គណបក្សថ្មីមួយអះអាងថា ខ្លួនបានពង្រឹងសមត្ថិភាពសកម្មជនរបស់ខ្លួនបានរាប់រយនាក់ក្នុងឃុំចំនួន២០ ដោយថាដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាម អ៊ីន ឲ្យវីអូឌី(VOD)ដឹងនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា ក្រោយពីគណបក្សមូលដ្ឋានបង្កើតឡើងជិត៦ខែមកនេះ លោកថា គណបក្សលោកបានបណ្តុះបណ្តាលថ្នាក់ដឹកនាំជាង៥០០នាក់ ក្នុងចំណោម១១៩ឃុំ។
ប៉ុន្តែលោកថា ក្នុងចំណោមអ្នកដែលចូលបម្រើការងារ ជួយប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈមនានាទៀងទាត់មានចំនួន២០ឃុំ ដែលក្នុងមួយឃុំមាន១០ទៅ១៥នាក់។
អ្នកនាំពាក្យរូបនោះ អះអាងទៀតថា តាមគម្រោងគណបក្សមូលដ្ឋានត្រូវពង្រឹងសមត្ថភាពសកម្មជនឲ្យបានជាង២០០ឃុំ ប៉ុន្តែលោកថា ដោយសារកត្តាខ្វះធនធាន និងថវិកាទើបមិនទាន់សម្រេចតាមការគ្រោងទុក។
យ៉ាងណាក៏ដោយលោក សាម អ៊ីន យល់ថាបើទោះការបង្កើនធនធានមនុស្ស មិនបានដូចការរំពឹងទុក លោកថា ក្រុមការងារគណបក្សមូលដ្ឋាន បានបណ្តុះបណ្តាលប្រជាពលរដ្ឋ មានសមត្ថិភាពគ្រប់គ្រាន់នៅក្នុងឃុំចំនួន២០នោះ ទុកជាគំរូល្អផងដែរ។
ទោះជាយ៉ាងណានៅថ្ងៃទី១៥ខែកុម្ភៈ វេលាម៉ោង៩ព្រឹក គណកបក្សថ្មីមួយនេះ នឹងធ្វើសន្និសិទសារព័ត៌នៅស្នាក់ការកណ្តាល របស់ខ្លួន ស្ថិតនៅផ្ទះលេខ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សន្និសិទនឹងបង្ហាញរបាយការណ៍បណ្តុះបណ្តាលសកម្មជនបក្សក្នុងឆ្នាំ២០១៥ និងផែនការចូលរួមបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧។
គណបក្សប្រជាធិបតេយ្យ បានកើតឡើងក្រោយការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣ ដែលមេដឹកនាំគនបក្សថ្មីនេះ កើតចេញអតីតប្រធានអង្គការមន្ត្រីសង្គមស៊ីវិល និងបញ្ញវ័ន្ត ដូចជាលោក យ៉េង វីរៈអតីតប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉ង់ សាំងកុមារ អតីតប្រធានអង្គការសេដាក និងបណ្ឌិត សាម អ៊ីន ជាដើម។
គណបក្សថ្មីនេះអះអាងថាពួកគេនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ២០១៨ ខាងមុខនេះ។
គណបក្សនេះមានជំនឿថា នឹងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន នឹងរំពឹងទុកថាពួកគេនឹងទទួលបានអាសនៈ ជាមេឃុំយ៉ាងតិចចំនួន១០០ នៅឆ្នាំ២០១៧៕