កាលពីថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦កន្លងទៅនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំមន្ត្រីរបស់លោកនៅតាមក្រសួងស្ថាប័ននានាឲ្យតាមដានហ្វេសប៊ុករបស់លោកជាប្រចាំដើម្បីបានដឹងពីទុក្ខកង្វល់ដែលពលរដ្ឋបានលើកឡើងនៅតាមបណ្តាញសង្គមនេះ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាហ្វេសប៊ុករបស់លោកទទួលបានការលើកឡើងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
មួយរយៈកាលចុងក្រោយនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើសកម្មភាពសាមញ្ញៗដូចជាជួបអ្នកធាក់ស៊ីក្លូនៅជិតផ្ទះរបស់លោកនៅក្បែរវិមានឯករាជ្យ ការដើរហាត់ប្រាណជាមួយសាធារណជនទូទៅ ការសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងការបរិភោគអាហារតាមដងផ្លូវជាដើម។
សកម្មភាពតាមហ្វេសប៊ុកនិងសកម្មភាពសាមញ្ញៗរបស់នាយករដ្ឋមន្ត្រីមួយរយៈកាលចុងក្រោយនេះទោះជាមានអ្នកវិភាគខ្លះថាលោកធ្វើឡើងដើម្បីយកចិត្តយកថ្លើមពលរដ្ឋក្រោយពេលបាត់បង់សំឡេងឆ្នោតគាំទ្រក៏ដោយក៏មានអ្នកវិភាគគាំទ្រខ្លះចាត់ទុកថានេះជាសកម្មល្អរបស់មេដឹកនាំដែលស្វែងយល់ដោយផ្ទាល់ពីទុក្ខលំបាករបស់ពលរដ្ឋដើម្បីយកទៅដោះស្រាយ។ លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់លើកឡើងដែរទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺជាទុក្ខកង្វល់របស់លោកផ្ទាល់។
កាលពីឆ្នាំ២០១៤លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានស្តីបន្ទោសឲ្យមន្ត្រីក្រោមបង្គាប់របស់លោកថាបានរារាំងពលរដ្ឋមិនឲ្យយកញត្តិឬលិខិតសំដែងពីទុក្ខកង្វល់ប្រគល់ឲ្យលោកនាំឲ្យលោកមិនបានដឹងថាពលរដ្ឋកុំពុងជួបទុក្ខលំបាកអ្វីខ្លះ។
ក្រោយការណែនាំតែមួយថ្ងៃក្រសួងស្ថាប័នរបស់រដ្ឋប្រមាណ១០ប្រកាសពីសមាសភាពក្រុមការងាររបស់ខ្លួនដែលត្រូវរៀបចំឲ្យតាមដានប្រចាំនៅលើហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រីដើម្បីបានដឹងពីទុក្ខកង្វល់របស់ពលរដ្ឋហើយចាត់វិធានការដោះ ស្រាយឲ្យបានទាន់ពេលវេលានិងតម្លាភាព។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សាមិន្ទ ចម្រើនជ័យ យល់ឃើញថាអាចជាការល្អដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ហ្វេសប៊ុករបស់លោកក្នុងការតាមដានពីទុក្ខកង្វល់ពលរដ្ឋព្រោះលោកថាកន្លងមកមន្ត្រីថ្នាក់ក្រោមព្យាយាមលាក់បាំងព័ត៌មានពិតនៅតាមមូលដ្ឋាន។
ទោះយ៉ាងណាលោក ចម្រើនជ័យ ថ្លែងថាការប្រមូលព័ត៌មានតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីគឺបានតែមួយចំណែកតែប៉ុណ្ណោះលោកថាដើម្បីទទួលបានព័ត៌មានពិតហើយដោះស្រាយបញ្ហាទុក្ខកង្វល់របស់ពលរដ្ឋឲ្យមានប្រសិទ្ធិភាពនោះគឺត្រូវពង្រឹងមន្ត្រីជំនាញនៅតាមស្ថាប័នឲ្យមានការទទួលខុសត្រូវចំពោះកិច្ចការនេះ។ លោកបន្តថា៖ “ពេលខាងមុខទៀតតើគាត់នៅតែកាន់តំណែងហ្នឹងទៀតដែរឬអត់? ចឹងបើវាក្លាយជាយន្តការថ្នាក់ជាតិមួយវានឹងក្លាយទៅជាប្រព័ន្ធមួយទោះបីថាដូរមនុស្សក៏ដោយទោះបីថាគាត់មានបញ្ហាសុខភាពស្អីក៏ដោយគឺយន្តការហ្នឹងនៅតែដើរព្រោះមានយន្តការសម្រាប់ឲ្យមនុស្សធ្វើការរួចទៅហើយ”។
អាចជាផ្នែកដែលបញ្ជាក់ថាការពឹងតែលើហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីមិនអាចទទួលបានព័ត៌មានគ្រប់ដែរព្រោះបច្ចុប្បន្នពលរដ្ឋខ្មែរមានជាង១៥លាននាក់តែការសិក្សាររួមគ្នារបស់ USAID វិទ្យាស្ថានបើកទូលាយ និងមូលនិធិអាស៊ីចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំ២០១៥បង្ហាញថាចំនួនអ្នកប្រើប្រាស់អ៊ិនធើណែតនិងហ្វេសប៊ុកមានតែជាង៣លានឈ្មោះខណៈអ្នកខ្លះម្នាក់ឯងប្រើឈ្មោះហ្វេសប៊ុកពីរឬបីផ្សេងគ្នា។
បើយើងពិនិត្យមើលស្ថានភាពបច្ចុប្បន្នសម័យទំនើបផ្លូវធ្វើដំណើរហាក់ងាយស្រួលអាចធ្វើដំណើរបានរាប់រយគីឡូក្នុងមួយថ្ងៃ បច្ចេកវិទ្យាព័ត៌មានទំនើបគេអាចដឹងហេតុការណ៍នៅក្នុងប្រទេសនិងនៅលើពិភពលោកតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយហេតុការណ៍កើតឡើង។
ចុះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាពិបាកក្នុងការស្វែងរកព័ត៌មានពិតពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋឬយ៉ាងណា?
កន្លងមកលោកនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានគេសរសើរថាជាអ្នកពូកែប្រមូលព័ត៌មានដែរគឺពេលគណបក្សប្រជែងលោកប្រជុំបែបសម្ងាត់ក៏លោកនៅតែទទួលបានព័ត៌មានដែរ។
បើនិយាយពីកម្មករនិងអ្នកមានជម្លោះដីធ្លីដែលស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីវិញគឺលោកនាយករដ្ឋមន្ត្រីមិនបាច់បើកហ្វេសប៊ុកទេគ្រាន់តែអង្គុយនៅមុខផ្ទះហើយបើកទ្វាររបងក៏ឮសំឡេងស្រែកយំរបស់ពលរដ្ឋអ្នកមានជម្លោះដីធ្លីនិងកម្មករស្រែកសុំកិច្ចអន្តរាគមន៍ដែរព្រោះអ្នកជួបបញ្ហាទាំងនោះតែងព្យាយាមប្រមូលផ្តុំនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជ្យតែពេលខ្លះត្រូវសមត្ថកិច្ចបង្រ្កាបនិងចាប់ខ្លួន។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង លើកឡើងថាជាប្រភពព័ត៌មានសំខាន់ដែលលោកនាយករដ្ឋមន្ត្រីអាចស្តាប់ការតវ៉ារបស់ពលរដ្ឋនិងស្តាប់ពលរដ្ឋលើកឡើងពីទុក្ខកង្វល់តាមប្រព័ន្ធផ្សព្វផ្សាយនានា។ លោកបន្ថែមថា៖ “បាទអាហ្នឹងពលរដ្ឋគេឲ្យច្រើនណាស់តាមរយៈគេតវ៉ា គេចរចាមិនបាន គេបាតុកម្ម គេនិយាយតាមវិទ្យុទូរទស្សន៍អីច្រើនបាទគួរតែស្រង់មតិយកតាមហ្នឹងដែរបាទ”។
ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបស់លោកតែងច្រានចោលរបាយការណ៍របស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិសរសេរពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាលជាញឹកញាប់ហើយចោទថាអង្គការទាំងនោះធ្វើរបាយការណ៍កុហកសរសេរអាក្រក់ពីរដ្ឋាភិបាលដើម្បីទទួលបានជំនួយ។ អ្នកវិភាគបញ្ហាសង្គមខ្លះលើកឡើងថារបាយការណ៍លើកឡើងពីភាពខ្លះចន្លោះមួយចំនួនមន្ត្រីរដ្ឋាភិបាលមិនទាន់បានមើលផងក៏ប្រកាសច្រានចោលទៅហើយ។
កំណែទម្រង់ស៊ីជម្រៅក្នុងការដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋឲ្យបានទាន់ពេលជាកំណែទម្រង់មួយដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដាក់ចេញក្រោយពេលគណបក្សដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះបានបាត់បង់សំឡេងគាំទ្រអស់២២អាសនៈក្នុងពេលបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣។ កំណែទម្រង់ស៊ីជម្រៅបានជ្រៅកម្រិតណានោះប្រហែលជាត្រូវរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨៕