អគ្គិសនីកម្ពុជា (EDC) ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល តាមពេលវេលាផ្សេងគ្នារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកទៅ ដោយអះអាងថាដើម្បីអនុវត្ដការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខា និងរុះរើគន្លងខ្សែបណ្ដាញសម្រាប់ការដ្ឋានពង្រីកផ្លូវ។
សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាចុះថ្ងៃទី១០ខែ កុម្ភៈនេះ ឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ស្អែក ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខP226 P595 និងP1280 នៅសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ និងតំបន់ភ្លើងមួយចំនួនស្ថិតនៅភូមិទួលពង្រ និងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សេចក្ដីជូនដំណឹងបន្ដថា នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខP226 P595 និងP1280 នៅសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ តំបន់ភ្លើងលេខP1334 និងP1343 នៅភូមិសំបួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងតំបន់ភ្លើងមួយចំនួនក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភូមិទំនប់ ភូមិពោងពាយ ភូមិបាយ៉ាប និងភូមិភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នៅថ្ងៃសៅរ៍ទី១៣ ខែកុម្ភៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីតំបន់ភ្លើងមួយចំនួននៅភូមិព្រៃល្ង ភូមិស្រែជំរៅ ភូមិព្រៃស្ពឺ ភូមិតំណាក់ត្រយឹង ភូមិព្រៃកំបុត និងភូមិព្រៃសណ្ដែក ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តំបន់ភ្លើងមួយចំនួនស្ថិតនៅភូមិកោះក្របី និងភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងតំបន់ភ្លើងមួយចំនួននៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីភូមិផ្សារលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល។
សេចក្ដីជូនដំណឹងឲ្យដឹងទៀតថា នៅថ្ងៃអាទិត្យ ទី១៤ខែកុម្ភៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច EDCនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីតំបន់ភ្លើងមួយចំនួននៅភូមិឃ្មួញ ភូមិអន្លង់ក្ងាន និងភូមិសំរោង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកោះក្របី និងភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីភូមិផ្សារលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល៕