ប្រជាពលរដ្ឋនៅខេត្ដព្រះវិហារអះអាងថាអភិបាលស្រុកឆែបបានរារាំងពលរដ្ឋជិត៣៦០នាក់មិនឲ្យពួកគេបង្កើតសហគមន៍ការពារព្រៃឈើ និងព្រមានចាប់ខ្លួនអ្នកដឹកនាំដោយអះអាងថាពួកគាត់ធ្វើខុសនិតិវិធីច្បាប់។
តំណាងពលរដ្ឋនៅឃុំម្លូព្រៃ១ ស្រុកឆែបលោក អ៊ុំ សារិទ្ធ ប្រាប់VODថានៅព្រឹកថ្ងៃព្រហស្បតិ៍មិញថា អភិបាលស្រុកឆែបលោក សុខ សាន្ដតារា បានដកយកឯកសារស្នាមមេដៃអ្នកភូមិ៣៥៩នាក់ស្នើសុំបង្កើតសហគមន៍ការពារព្រៃឈើនៅតំបន់ព្រៃព្រះរការយកទៅទុកចោលដោយចោទថា ពួកគាត់ធ្វើខុសច្បាប់។ លោកបន្ដថាអភិបាលស្រុករូបនោះបានព្រមានថានឹងចាប់ខ្លួនរូបលោកបើធ្វើសកម្មភាពប្រមូលស្នាមមេដៃបន្ដទៀត។ លោកបន្ថែមថាពួកគាត់គ្រាន់ចង់ការពារព្រៃព្រះរការនោះទុកសម្រាប់កូនចៅជំនាន់ក្រោយ។ លោកបន្តថា៖ “មិនដឹងដែរគេថាពួកខ្ញុំនេះ ខុសច្បាប់តែមិនដឹងខុសច្បាប់រឿងអីគ្រាន់តែសុំស្នាមមេដៃរបស់ប្រជាពលរដ្ឋដើម្បីសុំយកដីនោះមកការពារជារួមទាំងអស់ជាមួយសមត្ថកិច្ចនោះផងបាទ ប៉ុន្តែគេថាពួកខ្ញុំធ្វើអត់ត្រឹមត្រូវបាទមិនដឹងដែរមិនដឹងខុសពីចំណុចអី”។
តំណាងពលរដ្ឋមួយរូបទៀតលោក ជឿន ជួន សម្ដែងការខកចិត្ដចំពោះអាជ្ញាធរដែលបានហាមឃាត់ពួកមិនឲ្យបង្កើតសហគមន៍ការពារព្រៃឈើនេះ។ លោកអះអាងថាតាមការចុះល្បាតកន្លងមកតំបន់ព្រៃព្រះឈើនេះកំពុងរងការបាត់បង់ជាបណ្ដើរដោយលោកថា សមត្ថកិច្ចនិងមន្ដ្រីជំនាញមិនយកចិត្ដទុកដាក់ទប់ស្កាត់និងការពារនោះទេ ផ្ទុយទៅវិញពួកគេបានឃុបឃិតគ្នាធ្វើបទល្មើសជាបន្ដបន្ទាប់។
ករណីនេះអភិបាលស្រុកឆែបលោក សុខ សាន្ដតារា មានប្រសាសន៍ថាការហាមឃាត់នេះដោយសារព្រៃព្រះរការនេះត្រូវបានបញ្ចូលជាព្រៃអភិរក្សដែលគ្រប់គ្រងដោយអង្គការមួយឈ្មោះ WCS រួចទៅហើយ ប៉ុន្ដែលោកថាពលរដ្ឋអាចចូលរួមទប់ស្កាត់ការពារព្រៃឈើជាមួយសមត្ថកិច្ចនិងអង្គការនោះបាន។ លោកបន្ថែមថា៖ “ខ្ញុំមិនមែនមិនឲ្យបង្កើតទេព្រោះនីតិវិធីវាពាក្យថាសហគមន៍ដីហ្នឹងលុះត្រាតែជាដីនៅទំនេរទើបបង្កើតសហគមន៍បានតែបើដីមានម្ចាស់ហើយប្រៀបបានដូចជាស្ត្រីម្នាក់ចឹងបើគេចែចូវគេភ្ជាប់ពាក្យហើយយើងទៅក្រោយគេម៉េចអោយ”។
ទោះយ៉ាងណាលោក សុខ សាន្ដតារា ទទួលស្គាល់ថាព្រៃព្រះរការនោះមានបទល្មើសកាប់បំផ្លាញព្រៃឈើជារៀងរាល់ថ្ងៃដោយសារព្រៃអភិរក្សមានទំហំធំខណៈសមត្ថកិច្ចនិងមន្ដ្រីជំនាញមានកំលាំងមិនគ្រប់គ្រាន់។
មន្ដ្រីតស៊ូមតិនៃអង្គការពន្លកខ្មែរនៅខេត្ដព្រះវិហារលោក ប៉ឹក សោភណ្ឌ មានប្រសាសន៍ថាការរារាំងមិនឲ្យពលរដ្ឋបង្កើតសហគមន៍ការពារព្រៃឈើនេះផ្ទុយពីរដ្ឋធម្មនុញ្ញដោយលោកសង្ស័យថាអាជ្ញាធរអាចមានគម្រោងទុកព្រៃព្រះរការនោះសំរាប់វិនិយោគឲ្យក្រុមហ៊ុនឯកជនណាមួយធ្វើការអភិវឌ្ឍ។
លោកថាបើតាមប្រជាសហគមន៍និងអាជ្ញាធរស្រុកឲ្យដឹងថាតំបន់ព្រៃឈើព្រៃព្រះរការនោះជាព្រៃធំចុងក្រោយបន្ទាប់ពីព្រៃឡង់ដែលមានទំហំជិត១០ម៉ឺនហិកតា(៩៩.៨០០ហិកតា)ស្ថិតនៅជាប់ព្រំប្រទល់បីស្រុករួមមានស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំងក្សាន្ដ ក្នុងខេត្ដព្រះវិហារ៕