បក្សប្រឆាំងស្នើរដ្ឋាភិបាល​បញ្ជូន​​​សន្ធិ​សញ្ញា​​​ពា​​​ណិ​ជ្ជ​កម្ម​​​អា​វុធឲ្យ​សភាផ្តល់សច្ចាប័ន ក្រោយកម្ពុជា​​ទទួលស្គាល់ជាង​២ឆ្នាំ​

ក្រសួងការពារជាតិ

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានដាក់លិខិត​មួយច្បាប់​ទៅ​រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយ​ស្នើ​ឲ្យពន្លឿនបញ្ជូន​សន្ធិ​សញ្ញា​​​ពា​​​ណិ​ជ្ជ​កម្ម​​​អា​វុធ​​​(Arms Trade Treaty)ដែល​កម្ពុជា​គាំទ្រ​នៅអង្គការ​សហប្រជា​​ជា​តិកាលពីឆ្នាំ២០១៣​​ ឲ្យ​រដ្ឋសភាផ្តល់សច្ចាប័នដើម្បីអាចប្រើប្រាស់បាន។​

នៅក្នុងលិខិតមួយចុះថ្ងៃទី២៩ ខែមករាហើយ​​ដាក់ទៅ​រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ តំណាង​រាស្រ្ត លោក សុន ឆ័យ បានលើក​ឡើង​ថាសន្ធិសញ្ញានេះ​ត្រូវបានរដ្ឋាភិបាលចុះហត្ថលេខាគាំទ្រ​កាល​ពី​ថ្ងៃទី​​១៨ ខែតុលា ឆ្នាំ​២០១៣។ លោក​បន្តថាលោក​បា​នដាក់សំណើ​នេះទៅក្រសួងការបរទេសកម្ពុជា តែ​​ត្រូវបានណែនាំ​ឲ្យ​ដាក់ទៅក្រ​សួងការពារជាតិវិញដែលទទួលខុសត្រូវលើ​សន្ធិសញ្ញានេះ។​

លោក សុន ឆ័យ បានបញ្ជាក់​ថា៖ “សូមឯក​ឧត្តម​មេត្តាពិនិត្យ​លទ្ធភាព​ក្នុងការធ្វើសំណើមករដ្ឋសភាឲ្យ​ធ្វើការ​ពិនិត្យ​និង​ផ្តល់សច្ចាប័ន​លើកិច្ចព្រមព្រៀងArms Trade Treaty(ATT)នៅពេលឆាប់ដែលអាចធ្វើទៅបាន”

វីអូឌីមិនទាន់​អាច​សុំការការបកស្រាយបន្ថែម​ពី​លោក សុន ឆ័យ បាននៅឡើយទេនៅថ្ងៃ​ព្រហស្បតិ៍នេះ។​

ប្រទេសកម្ពុជា​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​ដែល​ធ្វើឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ទី​១១៤ដែល​គាំទ្រ​នូវ​​​កិច្ចព្រមព្រៀងនេះ។​ សន្ធិសញ្ញានេះ​ធ្វើឡើងដើម្បី​បង្កើត​នូវបទដ្ឋាននិង​​ស្តង់ដារ​អន្តរជាតិខ្ពស់បំផុត​សម្រាប់​​​​​កា​​រធ្វើនិ​​​​យត​​កម្ម​​លើ​​​ពា​​​ណិ​ជ្ជ​កម្ម​​​អន្តរ​​ជាតិ​​​​​​​​​លើអា​​​វុធ​​​​​ព្រ​ម​​​ព្រៀ​ង​ឲ្យ​​ប្រើ​​​ប្រាស់​​​ ​​​​​ទ​ប់​ស្កាត់និង​​​កាត់ប​ន្ថយ​​​​​កា​រ​​​ធ្វើ​​​​ពា​​​ណិជ្ជ​កម្ម​​​អា​វុធ​​​​​​ព្រម​ព្រៀង​ឲ្យ​​ប្រើ​​ប្រាស់​​​ដោ​យ​​ខុស​​ច្បាប់។

អា​​​វុធ​​ដែលត្រូវបានកំណត់​ឲ្យ​ប្រើប្រាស់​ធម្មតា​មាន​ដូចជា​​​​ជា​រថ​ក្រោះ ​រថ​​​ពាស​​ដែក ​ប្រ​ព័​ន្ធ​​កាំ​​​ភ្លើង​​​ធំ​ យន្ត​ហោះ​ប្រ​យុទ្ធ​ ឧទ្ធម្ភាគ​ចក្រ​​​វា​យ​​ប្រ​ហារ ​នា​​វា​​ចម្បាំ​ង កាំ​ជ្រួច​មី​ស៊ីល​និ​ង​​​អា​​​វុធ​ធុ​ន​តូ​ច។ សន្ធិ​សញ្ញា​​នេះក៏បាន​​​ហា​ម​​ប្រាម​កា​រ​នាំចេញ ការ​នាំ​​ចូ​ល​និ​ង​ការ​​ដឹក​​​ជញ្ជូន​​​អា​វុ​ធ​​​​ព្រម​​ព្រៀង​​​ឲ្យ​ប្រើ​​​ប្រាស់​​​​​ឆ្លង​ដែន​​ក្នុង​​ករណី​​​កា​រ​​​ហា​​ម​​ប្រាម​អា​វុធ​ និង​​​នៅ​​ពេល​​ដែលមានការ​ប្រើ​ប្រាស់​​​អា​វុធ​​​ទាំងនេះ​​​ដើ​ម្បី​​ប្រព្រឹត្តអំ​ពើ​​​ប្រ​ល័យ​​​ពូ​ជ​​សាស​ន៍ ​ឧក្រិដ្ឋ​​កម្ម​​ប្រឆាំង​មនុស្ស​​​ជាតិ​និ​ង​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា​លោក​មិនទាន់ឃើញលិខិត​របស់​តំណាងរាស្រ្តនៅឡើយទេ។ លោក​បន្ត​ថា​កន្លងទៅមានការពិចារណានិងប្រជុំផ្ទៃក្នុងលើកិច្ចព្រមព្រៀងនេះដែរ​។ លោក​មិនទាន់អាច​បកស្រាយលម្អិត​ពីកិច្ចព្រមព្រៀងនេះបាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ