កូរ៉េខាងត្បូងបាននិយាយថាខ្លួនបានសម្រេចព្យួរប្រតិបត្តិការសង្វាក់ផលិតកម្មនៅក្នុងតំបន់ឧស្សាហកម្មរួមគ្នាជាមួយកូរ៉េខាងជើងដែលជាផ្នែកមួយដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសកុម្មុយនីសមួយនេះករណីដែលបានបាញ់បង្ហោះរ៉ុក្កែតនិងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។
បណ្ដាញផ្សាយព័ត៌មាន Channel News Asian បានរាយការណ៍ថានេះជាការចាត់វិធានការថ្មីមួយទៀតរបស់ទីក្រុងសេអ៊ូលដែលសម្រេចព្យួរសង្វាក់ផលិតកម្មនៅតំបន់ Kaesong ក្នុងទឹកដីកូរ៉េខាងជើងដែលតំបន់នោះត្រូវបានចាត់ទុកថាជានិមិត្តរូបនៃការបង្រួបបង្រួមនិងការផ្សះផ្សាព្រំដែននៃប្រទេសទាំងពីរ។
រដ្ឋមន្ដ្រីបង្រួបបង្រួមនៃប្រទេសកូរ៉េខាងត្បូង Hong Yong Pyo បាននិយាយថា៖ «យើងបានសម្រេចបញ្ឈប់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនរោងចក្រតំបន់ឧស្សាហកម្មនោះគឺម្យ៉ាងគត់ដោយសារតែកូរ៉េខាងជើងនៅតែបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនិងដាក់ពង្រាយកាំជ្រួចដែលយើងមិនអាចទទួលយកបានឡើយ»។
នៅតំបន់ឧស្សាហកម្ម Kaesong ដែលស្ថិតនៅប្រទេសកូរ៉េខាងជើងមានរោងចក្រកូរ៉េខាងត្បូងនៅទីនោះមាន១២៤រោងចក្រនិងផ្ដល់ការងារឲ្យប្រជាជនកូរ៉េខាងជើងបាន៥៣០០០នាក់។
លោករដ្ឋមន្ដ្រីបង្រួបបង្រួមកូរ៉េខាងត្បូងនិយាយថាប្រាក់ចំណេញដែលបានពីតំបន់នោះគឺកូរ៉េខាងជើងបានយកទៅប្រើប្រាស់ដើម្បីពង្រីកនិងពង្រឹងសក្ដានុពលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនតែប៉ុណ្ណោះ។
លោកបន្ដថាក្រុងសេអ៊ូលទទួចឲ្យប្រជាជនកូរ៉េខាងជើងនិងក្រុមហ៊ុនពាក់ព័ន្ធយោគយល់សេចក្ដីសម្រេចនេះដែលចាំបាច់ត្រូវតែអនុវត្តគឺប្រយោជន៍បញ្ឈប់សកម្មភាពប្រទូសរ៉ាយរបស់កូរ៉េខាងជើង៕
ប្រភព: CNA