សមាគមមួយដែលចងក្រងក្រុមអ្នកតរត់ម៉ូតូកង់៣ជំរុញឲ្យសង្គមស៊ីវិលកែតម្រូវការចោទប្រកាន់ពួកគេថាជាជនដៃដល់ ប្រើញញួរ ដែកសសៃ និងឧបករណ៍រឹងមួយចំនួនទៀតវាយដំអតីតបុគ្គលិកក្រុមហ៊ុនកាពីតូលឲ្យរងរបួសធ្ងន់ស្រាយ កាលពីសប្តាហ៍មុនដោយអះអាងថាការថ្កោលទោសនោះមានភាពលំអៀង។
កាលពីថ្ងៃទី៦ខែមករាព្រឹត្តិការណ៍ហិង្សាមួយបានផ្ទុះឡើងនៅមុខស្នាក់ការក្រុមហ៊ុនកាពីតូលជិតផ្សារអូឬស្សីក្នុងរាជធានីភ្នំពេញ។ ការប៉ះទង្គិចនោះកើតឡើងរវាងអតីតអ្នកបើកបររថយន្តដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារនិងសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជារបស់លោកលោក ឯ សុភាស់។
ក្រោយការប៉ះទង្គិចភាគីអ្នកតវ៉ាប្រឆាំងក្រុមហ៊ុនអះអាងថាពួកគេយ៉ាងតិច១៤នាក់រងរបួសធ្ងន់ក្នុងនោះអ្នកខ្លះបាក់ដៃខ្លះទៀតបែកក្បាលចំណែកបរុសពីរនាក់ទៀតដែលរងរបួសត្រូវសមត្ថកិច្ចខណ្ឌ៧មករាចាប់ខ្លួន។
ក្រោយផ្ទុះហិង្សាមួយថ្ងៃអង្គការសមាគមនិងសហជីពចំនួន៣៤បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយថ្កោលទោសចំពោះអំពើហិង្សានោះដោយសង្គមស៊ីវិលហៅថាជាការប្រព្រឹត្តឡើងដោយក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឈកម្ពុជា (ក្រុមអ្នករត់រ៉ឺម៉ក់កង់បី) ជាអ្នកការពារក្រុមហ៊ុនកាពីតូល។
ក្នុងសេចក្តីថ្លែងការណ៍រួមនោះអង្គការលីកាដូ សមាគមអាដហុក និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍រួមទាំងអង្គការមួយចំនួនទៀតក៏បានថ្កោលទោសនគរបាលស្ថិតនៅក្នុងហេតុការណ៍ថាមិនបានឆ្លើយតបឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ជៀសអំពើហិង្សានោះ។
ក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងក្នុងហាងលក់ដូរមួយជាប់ស្នាក់ការក្រុមហ៊ុនកាពីតូលនាព្រឹកថ្ងៃទី១០កុម្ភៈនេះប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាដែលចងក្រងអ្នករត់ម៉ូតូឌុបនិងរ៉ឺម៉ក់កង់៣លោក ឯ សុភាស់ បង្ហាញការខកចិត្តថា សង្គមស៊ីវិលទាំងនោះបានមើលរំលងពីការពិត។
លើរំលងពីការពិតលោក ឯ សុភាស់ អះអាងថាការប៉ះទង្គិចពេលនោះបង្កឡើងដោយភាគីម្ខាងទៀតជាអ្នកតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដែលលោកថាពួកគេបានលើកគ្នាមកបិទផ្លូវនិងរារាំងមិនឲ្យរថយន្តដឹកអ្នកដំណើរចេញទើបមានការប្រើហិង្សាវាយតប់គ្នាទៅវិញទៅមក។
ប្រធានសមាគមរូបនោះបានរិះគន់ចំៗទៅលើមន្ត្រីគ្រប់បច្ចេកទេសស៊ើបអង្កេតរបស់អង្គកាលីកាដូលោក អំ សំអាត ថាបានមើលរំលងពួកគេជាង២០នាក់ដែលលោកថាបានរងរបួសក្នុងព្រឹត្តិការណ៍នោះដូចគ្នា។
លោក ឯ សុភាស់ អះអាងថាដើម្បីឲ្យសាធារណជនមើលមកថាសង្គមស៊ីវិលឈរលើស្មារតីឯករាជ្យនិងអព្យាក្រិត្យលោកថា សង្គមស៊ីវិលដែលរួមគ្នាចេញសេចក្តីថ្លែងការណ៍នោះត្រូវធ្វើលិខិតជាលាយលក្ខអក្សរកែតម្រូវលិខិតថ្កោលទោសនោះឡើងវិញ។ លោកថា៖ “ខ្ញុំសោកស្តាយណាស់សង្គមស៊ីវិលអ្នកអាប៉ីតពេលដែលព្រឹត្តិការណ៍មួយប៉ះទង្គិចគេមិនហៅថាជាចេតនារបស់អ្នកណាមួយទេប៉ះទង្គិចហិង្សា។ ដើមហេតុដោយសាតាកុងឡានទាំងបីលើកគាត់ដើរទៅកាក់ផ្លូវពួកនេះការពារឆ្នាំងបាយទៅសុំការពារបើកផ្លូវឥឡូវអ្នកសារព័ត៌មានមើលមួយទៅបិទផ្លូវ មួយទៅបិទផ្លូវនរណាជាចេតនាមុនបន្ទាប់មកវាប៉ះទង្គិចហើយខ្ញុំក៏របួសគេក៏របួសដល់ថ្លែងការសង្គមស៊ីវិលរបួសតែម្ខាង”។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូលោក អំ សំអាត អះអាងថាលោកនឹងមិនពិចារណាលើការទាមទារនោះទេដោយអះអាងសេចក្តីថ្លែងការណ៍ផ្អែកលើភស្តុតាងនិងការចុះអង្កេតផ្ទាល់ដល់កន្លែងកើតហេតុ។
លោកបន្តថា៖ “សេចក្តីថ្លែងការណ៍ទាំងអស់នេះយើងផ្អែកលើទិដ្ឋភាពជាក់ស្តែងហើយយើងអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធព្រមទាំងតុលាការធ្វើការស៊ើបអង្កេតដោយតម្លាភាពដោយយុត្តិធម៌ទៅលើអំពើហិង្សាដែលកើតឡើងនៅថ្ងៃសៅរ៍ហ្នឹង។ ចំពោះអង្គហេតុនិងព្រឹត្តិការណ៍ផ្សេងៗយើងមានច្បាប់យើងមានទម្លាប់ បើសិនអ្នកណាប្រើហិង្សាពួកគាត់មានសិទ្ធិប្តឹងទៅតុលាការ ប្តឹងទៅអាជ្ញាធរចាត់វិធានការ យើងមិនអាចយកអំពើហិង្សាមកសងសឹកដោះស្រាយអំពើហិង្សាបានទេ។ ពីព្រោះបុគ្គលណាក៏ដោយឲ្យតែប្រើហិង្សាវាត្រូវតែទទួលទោសចំពោះមុខច្បាប់ដូចគ្នា”។
ប៉ុន្តែលោក ឯ សុភាស់ អះអាងទៀតថាបើសង្គមស៊ីវិលទាំងនោះមិនធ្វើការកែតម្រូវទេបុរសរូបនោះព្រមានថាពួកគេនឹងសុំអន្តរាគមន៍ពីរបស់រដ្ឋាភិបាលឲ្យចាត់វិធានការករណីនេះ។ លោកថា៖ “ខ្ញុំនឹងដាក់លិខិតផ្ទាល់ទៅក្រសួងមហាផ្ទៃដាក់ឈ្មោះចំៗទៅលើអង្គការសមាគមទៅក្រសួងមហាផ្ទៃ បើជាអង្គការអន្តរជាតិខ្ញុំដាក់ទៅក្រសួងការបរទេសដើម្បីឲ្យក្រសួងជំនាញទាំងអស់ចាត់វិធានការទៅធនាគារកណ្តាលធនាគារជាតិត្រួតពិនិត្យលើម្ចាស់ជំនួយលុយនឹងធ្វើឲ្យខ្មែរឈ្លោះគ្នាឬអត់”។
សម្រាប់នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា ដែលចូលរួមចេញសេចក្តីថ្លែងការណ៍ដែរនោះអះអាងថាសង្គមស៊ីវិលចង់ឲ្យភាគីពាក់ព័ន្ធទទួលយកការពិតចូលរួមគោរពច្បាប់ដោះស្រាយបញ្ហាដោយសន្តិវិធីដែលលោកថាដើម្បីចូលរួមលុបបំបាត់នីទណ្ឌភាពនៅកម្ពុជា។
លោកបន្ថែមថា៖ “មតិមហាជនទូទៅមើលឃើញថាការអនុវត្តច្បាប់ហ្នឹងហាក់មានស្តង់ដារពីរទៅហើយបើសិនជាក្រុមទាំងពីរប្រើហិង្សាទាំងពីរអញ្ចឹងវាគួតែត្រូវចាប់ខ្លួនទាំងពីរមិនមែនចាប់ខ្លួនតែម្ខាងទេ”។
បើតាមអតីអ្នកបើកបរថយន្តក្រុមហ៊ុនកាពីតូលអះអាងថាពួកគេធ្វើការនៅក្រុមហ៊ុននេះខ្លះ៥ឆ្នាំខ្លះទៀតជាង១០។ ពួកគេថា ក្រុមហ៊ុននោះបានប្រើពាក្យអសុរោះមកលើបុគ្គលិកមិនអនុញ្ញាតិឲ្យពួកគេទៅបោះឆ្នោតគ្រប់អាណត្តិ។
អ្នកដែលបានបញ្ឈប់ពីការងារបន្តទៀតថាធ្វើការថ្ងៃអាទិត្យថ្ងៃបុណ្យជាតិពួកគេថាក្រុមហ៊ុនមិនបានគិតប្រាក់អត្ថប្រយោជន៍បន្ថែមឲ្យពួកគេតាមច្បាប់ស្តីពីការងារទេរហូតពួកគេបង្កើតសហជីពដើម្បីជំរុញលក្ខខណ្ខការងារ។
ក្រុមអ្នកតវ៉ាថាក្រោយពីក្រសួងការងបញ្ជូនបញ្ជីឈ្មោះជាផ្លូវការមកក្រុមហ៊ុនពួកគេថាក្រុមហ៊ុនបានបញ្ឈប់ពួកគេជាសមាជិកសហជីពជាបន្តបន្ទាប់រហូត៤៥នាក់ធ្វើឲ្យផ្ទុះការតវ៉ាជាង៤០ថ្ងៃរហូតពេលនេះនូវមិនទាន់មានដំណោះស្រាយ។
ប៉ុន្តែភាគីក្រុមហ៊ុនវិញការពារខ្លួនថាការបញ្ឈប់អ្នកបើកបរទាំងនោះថាមកពីពួកគេមិនគោរពបទបញ្ជារបស់ក្រុមហ៊ុន៕