បទយកការណ៍៖ ហិង្សាដោយទឹកអាស៊ីតបន្តកើតមានទោះច្បាប់ដាក់ឲ្យអនុវត្តតាំងពីឆ្នាំ២០១២​

អ្នកនាង ស៊ុំ សុខនី ត្រូវបានប្រជា​ពលរដ្ឋជួយ​សង្រ្គោះ ក្រោយពីត្រូវ​ប្ដី​ជះទឹកអាស៊ី​ត ​(រូបថតពីហ្វេសប៊ុករបស់សាលាសង្កាត់​ស្ទឹង​មានជ័យ)

ខណៈពេលកំពុងដើរចេញពីកន្លែងធ្វើការនៅម៉ោងជាង៨យប់កាលពីថ្ងៃទី៨ ខែកុម្ភៈ កម្មការិនី ស៊ុំ សុខនី ត្រូវបានស្វាមីរបស់នាងជះទឹកអាស៊ីតដាក់បណ្តាលឲ្យរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកនាង ស៊ុំ សុខនី កំពុងសម្រាកលើគ្រែពេទ្យតូចមួយល្មមសម្រាប់មនុស្សម្នាក់។ ភ្នែកខាងឆ្វេងរបស់អ្នកនាងមិនអាចបើកបានទេ ដោយមានលក្ខណៈហើម និងរលាក ហើយទឹកភ្នែកហូរចេញមករឹមៗជាប់ជានិច្ច។ ថ្ពាល់ខាងឆ្វេងរបស់នាងមានសភាពខ្មៅស្រគាំ និងមានស្នាមឆូតខ្មៅមួយច្បាស់ជាងគេ ដែលបង្កដោយទឹកអាស៊ីត។ ដោយឡែកដៃខាងឆ្វេង និងដងខ្លួនមួយកំណាត់លើក៏មានរបួសដោយសារទឹកអាស៊ីតនេះដែរ។

ហើបមាត់បានតិចៗ  អ្នកនាង ស៊ុំ សុខនី រៀបរាប់ប្រាប់អ្នកសារព័ត៌មានពីហេតុការណ៍ដែលបានកើតឡើងមកលើរូបអ្នស្រីថា ប្តីអ្នកស្រីបានទៅជួបគាត់ដើម្បីសុំត្រូវគ្នាវិញ និងបានសុំអ្នកស្រីឡើងទៅបន្ទប់ជួលជាមួយអ្នកស្រីដែរ ប៉ុន្តែអ្នកស្រីបានបដិសេធ ដោយអះអាងថា ប្តីអ្នកស្រីធ្លាប់បង្ករឿងឈ្លោះប្រកែង  និងចង់សម្លាប់អ្នកស្រីម្តងរួចមកហើយ។

ជនរងគ្រោះដោយការ​វាយប្រហារ​ដោយទឹកអាស៊ីត​នាពេល​កន្លង​មក (រូបផ្ដល់​ឲ្យ​ដោយលោកស្រី Erin Bourgois)
ជនរងគ្រោះដោយការ​វាយប្រហារ​ដោយទឹកអាស៊ីត​នាពេល​កន្លង​មក (រូបផ្ដល់​ឲ្យ​ដោយលោកស្រី Erin Bourgois)

អ្នកស្រីបន្ថែមថា៖ “គេសុំត្រូវជាមួយខ្ញុំវិញ អញ្ចេះមួយអញ្ចោះពីរអ៊ីចឹងណា ហើយទៅក៏សុំឡើងទៅលើផ្ទះជួលខ្ញុំ តែខ្ញុំអត់ឲ្យឡើង ខ្ញុំខ្លាចម្ចាស់ផ្ទះហ្នឹងមានរឿងព្រោះគេ(ប្តី)ធ្លាប់ទៅរករឿងហ្នឹងម្តង ហើយម្ចាស់ផ្ទះគេស្តី គេព្រមាន…ខ្ញុំហាមមិនឲ្យគេឡើងទៅ គេខឹងខ្ញុំត្រង់ហ្នឹងគេក៏ទាញទឹកអាស៊ីតមក មិនដឹងថាគេកាន់ពីពេលណាទេបង គេទុកទឹកអាស៊ីតនៅគៀនរបង ពេលខ្ញុំឃ្លាតពីគេ២ម៉ែត្រគេក៏ជះមកណា…ខ្ញុំចង់ឲ្យគេផ្តន្ទាទោសមួយជីវិតបង”

អ្នកនាង ស៊ុំ សុខនី រំឭកពីមូលហេតុនៃជម្លោះគ្រូសារយ៉ាងដូច្នេះថា ស្វាមីអ្នកនាងតែងតែងប្រចណ្ឌ និងចោទប្រកាន់អ្នកនាងថាមានប្រុសថ្មី ទោះបីជាអ្នកនាងពន្យល់យ៉ាងណាក៏ស្វាមីមិនព្រមស្តាប់ និងមិនជឿគាត់ដែរ។ អ្នកស្រីបន្តថា៖ “គេនៅតែថានៅតែនិយាយថាខ្ញុំមានប្រុសមានសាហាយអី អ៊ីចឹងទៅណា ហើយខ្ញុំក៏តបវិញថា បើសិនជាមិនទុកចិត្តខ្ញុំក៏លែងគ្នាទៅ។ គេ(ប្តី)ក៏ខឹងហើយទាញ(កាំបិត)ប៉័ងតោរកអារកខ្ញុំ ប៉ុន្តែបានបងប្អូននិងអ្នកនៅបន្ទប់ជិតហ្នឹងជួយ ហើយខ្ញុំក៏បានបណ្តញឲ្យចេញពីបន្ទប់ ហើយគេក៏ចេញទៅ”

អ្នកនាង ស៊ុំ សុខនី ឲ្យដឹងដែរថា ប្តីអ្នកស្រីឈ្មោះ ង៉ែត ផល្លី មានអាយុ២៧ឆ្នាំ និងមានមុខរបរជាកម្មករសំណង់។ អ្នកនាងថា ពួកគាត់បានរៀបការជាមួយគ្នាអស់រយៈពេល៣ឆ្នាំមកហើយ និងមានកូនស្រីម្នាក់អាយុជាងមួយឆ្នាំកំពុងរស់នៅជាមួយឪពុកម្តាយអ្នកនាងនៅឯស្រុកកំណើតនៅក្នុងឃុំមាន ស្រុកអូរាំងឪ ក្នុងខេត្តត្បូងឃ្មុំ។

អ្នកលក់បន្លែ និងសាច់នៅក្បែរកន្លែងកើតហេតុអ្នកស្រី ស៊ុំ ស្រីម មានប្រសាសន៍ថា ជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយក្រោយពេលត្រូវទឹកអាស៊ីត ហើយអ្នកជិតខាងបាននាំគ្នាជួយ និងមានអ្នកលក់ថ្នាំពេទ្យម្នាក់បានយកថ្នាំទៅបាញ់ពីលើដងខ្លួន និងបានស្រោចទឹកជួយកម្មការិនីនោះមុននឹងបញ្ជូនទៅកាន់មន្ទីពេទ្យ។ អ្នកស្រីបន្ថែមថា៖ “គេបាញ់អាស្ព្រាយហ្នឹងមកដល់ត្រឹមនេះ [ទ្រូង] ចងពុំត្រឹមនេះ អាវហ្នឹងរលួយដាច់បោះចោលអស់ហើយ គេបាញ់ត្រឹមហ្នឹងឡើងលើ…គេបាញ់ហើយអីហើយនៅឈរញាក់ ពេលឡានពេទ្យមកគេដឹកយកទៅពេទ្យទៅ”

លោកវេជ្ជបណ្ឌិត ស៊ង សុភ័ក្រ្ក ដែលជាអ្នកព្យាបាលរបួសឲ្យអ្នកស្រី ស៊ុំ សុខនី មានប្រសាសន៍ថា អ្នកនាង ស៊ុំ សុខនី អាចចាត់ទុកថាសំណាងល្អ ដោយត្រូវបានអ្នកជិតខាងជួយលាងជម្រះទឹកអាស៊ីតចេញភ្លាមៗក្រោយការវាយប្រហារ។ លោកថា អ្នកនាងអាចបានធូរស្រាលក្នុងរយៈពេលប្រមាណមួយសប្តាហ៍ និងអះអាងថា ភ្នែកដែលកំពុងហើម និងឈឺនោះនឹងជាសះស្បើយវិញ ព្រមទាំងអាចមើលឃើញវិញជាធម្មតា។ ទោះយ៉ាងណា លោកថា អ្នកនាងអាចនឹងមានបញ្ហា និងស្លាកស្លាមខ្លះនៅលើផ្ទៃមុខ និងដងខ្លួន។

លោកបន្ថែមថា៖ “ទាក់ទងនឹងដៃជើងអត់មានបញ្ហាអីធ្ងន់ធ្ងរទេ ប៉ុន្តែទាក់ទងនឹងបញ្ហាមុខ ប្រហែលជានៅមានបញ្ហាដោយសារមុខគាត់រលាកដោយសារទឹកអាស៊ីត ហើយវាកម្រើកអត់បានទាំងអស់ទេ។ ទាក់ទងនឹងថ្ងៃក្រោយមានបញ្ហាយ៉ាងម៉េចទៀតយើងយើងត្រូវតាមដានមើលសិន ហើយនៅពេលដែលគាត់បានធូរស្បើយយើងនឹងឲ្យគាត់ធ្វើចលនាហើយសង្ឃឹមថាមុខគាត់ធ្វើចលនាបានល្អប្រសើរច្រើន”

អ្នកនាង ស៊ុំ សុខនី ត្រូវបានប្រជា​ពលរដ្ឋជួយ​សង្រ្គោះ ក្រោយពីត្រូវ​ប្ដី​ជះទឹកអាស៊ី​ត ​(រូបថតពីហ្វេសប៊ុករបស់សាលាសង្កាត់​ស្ទឹង​មានជ័យ)

យ៉ាងណាក៏ដោយ មិនមែនគ្រប់ករណីនៃជនរងគ្រោះដោយសារទឹកអាស៊ីតនេះត្រូវបានគេជួយទាន់ពេលវេលានោះទេ។ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ មានហេតុការណ៍ការជះទឹកអាស៊ីតលើនារីម្នាក់ដែលជាសន្តិសុខរោងចក្រក្នុងសង្កាត់ចោមចៅ ដោយករណីនេះត្រូវគេអះអាងថាបានកើតឡើងដោយសារស្នេហាត្រីកោណ។ នារីរងគ្រោះបានស្លាប់បាត់បង់ជីវិត ក្រោយពីសម្រាកនៅមន្ទីរពេទ្យបានមួយរយៈ ចំណែកអ្នកប្រព្រឹត្តត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធធនាគារអស់មួយជីវិត។

សម្រាប់ករណីអ្នកនាង ស៊ុំ សុខនី វិញ ជនដៃដល់ដែលត្រូវគេស្គាល់ថាជាប្ដីជនរងគ្រោះនៅពុំទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។ អ្នកនាង ស៊ុំ សុខនី ស្នើឲ្យសមត្ថកិច្ចតាមចាប់ខ្លួនស្វាមីរបស់អ្នកនាងទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនអ្នកនាង។

នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានមានប្រសាសន៍ថា សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនបុរសជាប្តីនោះ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា សមត្ថកិច្ចតែងតែតាមចាប់ជនល្មើសដែលបានប្រើហិង្សាដោយទឹកអាស៊ីននេះ ដើម្បីបញ្ជូនទៅឲ្យតុលាការវិនិច្ឆ័យ និងផ្តន្ទាទោស។ លោកបន្តថា កម្ពុជាមានច្បាប់គ្រប់គ្រងអាស៊ីតខ្លាំងនេះរួចហើយ និងសមត្ថកិច្ចក៏បានកំពុងអនុវត្តច្បាប់នេះផងដែរ។
លោកបន្ថែមថា៖ “អ្វីដែលបានប្រព្រឹត្តបទល្មើសគឺត្រូវតែទទួលកំហុសហើយ ទទួលទោស ច្បាប់អាស៊ីតមានតើ”

ទោះយ៉ាងណា ជនល្មើសទាក់ទងករណីហិង្សាដោយទឹកអាស៊ីតក្នុងករណីផ្សេងទៀត ដូចជាការជះទឹកអាស៊ីតលើអតីតតារាសំដែង តាត ម៉ារីណា ដោយករណីនេះត្រូវគេអះអាងថា ប្រព្រឹត្តដោយភរិយាមន្ត្រីជាន់ខ្ពស់មួយរូបតាំងពីឆ្នាំ១៩៩៩នោះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនដៃនៅឡើយទេ ហើយជនរងគ្រោះនៅតែបន្តទាមទាររកយុត្តិធម៌។

ទាក់ទងនឹងហិង្សាដោយទឹកអាស៊ីតនេះ អង្គការជួយជនរងគ្រោះកម្ពុជាដោយទឹកអាស៊ីត(CASC) បានកត់ត្រាចំនួនជនរងគ្រោះដោយទឹកអាស៊ីតតាំងពីឆ្នាំ១៩៦៤ រហូតមកដល់ឆ្នាំ២០១៤ ជនរងគ្រោះដោយទឹកអាស៊ីតមានចំនួន៤២០នាក់ ក្នុងនោះមាន៤៤ភាគរយជាស្រ្តី ៤០ភាគរយជាបុរស និង១៦ភាគរយជាកុមារ។ បើតាមរបាយការណ៍របស់អង្គការដដែលនេះ មូលហេតុដែលបណ្តាលឲ្យមានហិង្សាដោយទឹកអាស៊ីតនេះរួមមានករណីប្រចណ្ឌ អំពើហិង្សាគ្រួសារ គំនុំ  និងករណីប្លន់។

អ្នកស្រាវជ្រាវ និងសិក្សាពីជនរងគ្រោះដោយទឹកអាស៊ីតនៅកម្ពុជាលោកស្រី Erin Bourgois មានប្រសាសន៍ថា គិតត្រឹមខែវិច្ឆិកា ក្នុងឆ្នាំ២០១៥ ជនរងគ្រោះដោយទឹកអាស៊ីតមានចំនួន៤នាក់ ក្នុងនោះស្រីម្នាក់បានស្លាប់ក្រោយសម្រាកព្យាបាលបានពីរសប្តាហ៍។ លោកស្រីឲ្យដឹងដែរថា ភាគច្រើននៃជនរងគ្រោះនៃទឹកអាស៊ីតមិនបានដឹងពីមូលហេតុដែលនាំឲ្យខ្លួនទទួលរងការវាយប្រហារដោយទឹកអាស៊ីតនោះទេ និងមួយចំនួនទៀតកើតឡើងពីការប្រចណ្ឌ ជម្លោះមុខជំនួយ និងជម្លោះក្នុងរឿងស្នេហា ហើយអ្នកប្រព្រឹត្តភាគច្រើនត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ។

លោកស្រី Erin Bourgois ឲ្យដឹងទៀតថា ជនរងគ្រោះដោយទឹកអាស៊ីតមានផលប៉ះពាល់ទាំងផ្នែងរាងកាយ និងផ្លូវចិត្ត។ អ្នកស្រីបញ្ជាក់ថា បញ្ហារាងកាយ ជនរងគ្រោះធ្លាក់ខ្លួនជាជនពិការ អាចពិការភ្នែក ឬផ្នែកផ្សេងទៀតនៃរាងកាយ និងមិនអាចវិលទៅប្រកបរបរដែលខ្លួនធ្លាប់ធ្វើពីមុនវិញបានជាដើម។ លោកស្រីបន្តថា ជនរងគ្រោះដោយទឹកអាស៊ីតក៏មានវិបត្តិផ្លូវចិត្ត និងអាចឈានដល់មានបំណងចង់សម្លាប់ខ្លួន ដោយអ្នកខ្លះមើលឃើញថាខ្លួនគាត់ក្លាយជាមនុស្សអសមត្ថភាព និងជាបន្ទុករបស់គ្រួសារ។

លោកស្រីបន្ថែមថា៖ “ដូច្នេះវាមានសារៈសំខាន់សម្រាប់ជនរងគ្រោះ ដែលត្រូវមានការព្យាបាលរបួសផ្លូវចិត្ត ជនរងគ្រោះតែងមានអារម្មណ៍ថាអាម៉ាស់ និងទទួលបានការរើសអើសពីអ្នកនៅក្នុងសហគមន៍ ដោយសារអ្នកទាំងនោះយល់ថាជនរងគ្រោះធ្លាប់ធ្វើរឿងមិនល្អអ្វីមួយពីអតីតកាល…ដែលនេះជាផលអវិជ្ជមានដែលនាំឲ្យពួកគាត់មានភាពឯកោពីគេ”

រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់នៃការគ្រប់គ្រងទឹកអាស៊ីត កាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងត្រូវបានព្រះមហាក្សត្រឡាយព្រះហសត្ថលេខាឲ្យប្រើប្រាស់នៅខែធ្នូ ឆ្នាំ២០១១ ហើយត្រូវបានដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១២។ ទន្ទឹមនឹងនោះរដ្ឋាភិបាលក៏បានចេញអនុក្រិត្រមួយទៀតនៅមករា ឆ្នាំ២០១៣ ស្តីពីការគ្រប់គ្រងអាស៊ីតខ្លាំងនេះផងដែរ។

មាត្រា១៦នៃច្បាប់នៃការគ្រប់គ្រងទឹកអាស៊ីតនេះចែងថា ជនណាដែលបានប្រព្រឹត្តបទល្មើសអាស៊ីតបណ្តាលឲ្យជនរងគ្រោះរងផលប៉ះពាល់ដល់សុខភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ និងត្រូវ ពិន័យជាប្រាក់ពី៥លានរៀលដល់ដប់លានរៀល។ ក្នុងករណីដែលជនរងគ្រោះក្លាយទៅជាជនពិការអស់មួយជីវិតឬរហូតដល់ស្លាប់នោះ ជនល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣០ឆ្នាំដល់មួយជីវិត ដោយមិនទាន់គិតពីសំណងជាប្រាក់សម្រាប់ជនរងគ្រោះ។

លោកស្រី Erin Bourgois មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បទល្មើសវាយប្រហារដោយទឹកអាស៊ីត អាជ្ញាធរគួរ ផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងទឹកអាស៊ីតឲ្យបានទូលំទូលាយ ពិសេសអ្នកលក់ទឹកអាស៊ីតផ្ទាល់ ដោយលោកស្រីបញ្ជាក់ថា ដើម្បីឲ្យអ្នកលក់ទាំងនោះបានយល់ដឹងពីច្បាប់នេះ និងគ្រោះថ្នាក់នៃទឹកអាស៊ីត ព្រមទាំងចូលរួមទប់ស្កាត់កុំឲ្យទឹកអាស៊ីតនេះធ្លាក់ទៅក្នុងដៃអ្នកបំណងប្រើប្រាស់វាក្នុងផ្លូវខុស៕

សូមសរសេរមកកាន់ លោក ទូច សុខា តាមរយៈ [email protected]

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered