ប្រជាពលរដ្ឋរាប់សិបនាក់នៅស្រុកកោះធំ ខេត្តកណ្តាល បានតវ៉ាប្រឆាំងមន្ត្រីរដ្ឋាករទឹក ដោយពួកគេចោទថា បានទារលុយលើសពីតម្លៃធម្មតានៅខែកុម្ភៈនេះ ដោយមិនបានប្រាប់ មូលហេតុឲ្យបានច្បាស់លាស់។
ប្រជាពលរដ្ឋម្នាក់ដែលចូលរួមតវ៉ានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក មាស ចាប បានឲ្យដឹងថា អ្នកភូមិប្រមាណ៦០ទៅ១០០នាក់ ប្រមូលផ្តុំនៅមុខស្នាក់ការ រដ្ឋាករ ទឹកនៅក្នុងឃុំសំពៅពូនស្រុកកោះធំ ដើម្បីទាមទារឲ្យមានការបញ្ជាក់ពីមូល ហេតុនៃការយកលុយ១០០០រៀលលើសតម្លៃទឹកប្រើអស់ជាក់ស្តែងនេះ។ លោកបញ្ជាក់ថា៖ ”ចំពោះខ្ញុំគឺខ្ញុំយល់ថា ខុសច្បាប់ ព្រោះគួរណាស់តែប្រាប់គាត់ ហើយ គេប្រាប់ថា លុយហ្នឹងយកទៅជួលជុលពេលប្រព័ន្ធទឹកខូច តែកន្លងមកពេលទឹកហ្នឹងវា ដាច់ទុយយោ ដាច់អីហ្នឹងហៅខាងទឹកមកតគេយក១០ដុល្លារ បើចឹងប្រជាពលរដ្ឋគាត់អត់ សុខចិត្តទេ”។
មន្ត្រីរដ្ឋាករនៅឃុំសំពៅពូនលោក ចាន់ ធឿន ថ្លែងថា មូលហេតុដែលក្រុមការងារ លោកយកលុយលើសតម្លៃទឹកជាក់ស្តែងពីពលរដ្ឋនោះ គឺដើម្បីត្រៀមទុកជួសជុលនាឡិការទឹករបស់ពលរដ្ឋអ្នកប្រើប្រាស់ពេលវាខូច៖ “ពេលចឹងពិបាកដែរ ពេលនាឡិការគាត់ខូចចឹង ខាងក្រុមហ៊ុន អត់ទទួលខុសត្រូវទេ គឺគាត់ត្រូវបង់លុយធម្មតា បើគាត់អត់បង់លុយ ១០០០រៀលហ្នឹង ហើយនិយាយទៅ ថ្ងៃមិញនិយាយត្រូវគ្នាហើយ”។
ជុំវិញបញ្ហានេះ មេឃុំសំពៅពូន លោក អ៊ុក ស្រ៊ន មានប្រសាសន៍ថា បញ្ហា នេះកើតឡើងដោយសារមន្ត្រីរដ្ឋាករទឹកមិនបានពន្យល់ឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ពីបញ្ហាលុយ១០០០រៀលនេះ។ លោកបញ្ជាក់ថា លោកបានចាត់ចែងមន្ត្រីត្រៀមចាំជួយសម្របសម្រួលបន្ថែមដើម្បីបញ្ចប់បញ្ហានេះ។
តាមក្រុមអ្នកតវ៉ាបានឲ្យដឹង ប្រជាពលរដ្ឋដែលរដ្ឋាករទឹកយកលុយលើសថ្លៃទឹកប្រើប្រាស់ធម្មតា១០០០រៀលនេះគឺមាននៅក្នុងភូមិចំនួន១៧ ដែលមានប្រជាពលរដ្ឋប្រមាណជិត៣០០០គ្រួសារ។ ចំណែកការយកលុយលើស១០០០រៀលនេះ ទើបចាប់ផ្តើមយកនៅក្នុង ខែកុម្ភៈនេះ៕