លោក កឹម សុខា ប្រកាសមិន​យកមន្ដ្រីរាជការនិងកងកម្លាំងប្រដាប់អាវុធមកបម្រើបក្ស​​

លោក កឹម សុខា ថ្លែង​កាលពីថ្ងៃសុក្រ ពេល​ចុះ​សួរសំណេះសំណាលជាមួយ​ប្រជា​ពលរដ្ឋនៅខេត្ត​បន្ទាយមានជ័យ​

ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកឡើងថានៅពេលគណបក្សប្រឆាំងឈ្នះឆ្នោត គណបក្ស​មិន​ឲ្យមន្ដ្រី​រាជ​កា​​រ​និងកងកម្លាំងប្រដាប់អាវុធទៅបម្រើ​គណបក្សនយោបាយនោះទេ ដោយលោកថាទុក​ឲ្យពួក​​គាត់​ទៅ​បម្រើ​​ពលរដ្ឋ​និង​ជាតិវិញ។

ក្នុងពិធីសំណោះសំណាលជាមួយសកម្មជននិងប្រជាពលរដ្ឋនៅខេត្ដប​ន្ទាយមានជ័យ នាព្រឹក​ថ្ងៃទី​១២​ខែ​កុម្ភៈ​នេះ លោក​ កឹម សុខា អះអាងថា​បើគណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នៅ​អាណត្ដិទី៦ឆ្នាំ២០១៨ខាងមុខនេះ លោកនឹងឲ្យមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ​រក្សាអព្យា​ក្រឹត​ភាពសម្រាប់ជាតិនិងប្រជាពលរដ្ឋគ្រប់គណបក្ស​នយោបាយទាំងអស់ ដោយ​លោក​ថា​លោកមិន​ត្រូវ​ការ​​ឲ្យ​ពួក​គាត់​ទៅបម្រើ​បក្សនោះទេ។ លោកបន្ដថាមន្ដ្រីសាធារណៈមានសិទ្ធិសម្រចជ្រើសរើស​គណបក្សន​យោ​បា​យ ប៉ុន្ដែលោកថាកុំយកពួកគាត់ទៅឃោសនាបោះឆ្នោតនោះ ដោយ​លោក​ថា ផ្ទុយពីប្រព័ន្ធប្រ​ជាធិប​តេយ្យ​។

លោកមានប្រសាសន៍ថា៖ មិនបាច់ទៅជំរឿនទៅបង្កើតសាខាបក្សនៅតាមក្រសួងស្ថាប័នក្រសួងមន្ទីរទេ បងប្អូនអាក្រក់មើលណាស់អាក្រក់មើលមែលទែនមែនទេបងប្អូនឲ្យបងប្អូន​យើងមន្ដ្រីរាជកា​កងកម្លាំងប្រដាប់អាវុធ​ទាំង​អស់​​បម្រើ​​ជាតិ យើងមិនបាច់ទាញគាត់ឲ្យមកបម្រើ​បក្សទេ

លោក កឹម សុខា ថ្លែងបែបនេះទំនងសំដៅលើគណបក្សប្រជាជនកម្ពុជា​ ដែលកន្លងមកធ្លាប់រងការ​រិះ​គន់ថា កង​កម្លាំង​ប្រដាប់អាវុធ​ជាកម្លាំងរបស់គណបក្សកាន់អំណាច។ ជាមួយគ្នានោះដែរ លោក កឹម សុខា សន្យាថា នឹងផ្ដល់​ប្រាក់​បៀ​វត្សរិ៍ដល់​មន្ដ្រីរាជការ​និ​ង​កង​កម្លាំង​​ប្រ​ដាប់​អាវុធ​ឲ្យបានគ្រប់គ្រាន់ ព្រមទាំងទទួលខុសត្រូវលើសុខមាលភាព ដល់ក្រុម​គ្រួសា​រ​ពួកគេឲ្យបានសម​រម្យ​​ផង​ដែរ។​​

ករណីនេះអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ចាត់ទុកការ​លើកឡើងរបស់​លោក កឹម សុខា ជាការបញ្ចេញមតិ។ លោកច្រានចោលការលើកឡើងថាកម្លាំងយោធា​ជាកម្មសិទ្ធិរ​បស់គណ​បក្សប្រជាជនកម្ពុជា។ លោក​បន្ថែម​ថា​៖ “​ព្រោះកងទ័ពជាអព្យាក្រឹត​រវាង​គណបក្សនយោបាយ តែកងទ័ពមិនអព្យាក្រឹត​ទេ ការពាររដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី សាទរនូវការលើកឡើងរបស់ប្រធានស្ដីទីនៃ​គ​ណ​​​បក្សនេះដែលលោកថា​ជាសារនយោបាយមួយដែលពលរដ្ឋខ្មែរគ្រប់រូបចង់បាន។ លោកបន្ដថាបច្ចុប្បន្ន​នេះ ការដឹក​នាំ​ប្រទេស​មានការច្របូកច្របល់ដោយលោកថាយករឿង​នយោបាយលាយឡំជាមួយកង​កម្លាំងប្រ​ដាប់​​អាវុធ ដែលធ្វើ​ឲ្យព​ល​រដ្ឋ​​មាន​ការបែកបាក់គ្នា។ លោកបន្ដថា៖ កងទ័ពមិនច្បាស់ជាកងទ័ព​ អ្នកនយោ​បាយ​មិន​ច្បាស់ជាអ្នកនយោបាយ ហើយយករឿងនយោបាយទៅឡូកឡំជាមួយបច្ចេកទេស ជាមួយកងកម្លាំងប្រ​ដាប់អាវុធគឺថាធ្វើឲ្យនយោបាយស្រុកខ្មែរជាប់គាំងស្ថានភាពដូចរាល់ថ្ងៃនេះបន្ដលាបពណ៌អត់បានប្រយោន៍អីក្រៅពីធ្វើឲ្យខ្មែរបែកបាក់គ្នាគ្នាឲ្យបរទេសជិតខាងគេមើលងាយ

កាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥ អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទនិង​ជា​តំណាង​គ​ណៈ​​មេបញ្ជាការ​ឯក​ភាពស​មរភូមិ​ប្រាសាទ​ ព្រះវិហារ លោក ជា តារា  បានប្រកាស​ថា​​​កងទ័ព​​ជា​​មនុស្ស​របស់​គណ​​បក្ស​ប្រជាជនកម្ពុជា ក្រោមហេតុផលថា​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជា​ជន​​កម្ពុជា ជា​អ្នក​​ថែរក្សា​​ពួកគេ។​ ប៉ុន្ដែក្រោយពីប្រកាសបានបីថ្ងៃ​ ទីប្រឹក្សាព្រះមហាក្ស​ត្រ ព្រះអង្គម្ចាស់ធម្មិកោមានព្រះបន្ទូលថាការ​ដែល​មេទ័ព​មួយរូប​អះអាងថាកងទ័ព​ជា​កម្លាំង​សម្រាប់​ការ​ពារ​គណបក្ស​ប្រជាជន​កម្ពុជាជាការ​បំពាន​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​​ចាត់ទុក​ការលើក​ឡើងនេះ​មិនពិត​ហើយ​ថា​ការដែល​លោក​ ជា តារា លើក​ឡើង​បែបនេះ​គ្រាន់តែចង់លើក​ពីគុណសម្បត្តិរបស់​នាយករដ្ឋមន្រ្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered