ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសអំពាវនាវឲ្យពលករខ្មែរនៅប្រទេសថៃឲ្យចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានទាំងអស់គ្នាដើម្បីមានសិទ្ធិបោះឆ្នោតនៅពេលខាងមុខ។
លោក សម រង្ស៊ី ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងវេទិកាមួយនៅក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកនេះតាមវីឌីអូខនហ្វើរ៉េនជំរុញឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃឆ្លៀតពេលចុះឈ្មោះបោះឆ្នោតបើទោះជាមានការមមាញឹកនៅក្រៅប្រទេសក្តី។ លោក សម រង្ស៊ី ក៏ណែនាំឲ្យមន្ត្រីរបស់ខ្លួនជួយសម្របសម្រួលដើម្បីបង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋបានចុះឈ្មោះនិង បានបោះឆ្នោត។ លោកមានប្រសាសន៍ថា៖ “យើងជួយលើកទឹកចិត្តជួយជំរុញឲ្យបងប្អូនយើងដែលធ្វើការនៅប្រទេសថៃ ជួយពួកគាត់លើកទឹកចិត្តឲ្យពួកគាត់លៃលកមកចុះឈ្មោះឲ្យបានទាន់ពេលវេលានិងលៃលកមកបោះឆ្នោតនៅប្រទេសកម្ពុជាឲ្យបានច្រើនជាអតិបរមាដើម្បីរួមចំណែកក្នុងការផ្លាស់ប្តូរដែលយើងកំពុងរួមចំណែកទាមទារឲ្យទាល់តែបានទាំងអស់គ្នា”។
លោក សម រង្ស៊ី ក៏ធ្លាប់បានស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីរៀបចំនីតិវិធីសម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរនៅ ក្រៅប្រទេសមានសិទ្ធិបោះឆ្នោតដែរតែភាគីគណបក្សប្រជាជនកម្ពុជាបដិសេធដោយលើកឡើងថានីតិវិធីស្មុគស្មាញចំណាយលុយច្រើន ហើយម្យ៉ាងបច្ចុប្បន្នត្រូវធ្វើយ៉ាងណាពង្រឹងនីតិវិធីបោះឆ្នោតនៅក្នុងប្រទេសសិន។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា មានប្រសាសន៍ថាបច្ចុប្បន្នមិនទាន់មានផែនការក្នុងការជួយសម្រួលឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះឬបោះឆ្នោតបាននោះទេ។ លោកបន្តថា៖ “សព្វថ្ងៃរៀបចំកម្រិតនៅក្នុងប្រទេសឲ្យបានគិតថាប្រសើរហើយ។ ក្បែរព្រំដែននៅក្នុងប្រទេសដែរតើយើងមានគិតពង្រឹងផ្នែកហ្នឹងទេ? មិនទាន់ពិភាក្សាដល់ហ្នឹងទេ ប៉ុន្តែអ្វីដែល គ ជ ប គិតសួរថាបើ គ ជ ប ដាក់នៅតាមព្រំដែនមែនសួរថាទី១ថៅកែនៅប្រទេសជិតខាងហ្នឹងគេឲ្យពលករខ្មែរមកចុះឈ្មោះទេ? ទី២បើធ្វើចឹងវាអយុត្តិធម៌ចំពោះអ្នកនៅប្រទេសក្រៅដែលអត់នៅជាប់ព្រំដែន”។
របាយការណ៍ក្រសួងការងាររបស់ថៃឲ្យដឹងថាពលរដ្ឋខ្មែរដែលកំពុងធ្វើការងារទាំងខុសច្បាប់និងស្របច្បាប់នៅក្នុងប្រទេសថៃមានជាង១លាននាក់។ ទន្ទឹមនឹងនោះអង្គការសង្គមស៊ីវិលនៅក្នុងស្រុកក៏ធ្លាប់បង្ហាញរបាយការណ៍ដែរថាពលរដ្ឋខ្មែររាប់ម៉ឺនរាប់សែនទៀតកំពុងធ្វើការនៅក្នុងប្រទេសមួយចំនួនដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និងចិនជាដើម៕