ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឲ្យអាជ្ញាធរ និងមាតាបីតាជួយទប់ស្កាត់និងណែនាំដល់យុវជនឲ្យចេះស្រឡាញ់អារ្យធម៌ និងប្រពៃណីខ្មែរ ខណៈទិវានៃក្តីស្រឡាញ់ ដែលជាវប្បធម៌បរទេសនឹងចូលមកដល់នៅថ្ងៃអាទិត្យស្អែកនេះ។
លិខិតចុះថ្ងៃទី១៣ ខែកុម្ភះនេះ ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសយុវជន ត្រូវចូលរួមចំណែកតាមវិធានការនានា ទប់ស្កាត់កុំឲ្យយុវវ័យប្រើប្រាស់ជំនឿសាសនាបែបបរទេស ឬហៅថា វិវានៃក្តីស្រឡាញ់នោះ ទៅប្រព្រឹត្តខុសពីគន្លងប្រពៃណីដ៏ផូង់របស់ខ្មែរ។
ក្រសួងមួយនោះ រំឭកឲ្យយុវជនត្រូវប្តូរជំនឿសាសនាបែបបរទេសនោះ ទៅជួបជុំ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ រួមទាំងជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួន ដើម្បីរក្សា ការពារអារ្យធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលក្រសួងនោះថា ទើបធ្វើឲ្យប្រទេសកម្ពុជាមានកិត្យានុភាពឧត្តុង្គឧត្តម។
កាលពីថ្ងៃទី៩ខែកុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនឲ្យជួយទប់ស្កាត់សកម្មភាពមិនប្រក្រតីដល់សិស្សានុសិស្សក្នុងទិវាបុណ្យនៃក្តីស្រលាញ់នេះ ក្រសួងអប់រំប្រកាសពីវិធានការទប់ស្កាត់ ការណាត់ជូបគ្នារវាងគូស្នេហ៍ភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ រួមទាំងប្រាសចាកវប្បធម៌ និងប្រពៃណីយជាតិខ្មែរផងដែរ។
យ៉ាងណាក៏ដោយ តាមរបាយការណ៍ស្រាវជ្រាវពីបញ្ហាសង្គមលោក តុង សុប្រាជ្ញ ឲ្យដឹងថា ចាប់ពីឆ្នាំ២០០៩ដល់២០១៤ចំនួនយុវវ័យ ដែលចាប់អារម្មណ៍ថ្ងៃបុណ្យសង្សារ បានថយចុះពី ៦១% មកត្រឹម៤៦% អ្នកដែលទិញផ្កា ថយចុះពី៥៦% មកត្រឹម៣៤% ។
ចំណែកអ្នករួមភេទ របាយការណ៍បញ្ជាក់ថា មានការថយចុះតិចតួច ពី១២%មកត្រឹម១១%ប៉ុណ្ណោះ។ នេះជារបាយការណ៍សិក្សាក្នុងចំណោម៧១៥នាក់៕