អ្នកភូមិបណ្ដែតទឹកនៅខេត្ដសៀមរាបប្រឈមការបណ្ដេញចេញ​

ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារនៅភូមិបណ្ដែតទឹក ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប​ អះអាងថាពួកគេប្រឈម​នឹង​ការ​បណ្តេញចេញដោយគ្មានសំណងដោយសារក្រុមហ៊ុនស៊ូជីងមានគម្រោង​ពង្រីកផ្លូវ​ទឹកនៅ​តំ​បន់​ទេសចរ​ណ៍បឹង​ទន្លេ​សាប។

ពលរដ្ឋដែលមានផ្ទះលើទឹកលោក ស សំអុន​ ប្រាប់VODនៅថ្ងៃនេះថាផ្ទះអ្នកភូមិចំនួន៧០គ្រួសាររស់នៅលើទឹកព្រែក ក្នុងសង្កាត់ចុងឃ្នៀស ប្រឈមនឹងការបណ្ដេញចេញពី​សំណាក់ក្រុមហ៊ុន​ស៊ូ​ជីងដោយ​លោកថាក្រុមហ៊ុននេះ​​មាន​គម្រោង​កាយទំនប់បុរាណដើម្បីពង្រីកផ្លូវទឹក​ដឹកជញ្ជូនភ្ញៀវទេសចរណ៍​ចូលក្នុង​តំបន់​​ទេ​ស​​ច​រណ៍បឹង​ទន្លេ​សាប។ លោកថាពួកគាត់រស់នៅតំបន់នោះតាំងពីក្រោយថ្ងៃ​រំដោះ៧​មករា​១៩៧៩ ប៉ុន្តែក្រុមហ៊ុនមិនបានផ្តល់សំណងជាក់ស្តែងនៅឡើយទេ។​ លោកបន្ថែមថា៖ សំណងទាល់អ្នកឯងយកខ្ញុំ​ទៅដាក់កន្លែងដី​ហ្នឹងសិន​​បាន​ខ្ញុំព្រមបើអ្នក​និ​យាយតែ​មាត់ខ្ញុំ​មិនព្រមទេព្រោះខ្ញុំ​មួយរយៈកាលមកខ្ញុំ​ចាញ់​បោកនឹងអាសូជីងហ្នឹ​ងប៉ុន្មា​នដងហើយអត់​ចង់​បានធំទេក្បាល[ដី]តែ១៥ម៉ែត្រ​បានហើយក្រែងលោមានកូនចៅបន្ដទៀតយើងបានចែក

ពលរដ្ឋមួយរូបទៀតលោក ព្រាប ស៊ីវ ឲ្យដឹងថានៅដើមឆ្នាំ២០១៦នេះក្រុមហ៊ុនបានឲ្យពលរដ្ឋផ្ដិត​មេ​ដៃ​ទទួលយកប្រាក់១ម៉ឺនរៀលដើម្បីកាប់​​ដី​ទំនប់​បុរា​ណ​ដែល​បាំងទឹករលក​នោះ​ចេញ។ លោកថាក្រុមហ៊ុន​បាន​​បណ្ដេញ​ពួក​គាត់​ឲ្យរស់​នៅ​ក្នុងបឹងទន្លេសាបជាច្រើនលើក ប៉ុន្ដែលោកថា ការរស់នៅលើផ្ទៃទឹក​ពួកគាត់​កាន់តែប្រឈម​នឹងគ្រោះថ្នាក់ដោយសារខ្យល់ព្យុះនិងទឹករលក។

លោកបន្ថែមថា៖ ខាងណោះព្រែកអត់មានអ្នកណានៅ​ទេព្រោះ​រលកកាណូ​ត​ដរ​ខ្លាំងណាស់។​ ខាងលិចព្រែកហ្នឹងនៅអត់បានទេរយៈអស់ក្ដានៅអត់​កើតទេចឹងហើយនៅ​ខាង​ណេះទៅអត់​សូវមានកាណូតដរអាចនៅបានព្រោះថាកាលពីជីកព្រែកនេះថាឲ្យប្រជាជននៅ ដល់ពេលនេះដេញប្រជាជន​ប្រជាជនឆ្ងល់ខ្ញុំដែលស្រុះគ្នាចឹងខ្ញុំអត់សូវភ័យប៉ុន្មានដែរដល់ពេលគេដេញពួកខ្ញុំអត់ព្រមទៅមើធ្វើអាលើនោះ​យកដីអស់រលីងក្រុមហ៊ុនយកអស់ឲ្យតែក្រុមហ៊ុនធ្វើគឺយកដីគឺយកកន្លែងមិនឲ្យប្រជាជននៅបណ្ដោយ

ករណីនេះអ្នកគ្រប់គ្រងក្រុមហ៊ុនស៊ូជីងលោក វ៉ា ឈូដា មានប្រសាសន៍ថាពលរដ្ឋដែលរស់នៅលើ​ទឹក​ព្រែកនោះលោកបាន​ផ្ដល់សំណងដល់ពួកគាត់រួចរាល់ហើយពោលតាំងពីលោក ស៊ូ ភិរិន្ទ ជាអភិ​បាល​ខេត្ដ​សៀមរាបមកម្ល៉េះ ប៉ុន្ដែលោកថាពលរដ្ឋ​ដែល​មិនព្រមចាកចេញនោះ​ដោយសារ​មានការ​ញុះញង់ពី​អ្នកដទៃ​។ លោ​​ក​បញ្ជាក់​បន្ដ​ថាតំបន់នោះគ្មានព្រែកឬទំនប់បុរាណដូចការលើកឡើង​របស់​ពលរ​ដ្ឋនោះទេ​។ លោកបន្ដ​ថា៖ “ព្រែកនេះខ្ញុំជីកសម្រាប់ឲ្យបងប្អូនដែលនៅបណ្ដែតទឹកហ្នឹងនៅគាត់មក។ ​ខែវស្សាគាត់នៅខែប្រាំងឲ្យគាត់​ទៅវិញតែឥឡូវនេះមានអ្នកញុះញង់នេះគាត់អត់ព្រមចេញខែប្រាំងគាត់អត់ចេញហើយខ្ញុំស្ដាប្រឡាយវាអត់កើត ហើយបងប្អូនដែលរស់នៅផ្ទះបណ្ដែតទឹកហ្នឹងគឺខ្ញុំជាមួយអភិបាលខេត្ដមុនគឺដោះស្រាយលុយទិញដីឲ្យ​ទៀតតែគាត់លក់ដីហ្នឹងអស់គាត់នាំគ្នា​ទៅ​រស់នៅក្នុងទឹកដដែលហើយចេះតែមកព័ទ្ធព្រែកយក”។

បើតាមពលរដ្ឋឲ្យដឹងថាផ្ទះអ្នកភូមិបណ្ដែតទឹកក្នុងភូមិចុងឃ្នៀសមាន៧០គ្រួសារពួកគាត់មួយចំនួន​អះ​អាងថារស់នៅបន្តពីដូនតាខណៈមួយ​ចំនួន​ទៀតកាន់កាប់នៅឆ្នាំ១៩៨០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ