វិភាគ៖ តើយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើមានប្រសិទ្ធិភាពឬទេ?​

បទល្មើសព្រៃឈើនៅកម្ពុជានាពេលកន្លងមក

នាយករដ្ឋមន្រ្តីបានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយនាយកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអមដោយកងទ័ពឆ័ត្រយោង៩១១និង​អភិបាលខេត្តមួយចំនួនដោយប្រើ​ឧត្ថម្ភាគចក្រពីរគ្រឿងដោយ​អះអាងថាដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា។

បន្ថែមពីនេះទៀតនៅថ្ងៃទី​២១​​ខែ​មករាឆ្នាំ២០១៦​អគ្គ​ស្នងការ​នគរបាល​ជាតិលោក នេត សាវឿន ក៏បានសម្រេច​បង្កើត​ឲ្យ​មាន​ក្រុមមួយទៀតឈ្មោះថាបេសកកម្មស្រាវជ្រាវស៊ើប​អង្កេត​និង​ទប់​ស្តាត់​បទល្មើស​ព្រៃឈើ។ សមាស​ភាពថ្មីនេះគឺជា​ស្នងការ​នគរបាល​ខេត្តចំនួន​​៥នៅ​ភូមិភាគ​ឦសាន ​មន្ត្រី​នគរបាល​
ព្រហ្មទណ្ឌ និង​មន្ត្រី​នគរ​បាល​ព្រំ​ដែន។ មន្ត្រី​ទាំង​នេះ​មានតួនាទីស្រាវជ្រាវ ស៊ើប​អង្កេត និង​ប្រ​មូលព័ត៌មាន​ពី​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ចនិងអាជ្ញាប័ណ្ណពី​រដ្ឋា​ភិបាល​ពាក់ព័ន្ធ​នឹងការ​ប្រមូល​ផលនិង​អនុផល​ព្រៃ​ឈើ។

មានរយៈពេលប្រហែល១ខែហើយតាំងពីបង្កើតការងារពិសេសនេះ ប៉ុន្តែលទ្ធផលនៃការបង្រ្កាប​បទ​ល្មើសព្រៃឈើនៅតែមិនបាន​បង្ហាញជាសាធារណៈនៅឡើយបើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដៅឈ្មោះឧកញ៉ាយ៉ាងតិចពីរនាក់ដែលនាយករដ្ឋមន្រ្តីថាជាអ្នករកស៊ីឈើទៅលក់នៅប្រទេស​វៀតណាមក៏ដោយ។

នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃនោះ។ លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសកាត់ករប្រសិនបើមិនអាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន​ទេនោះ។

តំណាងសហគមន៍ព្រៃឡង់លោក ហឿន សុភាព ដែលទទួលបានពានរង្វាន់ពិភពលោកសម្រាប់កិច្ចការងារថែរក្សាបរិស្ថាន ឲ្យដឹងថាបទល្មើសនៅតំបន់ព្រៃឡង់នៅតែកើតមានបើទោះជា​គណៈ​​កម្មការពិសេសរបស់រដ្ឋាភិបាលត្រូវបានបង្កើតឡើងដើម្បីបង្រ្កាបបទល្មើសព្រៃឈើក៏ដោយ។

លោកថ្លែងថា៖ ”ខ្ញុំគិតថានៅពេលដែលរដ្ឋាភិបាលបង្កើតគណកម្មការវាល្អ។​ ប៉ុន្តែចំណាត់​ការ​របស់​រដ្ឋាភិបាលនៅខ្វះខាតខ្លះ ដោយសារយើងមើលឃើញបទល្មើសនៅតែ​កើតឡើងដូចជា​តំបន់​ព្រៃ​ឡង់…។ បានន័យថាការផ្តួលរំលំឈើក្លាយទៅជារបស់ប្រើប្រាស់ឬទៅជាចំរៀកអស់ហើយការទប់ស្កាត់មានចំណុចខ្វះខាត។ បើទប់ស្កាត់ឈើនៅឈរខ្ញុំគិតថាមានប្រសិទ្ធិភាព”។

គណៈកម្មការពិសេសរបស់រដ្ឋាភិបាលនឹងត្រូវចំណាយថវិការដ្ឋ៥០០លានរៀលនិង​ប្រើប្រាស់ឧត្ថម្ភាគចក្រពីរគ្រឿងនិងកងកម្លាំងប្រដាប់អាវុធរាប់រយនាក់។ បេសកកម្មរបស់ក្រុមនេះគឺធ្វើឡើង​នៅ​ខេត្ត​មួយចំនួនភាគកើតប្រទេសកម្ពុជាជាប់ព្រំដែនវៀត​ណាម។

មន្រ្តីសមាគមអាដកហុកប្រចាំខេត្តរតនៈគិរីលោក ឆាយ ធី ឲ្យដឹងថាការរាយការណ៍​ពី​សហគមន៍រឿងបទល្មើសព្រៃឈើបានស្ងប់ស្ងាត់មួយរយៈគឺនៅពេលដែលគណៈកម្មការ​ពិសេស​របស់​រដ្ឋា​ភិបាលកំពុងប្រតិបត្តិការរបស់ខ្លួននៅតំបន់នោះ។

ប៉ុន្តែលោក ឆាយ ធី មិនហ៊ានសន្និដ្ឋានថាបទល្មើសព្រៃឈើនៅខេត្តរតនៈគិរីនឹងត្រូវបាន​បញ្ចប់ឬយ៉ាងណាទេបន្ទាប់ពីគណៈកម្មការពិសេសដកថយទៅវិញនោះ។

លោកមានប្រសាសន៍ថា៖ “មិនអាចសន្និដ្ឋានបាន[ទេ]។ ប៉ុន្តែបើមានឆន្ទៈក្នុងការអនុវត្តទប់ស្កាត់ពីថ្ងៃនេះទៅហើយធ្វើពីថ្នាក់មូលដ្ឋានទៅយើងគិតថាមានប្រសិទ្ធិភាពមិនចាំបាច់ថ្នាក់ជាតិ ឲ្យតែមានឆន្ទៈចូលរួមលុបបំបាត់បទល្មើសព្រៃឈើចាប់ពីថ្ងៃនេះតទៅយើងអាចថែរក្សាព្រៃឈើបានហើយ”។

របាយការណ៍​ក្នុង​ខែ​កក្កដាឆ្នាំ​២០១៥អង្គការ​ការពារ​ព្រៃឈើ​អន្តរជាតិ​ឈ្មោះ ហ្វរ៉ែស្ត ធ្រែនស៍ បានរក​ឃើញ​ថាការ​បាត់បង់​ព្រៃឈើ​ច្រើន​លើសលប់​នៅ​កម្ពុជាគឺ​កើត​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​គ្រប់គ្រងលើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​នោះ​ក៏​មាន​ការ​កាប់​បំផ្លាញ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ផង​ដែរ។

អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ ឲ្យ​ដឹង​ថានៅ​ក្នុង​ឆ្នាំ​២០១៣រដ្ឋាភិបាល​កម្ពុជាបាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន សរុប​ប្រមាណ២,៦​លាន​ហិកតាគឺ​ស្មើ​ប្រមាណ១៤%នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា ហើយ​ដែល​ប្រមាណ៨០%នៃ​ផ្ទៃដី​សម្បទាន​នេះគឺ​ស្ថិត​នៅ​ក្នុង​ព្រំដែន​នៃ​តំបន់​ឧទ្យាន​ជាតិនិង​តំបន់​ការពារ​។

អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ រក​ឃើញ​ថាដោយសារ​តែ​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​កម្ពុជាបាត់បង់​ព្រៃឈើ​ជា​មធ្យម​ជាង២​ពាន់​គីឡូ​ម៉ែត្រការ៉េ​ជា​រៀងរាល់​ឆ្នាំ។

អង្គការ ហ្វរ៉ែស្ត ធ្រែនស៍ កត់សម្គាល់​ថាការ​បាត់បង់​ព្រៃឈើ​ដ៏​មហិមា​នៅ​កម្ពុជាគឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​បរាជ័យ​ជា​ប្រព័ន្ធ​នៃ​ការ​អនុវត្ត​ច្បាប់​ ការពារ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពី​ការ​កើត​ឡើង​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​នេះ។

កាលពីឆ្នាំ២០១៤រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្មបាន​អះអាង​ថាព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជានៅ​សល់​ប្រមាណ​៦០ភាគរយ​​លើ​ផ្ទៃ​ប្រទេស។ ប៉ុន្តែ​របាយ​ការណ៍ពី​រូបភាព​ផ្កាយ​រណប​ដែល​ចេញ​កាល​ពីខែ​ធ្នូឆ្នាំ​២០១៣ដោយអង្គការ Open Development Cambodia (ODC) បាន​បង្ហាញ​ថាព្រៃ​ឈើ​នៅប្រទេស​កម្ពុជាត្រូវបាន​បំផ្លាញ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​កាល៥​ឆ្នាំចុង​ក្រោយ​នេះ។

បើតាមរបាយការណ៍នេះកាលពីឆ្នាំ​១៩៧៣ព្រៃឈើកម្ពុជាមានប្រហែល៧២,១១ភាគ​រយ។ ប៉ុន្តែរូបភាព​ថ្មីៗតាមផ្កាយរណប​បាន​បង្ហាញ​ថាគម្រប​ព្រៃ​ឈើ​បច្ចុប្បន្ន​នៅសល់តែ៤៦,៣៣ភាគ​រយ​ដោយ​រួម​បញ្ចូល​ទាំង​ចម្ការ​កៅស៊ូផងដែរ៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered