អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានប្រកាសទៅកាន់អ្នកគាំទ្រជាថ្មីថាគណបក្សប្រឆាំងនឹងកំណត់អាណត្តិមេដឹកនាំប្រទេសត្រឹមតែ២អាណត្តិតែប៉ុណ្ណោះ ដោយលោកចាត់ទុកការកំណត់នេះនឹងមិនឲ្យអ្នកដឹកនាំ”ដុះស្លែ”។
ក្នុងពិធីសំណោះសំណាលជាមួយសកម្មជននិងប្រជាពលរដ្ឋនៅខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី១២ខែកុម្ភៈ លោក កឹម សុខា បានអះអាងថាគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិគឺការកែប្រែរដ្ឋធម្មនុញ្ញក្នុងការកំណត់អាណត្តិមេដឹកនាំ។ អាណត្តិដឹកនាំប្រទេសនេះទំនងលោក កឹម សុខា សំដៅលើបុគ្គលធ្វើជានាយករដ្ឋមន្រ្តីអាចដឹកនាំប្រទេសបានតែពីរអាណត្តិប៉ុណ្ណោះ។
លោកបានថ្លែងថា៖ “គោលនយោបាយរបស់គណបក្សសង្រ្គោះជាតិយើង គឺបាននិយាយគ្នាហើយថានៅពេលដែលយើងឈ្នះឆ្នោតដឹកនាំប្រទេស យើងនឹងកែរដ្ឋធម្មនុញ្ញឲ្យអ្នកដឹកនាំប្រទេសសំខាន់ៗ ដឹកនាំប្រទេសតែពីរអាណត្តិយ៉ាងយូរបានហើយ កុំឲ្យដុះស្លែ”។
កាលពីខែមេសា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាច៣០ឆ្នាំមកហើយ ធ្លាប់បានថ្លែងថាប្រទេសកម្ពុជាមិនអាចកំណត់អាណត្តិនាយករដ្ឋមន្រ្តីបាននោះទេ ដោយលោកយល់ថាកម្ពុជាប្រកាន់របបសភានិយម មិនមែនប្រធានាធិបតីនិយមនោះទេ។ លោក ហ៊ុន សែន ដែលធ្វើជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ១៩៨៥ បានថ្លែងថាកម្ពុជាប្រកាន់របបសភានិយម គឺមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដើម្បីបង្កើតសភា រួចឈានទៅដល់ការបង្កើតរដ្ឋាភិបាលតាមរយៈការជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តី។ លោកបានបញ្ជាក់ថា៖ “ហើយរឿងអាណត្តិនាយករដ្ឋមន្រ្តីអត់មានត្រូវការចាំបាច់កំណត់ មិនកំណត់ទេ ស៊ីសងប្រជាជនបោះឆ្នោតឲ្យ បោះឲ្យ ធ្វើទៀត បើមិនបោះឲ្យ ចាំឈប់។ រឿងវាតែប៉ុណ្ណឹង លទ្ធិប្រជាធិបតេយ្យ”។
មាត្រា១១៩នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា៖ “តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោតឲ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ត្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គងឲ្យកាន់តំណាងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា”។
កន្លងទៅ ក្រុមសង្គមស៊ីវិលបានស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១១៩ថ្មី ដោយបន្ថែមវាក្យខ័ណ្ឌចំនួនមួយគឺ…«វរជនមួយរូបជាបេក្ខជននាយករដ្ឋមន្ត្រី មិនត្រូវជាបេក្ខជនដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីចំនួន(០២)អាណត្តិឬរយៈពេល(១០)ឆ្នាំកន្លងមកហើយ”។
នាយកប្រតិបត្តិអង្គការខុមហ្រ្វែល លោក គល់ បញ្ញា ធ្លាប់មានប្រសាសន៍ថាការកំណត់អាណត្តិនាយករដ្ឋមន្រ្តីនេះ មិនចាំបាច់ប្រទេសប្រកាន់របបប្រធានាធិបតីនិយម ឬសភានិយមនោះទេ។ លោកបន្តថាការកំណត់នេះអាស្រ័យលើឆន្ទៈនយោបាយ។ លោក គល់ បញ្ញា មានប្រសាសន៍ថា៖ “វាត្រូវការអ្នកដឹកនាំមានឧត្តមគតិ មានឆន្ទៈអីច្បាស់ដែរណា ព្រោះអីវាមិនងាយទេ ចៃដន្យអីប្រទេសមួយមានអ្នកដឹកនាំមានគតិបណ្ឌិត មានឆន្ទៈមួយល្អគាត់អាច ធ្វើរឿងហ្នឹង(កំណត់អាណត្ដិ)បាន…ប៉ុន្ដែប្រទេសយើងវាជាឱកាសដែរដែលលោកនាយករដ្ឋមន្ដ្រីគាត់អាចបង្កើតនូវមរតកមួយល្អខាងនយោបាយប្រទេសខ្មែរដែរនៅពេលទៅមុខទៀតថា របៀបដឹកនាំស្រុកត្រូវតែមានពីរអាណត្ដិអីចឹងទៅ ដើម្បីទុកឲ្យមានជាមរតកមួយទុកទៅគាត់ដែរ”។
គួរបញ្ជាក់ថាអតីតនាយករដ្ឋមន្ត្រីក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ ធ្លាប់លើកឡើងថាការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនឹងជួយកាត់បន្ថយបច្ច័យអាក្រក់ជាច្រើន ដែលក្នុងនោះក៏ជួយលុបបំបាត់អំណាចប្រមូលផ្តុំ៕