ដំរីផុងជាតំបន់មួយនៅជិតជើងភ្នំដែលប្រជាសហគមន៍ហៅតៗគ្នា ដោយកាលពីមុនតំបន់នោះគ្របដណ្តប់ដោយព្រៃឈើ។ តំបន់នេះមានទីតាំងស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និងមានចម្ងាយជាង៦០គីឡូម៉ែត្រពីទីរួមស្រុកឈូក។ ប្រសិនបើធ្វើដំណើរដោយម៉ូតូ ត្រូវឆ្លងកាត់ផ្លូវគ្រួសក្រហម កាត់អូរ ព្រៃព្រិច និងដើមថ្លុង ដោយត្រូវចំណាយពេលជាង១ម៉ោង។
នៅពេលទៅដល់តំបន់នោះ គេសង្កេតឃើញវាលរហោឋាន ដោយសារការកាប់ព្រៃពីសំណាក់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ដើម្បីបំពេញតម្រូវការរស់នៅ និងការធ្វើអាជីវកម្មដាំម្រេច។ ផ្ទះរបស់ប្រជាពលរដ្ឋនៅឆ្ងាយពីគ្នា សាងសង់ខ្ពស់ពីដីបន្តិច ដំបូលប្រក់ដោយស្បូវ និងសង់ដោយប្រើកំណាត់ឈើតូចៗ។ ប្រជាពលរដ្ឋនៅទីនោះដាំដំណាំតិចតួច ដូចជាចេក ល្ហុង ស្វាយ ដំឡូង និងចិញ្ចឹមសត្វមួយចំនួន ដូចជាមាន់ ទា និងក្ងាន។ អ្វីដែលខ្វះខាតជាចម្បងនៅតំបន់នោះ គឺបញ្ហាទឹកប្រើប្រាស់។
ទោះជាយ៉ាងណា អ្វីដែលលេចធ្លោរនៅតំបន់នោះ គឺអគារថ្មរាបនឹងដី ប្រក់ដោយស័ង្កសីពណ៌ខៀវ ជាកន្លែងដាំម្រេចដ៏ធំមួយ ដែលមានកម្មករធ្វើការទៅដល់១៥០នាក់។កម្មករទាំងនោះទទួលបានប្រាក់ប្រចាំថ្ងៃក្នុងមួយនាក់២០០០០រៀល ដោយរាប់បញ្ចូលទាំងថ្លៃអាហារក្នុងនោះ។
ចំការម្រេចនោះត្រូវបានប្រជាពលរដ្ឋអះអាងថាជារបស់ជប៉ុន។ប៉ុន្តែនៅពេលសាកសួរពួកគេថាជប៉ុនមានទំនាក់ទំនងជាមួយឧកញ៉ាម្នាក់ ដែលពលរដ្ឋនៅទីនោះធ្លាប់ឃើញមុខឧកញ៉ា និងភរិយារបស់លោក តែមិនបានដឹងថាមានឈ្មោះអ្វីនោះទេ។
តំបន់នោះជាដីសម្បទានសង្គមកិច្ចដែលរដ្ឋាភិបាលផ្តល់ឲ្យប្រជាពលរដ្ឋក្រីក្រកាលពីពីរបីឆ្នាំមុន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ដីនោះត្រូវបានឧកញ៉ាចាប់អារម្មណ៍ និងចង់យកដើម្បីពង្រីកចម្ការដំាម្រេច។
រាងស្គម ហាក់ដូចជាទ្រុឌទ្រោមបន្តិច លោក សាន មិត្ត អាយុ៦៨ឆ្នាំ រៀបរាប់ដោយសំឡេងខ្សាវៗថា អាជ្ញាធរភូមិ ឃុំ ដែលលោកថាមានទំនាក់ទំនងជាមួយឧកញ៉ា បានបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យដោះដូរដី ទាំងនោះ តែលោកបានបដិសេធ ដោយសារតំបន់ថ្មីមិនសមស្របនឹងការរស់នៅ។លោកបន្តថារដ្ឋាភិបាលបានផ្តល់ដីឲ្យលោកជិត១,៥ហិកតា ហើយលោកបានរស់នៅទីនោះជិត២ឆ្នាំមកហើយ ដោយបានដំាជាស្រូវ ចេក ល្ហុង និងដំឡូងជាដើម។
លោកបញ្ជាក់ថា«ខ្ញុំមិនចង់ដោះដូរ ដោះដូរទៅណា មិនដឹងឲ្យទៅកន្លែងណា រដ្ឋាភិបាលឲ្យហើយពិបាកដោះដូរណាស់។ មេភូមិមេឃុំ ប្រាប់ថាដីហ្នឹង ត្រូវដោះដូរឬមិនដូរ ក្រែងថ្ងៃក្រោយវាពិបាកចេញចូល»។
លោក សាន មិត្ត បារម្ភពីការបង្ខិតបង្ខំ និងការដោះដូរដីរបស់លោកទៅតំបន់មួយដែលលោកមិនអាចបង្កបង្កើនផល និងជួបការលំបាកទៅថ្ងៃអនាគត។ លោកមានប្រសាសន៍ថា«ដោះដូរទាល់តែខ្ញុំឃើញមានស្រះទឹក អណ្តូងទឹក។ អានេះគេថាធ្វើម៉េចត្រូវអភិវឌ្ឍ ខ្ញុំដេញសួរចុះអភិវឌ្ឍ អភិវឌ្ឍអី! អភិវឌ្ឍជនក្រីក្រអី អភិវឌ្ឍឲ្យក្រហ្មងទៅ។ [បើប្រើ]កម្លាំងបាយ យើងក៏ចេញតាមកម្លាំងបាយ សុទ្ធចិត្តងាប់ចោលដីហ្នឹងទៅល្អច្រើនជាងនៅ នៅក៏លំបាកវេទនាដែរ»។
ភរិយារបស់លោក សាន មិត្ត អ្នកស្រី ឡុង ស៊ុន អាយុ៦០ឆ្នាំ មានប្រសាសន៍ថាភរិយារបស់ឧកញ៉ា ដែលអ្នកស្រីហៅថាជំទាវបានព្យាយាមជួបប្រជាជន និងចែកជារបស់របរមួយចំនួនជូនដល់ពួកគាត់។អ្នកស្រីថាអ្នកស្រីនឹងមិនដោះដូរដីនោះទេ ដោយសារអ្នកស្រីបានដំាដុះដំណាំរួចទៅហើយ។អ្នកស្រីចាត់ទុកតំបន់នោះជាកន្លែងរស់នៅល្អសម្រាប់អ្នកស្រី។
ចំណែកអ្នកភូមិម្នាក់ទៀតដែលកំពុងតែប្រឈមនឹងការដោះដូរដី អ្នកស្រី ណៃ ស្រី អាយុ៤០ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីទើបតែមករស់នៅកាលពីខែមករា ឆ្នាំ២០១៤ តាមទំហំដីទទឹង៦៥ម៉ែត្រ និងបណ្តោយ២៥០ម៉ែត្រ ដែលរដ្ឋាភិបាលបានផ្តល់ឲ្យសម្រាប់ប្រជាជនក្រីក្រ។អ្នកស្រីថាអ្នកស្រីមិនព្រមចេញនោះទេ ដោយសារអ្នកស្រីបានចំណាយប្រាក់ក្នុងការសង់ផ្ទះ ដាំដុះ និងចិញ្ចឹមសត្វរួចទៅហើយ។ប៉ុន្តែអ្នកស្រីទាមទារប្រាក់ប្រហែល២០០០ដុល្លារបន្ថែមទៅលើដីដែលត្រូវដោះដូរ ប្រសិនបើមានការបង្ខំ។
អ្នកស្រីមានប្រសាសន៍ថា«ថាមិនបង្ខំក៏ដូចជាបង្ខំដែរ។ គេថាបើមិនដោះដូរមិនដឹងទេ ក្រែងលោថ្ងៃក្រោយពិបាកចេញចូល។ជំទាវមកបបួលខ្ញុំ ខ្ញុំអត់បានដូរ ក៏ភូមិ ឃុំមកទៀត។ ឃុំមកសម្របសម្រួលឲ្យដូរ។ គេថាដូរមិនដូរប្រយ័ត្នគេបិទផ្លូវសន្តិសុខយាមក៏ពិបាកចេញចូល»។
អ្នកស្រីឲ្យដឹងទៀតថាក្នុងចំណោមប្រជាពលរដ្ឋ១១គ្រួសារ រហូតមកដល់ពេលនេះគ្រួសារមួយចំនួនបានដោះដូរតាមការបញ្ចុះបញ្ចូលរបស់ជំទាវ ដោយទទួលបានប្រាក់ទៅជាមួយប្រហែល៦០០ទៅ៨០០ដុល្លារ។
តាមពាក្យបណ្តឹងដែលអ្នកស្រី ណៃ ស្រី ដែលបានដាក់ទៅឃុំ ឲ្យដឹងថាប្រជាពលរដ្ឋចំនួន១១គ្រួសារដែលមានទីលំនៅដើមនៅភូមិកោះស្លា រងការបង្ខំឲ្យដោះដូរដីសម្បទានសង្គមកិច្ចដែលរដ្ឋាភិបាលផ្តល់ឲ្យ។ពាក្យបណ្តឹងបន្តថាប្រជាពលរដ្ឋ៤គ្រួសារ បានសម្រេចចិត្តដោះដូរដីរួចមកហើយ។
អ្នកភូមិលើកឡើងថាក្រុមហ៊ុនដាំម្រេចបានមកឈូសឆាយដីរបស់ពួកគាត់កាលពីកន្លងទៅ ប៉ុន្តែប្រជាពលរដ្ឋបានតវ៉ាទើបមានការបញ្ឈប់ទៅវិញ។
លោក ម៉ម រឿន អាយុ៤៩ឆ្នាំ ជាជនពិការដែលត្រូវបានឧកញ៉ាហៅទៅជួបផ្ទាល់ និងត្រូវបានភរិយារបស់ឧកញ៉ាប្រគល់ទូរស័ព្ទដៃមួយគ្រឿងសម្រាប់ប្រើប្រាស់ មានប្រសាសន៍ថាលោកបានយល់ព្រមក្នុងការដោះដូរដី ដោយសារក្រុមហ៊ុនសន្យាថានឹងធ្វើផ្ទះក្បែរថ្នល់ ធ្វើផ្សារ និងបង្កើតមុខរបរឲ្យរូបលោក។ លោកបន្តថាជំទាវក៏បានសន្យាថែមលុយមួយចំនួនដល់រូបលោកនៅពេលលោកចាកចេញ។លោកបញ្ជាក់ថា«គេគ្រាន់តែនិយាយថាបើបងប្អូនដោះដូរ ក៏ដូរទៅ គេមិនបង្ខិតបង្ខំទេ។ខ្ញុំមិនទាន់ដឹងថាតើតំបន់ដោះដូរនោះនៅកន្លែងណានោះទេ»។
ជំទប់ទី១ឃុំត្រពាំងភ្លាំងមកពីគណបក្សសង្រ្គោះជាតិ លោក សន សូវ មានប្រសាសន៍ថាលោកបានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ហើយលោកក៏បានចុះទៅពិនិត្យនៅតំបន់នោះដែរ។លោកបន្តថាប្រជាពលរដ្ឋត្រូវបានគេបំភិតបំភ័យ និងគំរាមកំហែងឲ្យដោះដូរដី។លោកបន្តថាប្រជាពលរដ្ឋទទួលបានប្រាក់២០០ទៅ៣០០ដុល្លារសម្រាប់ការដោះដូរដីនេះ។
តាមការអះអាងរបស់ប្រជាពលរដ្ឋ ពួកគេនៅតំបន់កោះស្លាហើយត្រូវបានរដ្ឋាភិបាលប្រគល់ដីសម្បទានសង្គមកិច្ចឲ្យក្នុងមួយគ្រួសារដីមានទទឹងប្រវែង៦៥ម៉ែត្រ និងបណ្តោយប្រវែង២៥០ម៉ែត្រកាលពីពីរបីឆ្នាំមុនដែលរហូតមកដល់ពេលនេះមិនទាន់បាន៥ឆ្នាំនៅឡើយទេ។
យោងតាមច្បាប់ភូមិបាលដែលចូលជាធរមានកាលពីឆ្នាំ២០០១ សម្បទានិកអាចស្នើសុំធ្វើជាម្ចាស់កម្មសិទ្ធិបាន ក្រោយពីបានកាន់កាប់ដីសម្បទានរយៈពេល៥ឆ្នាំជាប់ៗគ្នា។ សម្បទានិកដី សង្គមកិច្ចវិញ ក្នុងពេលរង់ចាំបានក្លាយជាម្ចាស់កម្មសិទ្ធិ (៥ឆ្នាំ) មិនអាចធ្វើការផ្ទេរសិទ្ធិរបស់ខ្លួនបានទេ គឺអាចមានសិទ្ធិត្រឹមតែប្រើប្រាស់ (សាងសង់លំនៅដ្ឋាន ដាំដុះ បង្កបង្កើនផល) និងអាស្រ័យផល (ជួល ប្រវាស់) តែប៉ុណ្ណោះ។
អ្នកគ្រប់គ្រងបុគ្គលិកនៅក្រុមហ៊ុនដាំម្រេច ដែលពលរដ្ឋភាគច្រើនស្គាល់ថាជាក្រុមហ៊ុនជប៉ុន លោក ឡាយ ប៉ិច លើកឡើងថារហូតមកដល់ពេលនេះក្រុមហ៊ុនបានដាំម្រេចបាន១០ហិកតា ហើយអាចនឹងទទួលផលក្នុងរយៈពេល៣ឆ្នាំទៀត។លោកបន្តថាក្រុមហ៊ុននឹងបន្តដាំម្រេចនៅលើដីប្រមាណ៥០ហិកតាទៀតនៅក្បែរភ្នំ។នៅពេលសាកសួរបន្តពីការលើកឡើងរបស់ប្រជាពលរដ្ឋ លោកថាលោកមិនបានដឹងពីបញ្ហានោះទេ ដោយណែនាំទៅសួរមេរបស់លោកដែលលោកហៅថា០០៩។លោកបញ្ជាក់ថា«ដីទាំងនោះវាអត់ពាក់ព័ន្ធនឹងក្រុមហ៊ុនទេ ទាក់ទងទៅអាជ្ញាធរ និងពលរដ្ឋសួរប្រធានភូមិ អាជ្ញាធរ និងម្ចាស់ដីទៅ។ខ្ញុំមិនដឹងទេ ខ្ញុំទើបតែចូលធ្វើការនៅទីនេះបានមួយខែកន្លះ»។
តាមរយៈការទាក់ទងតាមទូរស័ព្ទ បុរសម្នាក់ដែលមានងារ០០៩នៅក្រុមហ៊ុន បានអះអាងថាលោកមានឈ្មោះ និត ពឿន តែមិនចង់ប្រាប់ពីតួនាទីពិតប្រាកដ។លោកមានប្រសាសន៍ដូចជាស្ទាក់ស្ទើរថាលោកមិនដឹងថាក្រុមហ៊ុនជារបស់ជប៉ុនឬក៏ខ្មែរទេ ដោយលោកបង្វែរសំណួរទៅប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធវិញ។ប៉ុន្តែលោកថាក្រុមហ៊ុនមិនពាក់ព័ន្ធនឹងដីរបស់ប្រជាពលរដ្ឋនោះទេ។
លោកមានប្រសាសន៍ថា«(អ្នកព័ត៌មានសួរ៖លោកមានស្គាល់ជំទាវដែលពលរដ្ឋថាកំពុងទិញដីរបស់ពួកគាត់ទេ?)ខ្ញុំអត់ស្គាល់ទេទៅសួរពលរដ្ឋ និងជំទាវទៅ។(ចុះដីដាំម្រេចប៉ុន្មានហិកតាដែរ?គ្រប់គ្រប់ដោយនរណា?)ខ្ញុំអត់ដឹងទេ…»។
លោក ផាន ផាត អាយុ៤០ឆ្នាំ ដែលធ្វើការជាកម្មករឲ្យក្រុមហ៊ុន មានប្រសាសន៍ថាលោកគ្រាន់តែឃើញថៅកែជប៉ុន និងខ្មែរជាឧកញ៉ាជួបគ្នា។ លោកថាលោកទទួលបានប្រាក់កម្រៃពីក្រុមហ៊ុនក្នុងមួយថ្ងៃ២០០០០រៀល។ លោកបន្តថាលោកក៏មានដីនៅតំបន់នោះប្រហែល១,៥ហិកតាដែលត្រូវបានផ្តល់ដោយរដ្ឋាភិបាល តែលោកមិនដោះដូរនោះទេ បើទោះជាក្រុមហ៊ុនចង់បានក៏ដោយ។
មេភូមិព្រៃពាយ លោក ប្រាក់ នាគ ដែលពលរដ្ឋចោទថាជាប់ពាក់ព័ន្ធនឹងការបញ្ចុះបញ្ចូលឲ្យលក់ដី និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយឧកញ៉ា និងលោកជំទាវ មានប្រសាសន៍ថាឧកញ៉ា និងភរិយារបស់លោកមិនបានបង្ខំប្រជាពលរដ្ឋទេ ហើយអ្វីៗគឺត្រូវធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត។ លោកបញ្ជាក់ថា«ពលរដ្ឋចេះតែនិយាយ គេអត់បង្ខំ អត់វាយដំអ្វីដែរ»។ លោកពន្យល់ថាដីនៅតំបន់នោះជាដីដែលអាជ្ញាធរខេត្តបានដកយកពី លោក សែម សុវណ្ណដេត កាលពីឆ្នាំ២០០០ ហើយរដ្ឋាភិបាលបានចែកជូនពលរដ្ឋក្រីក្រ។លោកបន្តថាដីនៅតំបន់នោះមានពលរដ្ឋ៥៩គ្រួសាររស់នៅ តាមការចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំណែកពលរដ្ឋចំនួន១១គ្រួសារទៀតដែលកំពុងបញ្ចុះបញ្ចូលឲ្យដោះដូរដី ទើបតែមករស់នៅក្រោយនោះទេ។
លោក ប្រាក់ នាគ ឲ្យដឹងថាជំទាវដែលចង់ដោះដូរដីរបស់ប្រជាពលរដ្ឋនោះ ឈ្មោះ ហៀង គន្ធី ចំណែកប្តីដែលមានងារជាឧកញ៉ានោះមានឈ្មោះ អាំង ផល្លី។លោកសង្ស័យថាពួកគាត់ក៏ជាម្ចាស់ក្រុមហ៊ុនជប៉ុន ដោយសារការចេញចូលក្រុមហ៊ុនជាប្រចាំ។លោកថាលោកមិនបានស្គាល់លេខទូរស័ព្ទរបស់ឧកញ៉ានោះទេ។
VODបានព្យាយាមសុំលេខទំនាក់ទំនងពីក្រុមហ៊ុនជប៉ុន តែអ្នកចាត់ការថាពួកគេមិនស្គាល់នោះទេ។
អភិបាលខេត្តកំពត លោក លោក ខូយ ឃុនហួរ បានបដិសេធអធិប្បាយលើបញ្ហានេះ ដោយលោកមានប្រសាសន៍ថា«ខ្ញុំមានធុរៈ សូមកុំខលមកខ្ញុំទៀត»។ចំណែកអភិបាលរងខេត្តកំពត លោក អុឹង ម៉េងហួរ មានប្រសាសន៍ថាលោកមិនបានដឹងពីបញ្ហានេះទេ ដោយណែនាំទៅសួរអភិបាលខេត្តវិញ។ប៉ុន្តែលោកថាក្នុងករណីដោះដូរដីសម្បទានសង្គមកិច្ចដែលមិនទាន់ត្រូវបានប្រើប្រាស់៥ឆ្នាំ និងមិនមានប្លង់ត្រឹមត្រូវ គឺជារឿងខុសច្បាប់។
លោកបញ្ជាក់ថា«ហ្នឹងហើយទៅទិញដីសម្បទានសង្គមកិច្ចជារឿងខុសច្បាប់ ដោយសាររាជរដ្ឋាភិបាលផ្តល់ឲ្យពលរដ្ឋហើយយើងចង់ឲ្យគាត់បង្កបង្កើនផលក្នុងរយៈពេល៥ឆ្នាំទើបយើងសម្រេចប្រគល់ដីឲ្យគាត់។ គេមិនអាចបង្ខំទេ ប្រជាពលរដ្ឋអាចទំនាក់ទំនងទៅ ភូមិ ឃុំ និងខេត្ត។ គាត់[ពលរដ្ឋ]កុំឲ្យជឿគេ»។
តំណាងរាស្រ្តខេត្តកំពតរបស់គណបក្សសង្រ្គោះជាតិ លោក ជា ប៉ូច មានប្រសាសន៍ថាលោកបានទទួលការសុំណោះស្រាយរបស់ប្រជាពលរដ្ឋតាមរយៈទូរស័ព្ទ ដោយលោកជំរុញឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងទៅមណ្ឌលតំណាងរាស្រ្ត ហើយតំណាងរាស្រ្តនឹងចុះទៅដោះស្រាយជូនប្រជាពលរដ្ឋ។ លោកបន្តថាលោកមិនស្គាល់ថាតើអ្នកឧកញ៉ារូបណាដែលពាក់ព័ន្ធនឹងការទិញដីសម្បទានសង្គមកិច្ចទាំងនោះទេ។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាបានធ្វើអនុប្រយោគកាត់ផ្ទៃដីសរុបជាង១លានហិកតា និងបានចេញប័ណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋបានជាង៣,៦លានប័ណ្ណគិតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៤។ សេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៣ ខែតុលា ឲ្យដឹងថារាជរដ្ឋាភិបាលបានធ្វើអនុបយោគកាត់ផ្ទៃដីសរុបទំហំជាង១ លានហិកតាដែលក្នុងនោះទំហំជាង៣៧ម៉ឺនហិកតាកាត់ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន១៣៤ ទំហំជាង២៥ម៉ឺនហិកតាកាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន១៧ និងទំហំជាង៥២ម៉ឺនហិកតាកាត់ចេញពីដីរដ្ឋនិងដីព្រៃមានដីកាដកហូត ដើម្បីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ៕