សហព័ន្ធសហជីពអន្តរជាតិ (ITUC) បានដាក់លិខិតជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការងារធ្វើអន្តរាគមន៍ឲ្យមានការទម្លាក់បទចោទលើមន្ត្រីសហជីព និង ដោះលែងអតីតអ្នកបើកបររថយន្តកាពីតូល និង មន្ត្រីសហជីព។
ក្នុងលិខិតមួយចុះថ្ងៃទី១១ ខែកុម្ភៈ ផ្ញើរទៅកាន់រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានជំរុញឲ្យក្រសួងការងារ អន្តរាគមន៍ឲ្យមានការដោះលែងជនរងគ្រោះជាអតីតអ្នកបើករថយន្តកាពីតូល១នាក់ និង មន្ត្រីសហជីពម្នាក់ដែលកំពុងជាប់ឃុំ។
កាលពីថ្ងៃទី ៩ ខែកុម្ភៈ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ និង ឃុំខ្លួនអតីតអ្នកបើករថយន្តកាពីតូលម្នាក់ និងមន្ត្រីសហជីពម្នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រឆាំងអ្នករាជការសាធារណៈ និង ការរារាំងជាឧបសគ្គដល់ចរាចរណ៍សាធារណៈ។ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញក៏បានដាក់បទចោទលើមន្ត្រីសហភាពការងារថា ជាអ្នកនៅពីក្រោយករណីនោះ។ ទោះយ៉ាងណា ITUC ថាអំពើហិង្សានោះមិនពាក់ព័ន្ធជាមួយប្រធាន និង អគ្គលេខាធិការនៃសហភាពការងារកម្ពុជានោះទេ។
ក្នុងលិខិតដដែល ITUC បានលើកឡើងថា បើសិនជាក្រសួងការងារមិនមានវិធានការណ៍អន្តរាគមន៍លើបញ្ហានោះទេ សហព័ន្ធសហជីពអន្តរជាតិ នឹងជំរុញបន្ថែមឲ្យស្ថាប័នភាគីពាក់ព័ន្ធដូចជា ILO និងស្ថាប័នផ្សេងទៀតឲ្យដាក់សម្ពាធលើរដ្ឋាភិបាលលើបញ្ហានេះ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា ក្រសួងមិនមានសមត្ថកិច្ចលូកដៃក្នុងការអនុវត្តច្បាប់របស់តុលាការនោះទេ។ ប៉ុន្តែលោកថាក្រសួងការងារនឹងព្យាយាមពិនិត្យមើលគ្រប់ទិដ្ឋភាពផ្នែកច្បាប់ និង គាំទ្រដល់ភាគីសហជីពផងដែរ។
គួរបញ្ជាក់ថាអតីតអ្នកបើករថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូលនេះបានតវ៉ាតាំងពីខែកក្ដដាមក ដើម្បីឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ។ ដោយឡែកកាលពីថ្ងៃទី៥ និង ទី ៦ ខែកុម្ភៈការតវ៉ាបានផ្ទុះឡើងជាថ្មីរហូតដល់មានហិង្សាជាមួយភាគីម្ខាងទៀត ដែលជាសមាគមន៍រួបរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា។
ក្រោយពីហិង្សាកើតឡើង អង្គការសង្គមស៊ីវិលចំនួន៣៤ បានថ្កោលទោសចំពោះអំពើហិង្សានេះដែលបង្ករបួសធ្ងន់ និងស្រាលប្រមាណជាង២០នាក់ ហើយអង្គការទាំងនេះជំរុញឲ្យមានការស៊ើបអង្កេតឲ្យមានតម្លាភាពដើម្បីផ្តល់ដល់យុត្តិធម៌ដល់ជនរងគ្រោះ៕