មេដឹកនាំបក្សប្រឆាំង បានផ្ញើសារនយោបាយថ្មីទៀតនៅថ្ងៃសៅរ៍នេះថា អ្នកនយោបាយខ្មែរ គួដល់ពេលគិតពីការរួបរួមគ្នា កសាងសន្តិភាព ទៅថ្ងៃអនាគតសម្រាប់ក្មេងជំនាន់ក្រោយ ជាជាងឆ្កឹះកកាយរឿងពីអតីតកាល បង្កឲ្យខ្មែរបែកបាក់ គិតប្រយោជន៍តែម្នាក់ឯង។
ក្នុងពិធីចុះជួបអ្នកគាំទ្រនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ខែមករានេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ប្រទេសជឿនលឿនលើពិភពលោក គេគិតពីអនាគតច្រើនជាងអតីតកាល ដែលលោកថា ខុសពីអ្នកនយោបាយខ្មែរ គិតតែពីឆ្កឹះកកាយ រឿងពីអតីតកាលមកឈ្លោះគ្នាបង្កជម្លោះមិនចេះចប់។
លោក កឹម សុខា ឲ្យដឹងទៀតថា នៅពេលគណបក្សសង្គ្រោះជាតិបានគ្រប់គ្រង់អំណាច លោកថានឹងឲ្យគេឆ្លាក់រូបកុមារ ដាក់នៅមន្ទីររដ្ឋសភា ដែលលោកថា ដើម្បីរំឭកឲ្យអ្នកនយោបាយឲ្យធ្វើច្បាប់ គិតពីអនាគតកុមារ គិតអនាគតយុវជន ដែលលោកថាជាសវាងសភាធ្វើច្បាប់ការពារអំណាចបុគ្គល។
បើទោះជាមេដឹកនាំបក្សប្រឆាំងរូបនោះ និយាយមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែកន្លងទៅគេសង្កតឃើញ ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ធ្លាប់រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាជនប្តេចការ ដឹកនាំប្រទេសក្រោមរណបប្រទេសវៀតណាម និងធា្លប់រិះគន់ថា ជាជនក្បត់ជាតិជាដើម។
ចំណែងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញក៏បានវាយបកវិញធ្ងន់ៗថា លោកសម រង្ស៊ី កូនអ្នកក្បត់ជាតិ ជាជនក្បត់ជាតិ និងបានប្រកាសជំហថា ក្នុងនាមលោកជាអ្នកនយោបាយកំពូលមួយនៅកម្ពុជា លោកនឹងកំដលោក សម រង្ស៊ី គ្រប់ទង្រង់ មានក្តៅ ត្រជាក់ ស្លូត កាច ជាដើមផងដែរ។
លោក កឹម សុខា ថ្លែងបែបមោទនភាពថា នៅអាណត្តិក្រោយ គណបក្សលោកឈ្នះការបោះឆ្នោត លោកថា នឹងគិតពីអនាគតអ្នកបន្តវេណ និងមិនយកខ្មែរណាធ្វើជាសត្រូវឡើយ។
លោកបន្តថា៖កុំគិតពីខ្លួនឯងថា ធ្វើម៉េចអាញ់បាននៅយូរជាងគេ ធ្វើម៉េចអាចបង្វិលទ្រព្យបានច្រើនជាងគេ។ ល្មមហើយប៉ុណ្ណឹងសមរម្យហើយ ខ្មែរត្រូវរកឯកភាពជាតិឲ្យឃើញ។
ចំណែកគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំមកនេះ ក៏អះអាងប្រហាក់ប្រហែលនិងបក្សប្រឆាំងដែល ដោយពួកគេថា នៅអាណត្តិក្រោយនេះ គណបក្សដែលកាន់អំណាចយូរមួយនេះ និងឈ្នះការបោះឆ្នោតបានគ្រប់គ្រងអំណាចទៀត តាមរយៈនៃការការសាងហេថារចនាសម្ព័ន្ធ ដូចជាស្ពានថ្នល់ ជាដើម៕