាជាមួយក្រុមកម្មករមួយចំនួនទាមទារឲ្យនិយោជកទទួលយកសហជីព៣នាក់ចូលធ្វើការវិញ។ បន្ទាប់មកគឺនៅថ្ងៃទី២កុម្ភៈសមាជិកសហជីពទាំងពីរនាក់នោះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្បែរបរិវេណរោងចក្រក្នុងភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនបណ្តោះអាសន្នដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស និងហិង្សាដោយចេតនាមានស្ថានទំងន់ទោស៕