ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវដល់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសឲ្យរក្សាភាពស្ងប់ស្ងាត់ ដោយលោកបារម្ភថា ដៃគូប្រកួត អាចនឹងយកសកម្មជននៅក្នុងប្រទេស ធ្វើជាចំណាប់ខ្មាំងបើមានកាតវ៉ាណាមួយ ប្រឆាំងមេដឹកនាំបក្សកាន់អំណាចនៅសហរដ្ឋអាមេរិកនោះ។
ការព្រួយបារម្ភរបស់លោក សម រង្ស៊ី នេះធ្វើឡើងបន្ទាប់ពីសមាគមខ្មែរនៅអាមេរិក ប្រកាសថា ពួកគេនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពេលលោកទៅចូលរួមប្រជុំកំពូលអាស៊ានអាមេរិក នៅថ្ងៃទី១៥ ខែកុម្ភៈនេះ។
ព័ត៌មាននៃការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅអាមេរិកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សកំពុងគ្រប់គ្រងអំណាចផងនោះ បានព្រមានតបវិញតាមបណ្តាញសង្គមរបស់លោកថា ពួកគេមានសិទ្ធិធ្វើបាតុកម្មប្រឆាំងនឹងលោកនៅក្រៅប្រទេស លោកថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏មានសិទ្ធិធ្វើបាតុកម្មប្រឆាំងមេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសដូចគ្នាដែរ។
ក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រនៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ខែកុម្ភៈនេះ លោក សម រង្ស៊ី ថ្លែងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបពីក្រៅប្រទេសមកថា ពលរដ្ឋខ្មែរអាមេរិកកាំង មានគម្រោងធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ដ្រី ដែលចូលរួមកិច្ចប្រជុំនៅអាមេរិកនៅថ្ងៃទី១៥ ខែកុម្ភៈ លោកថា គម្រោងធ្វើបាតុកម្មនោះ ជាសិទ្ធិសេរីភាពបញ្ចេញមតិ របស់ពួកគេ តែលោកថាមិនជាប់ពាក់ព័ន្ធនឹងគោលការណ៍របស់គណបក្សសង្គ្រោះជាតិនោះទេ។
មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរូបនោះ ដាក់ការព្រួយបារម្ភថា បក្សកាន់អំណាចអាចនឹងចោទប្រកាន់មេដឹកនាំ គណបក្សសង្គ្រោះជាតិណាម្នាក់នៅក្នុងប្រទេសធ្វើជាចំណាប់ខ្មាំង ករណីបាតុកម្មនៅក្រៅប្រទេសនេះដែលលោកថា អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខ។
លោកបន្ដថា៖អ្វីដែលសំខានគឺការបោះឆ្នោតចឹងហើយបានជាយើងអំពាវនាវថាកុំធ្វើអីដែលអាចផ្ដល់លេសទៅខាងគេអោយគេមកធ្វើបាបគ្នាយើងនៅប្រទេសកម្ពុជាខាងគេគឺចាប់ថ្នាក់ដឹកនាំនៅប្រទេសកម្ពុជាជាចំណាប់ខ្មាំងហើយគំរាមកំហែង បើអ្នកណាធ្វើអីនៅសហរដ្ឋអាមេរិកមកធ្វើបា បពួកយើងនៅ ប្រទេសកម្ពុជា អយុត្ដិធម៌ណាស់ពីព្រោះនេះជាទង្វើពួកជនផ្ដាច់ការមនុស្សសា ហាវដែលធ្វើកា រគំារាមកំហែ ងមិនចេះវែកញែក។
កាលពីចុងឆ្នាំ២០១៥ ខ្មែរនៅក្រៅប្រទេសធ្លាប់ធ្វើបាតុកម្មដោយសន្តិវិធីប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពេលលោកទៅចូលរួមកិច្ចប្រជុំនៅអាមេរិក និងប្រទេសបារាំង។
ប៉ុន្តែក្រោយពីមានការព្រមានពីលោកនាយករដ្ឋមន្ត្រីថា និងមានបាតុកម្មសងសឹកវិញនៅកម្ពុជា មួយថ្ងៃបន្ទាប់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានចេញតវ៉ាមុខរដ្ឋសភា រហូតមានផ្ទុះហិង្សាវាយដុំតំណាងរាស្ត្របក្សប្រឆាំងពីរនាក់ឲ្យរងរបួសធ្ងន់ និងឈានទៅដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភាទៀតផង។
បន្ទាប់មកប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ក៏ត្រូវតុលាការចេញដីកាឲ្យតាមចាប់ខ្លួនទាក់ទិននឹងបណ្តឹចាស់របស់រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។
ចំណែកឯប្រធានរដ្ឋសភា លោក ហេង សំរិន វិញក៏ប្រកាសថា លោក សម រង្ស៊ី អស់អភ័យឯកសិទ្ធិជាតំណាងរាស្ត្រមណ្ឌលកំពង់ចាមផងដែរ៕