អ្នកផ្ទុកមេរោគអេដស៍ម្នាក់ទៀតក្នុងចំណោមមនុស្សជិត៣០០នាក់ដែលបានឆ្លងមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្ដបាត់ដំបង បានស្លាប់កាលពីថ្ងៃសៅរ៍។
កូនប្រុសរបស់សាកសពប្រាប់VODនៅកន្លែងបុណ្យសពថាម្តាយរបស់លោក អាយុ៨២ឆ្នាំ នៅភូមិរកា បានទទួលមរណភាពនៅល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីជំងឺនេះមានអាការៈធ្ងន់ធ្ងរជាងមួយបើទោះបីជនរងគ្រោះបានទទួលទានថ្នាំពន្យារបន្ដបន្ទាប់ក្ដី។ កូនប្រុសបន្ដថាម្ដាយរបស់លោកមាន
ផ្ទុកមេរោគអេដស៍នៅចុងឆ្នាំ២០១៤និងមានសុខភាពធម្មតាប៉ុណ្ណោះ ប៉ុន្ដែនៅដើមឆ្នាំ២០១៦នេះ ស្ដ្រីរងគ្រោះមានអាការៈធំពោះ ខណៈរូបគាត់មិនអាចទទួលថ្នាំថែទាំសុខភាព។
គួរបញ្ជាក់ថាកាលពីចុងឆ្នាំ២០១៤ មានករណីនៃការឆ្លងមេរោគអេដស៍មួយដែលបណ្តាលឲ្យមនុស្សប្រមាណ២៣៨នាក់ រស់នៅក្នុងឃុំរកាបានឆ្លងមេរោគអេដស៍។ តុលាការខេត្តបាត់ដំបងបានផ្តន្ទាទោសពេទ្យភូមិ លោក យ៉ែម ជ្រិន ដែលជាប់ពាក់ព័ន្ធនឹងការចម្លងមេរោគអេដស៍ទៅមនុស្សរាប់រយនាក់នៅក្នុងឃុំរកា ឲ្យជាប់ទោស២៥ឆ្នាំ។
រហូតមកដល់ពេលនេះ អ្នកភូមិឆ្លងមេរោគអេដស៍ចំនួន១១នាក់នៅឃុំរកា ដែលភាគច្រើនជាមនុស្សចាស់ បានស្លាប់៕