នៅថ្ងៃអាទិត្យនេះសង្គមស៊ីវិល ធ្វើការលើកកម្ពស់សិទ្ធិស្ត្រី បានបង្ហោះប៉ោងៗ និងប្រគំតន្ត្រីសម័យនៅរាជធានីភ្នំពេញ ដែលពួកគេហៅថា ជាយុទ្ធនាការមួយរយកោដិសំឡេង ប្រឆាំងនឹងការប្រើអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ។
នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាលោកស្រី រស់ សុភាព មានប្រសាសន៍ប្រាប់វីអូឌី(VOD)នៅថ្ងៃទី១៤ខែកុម្ភៈនេះថា យុទ្ធនាការនោះធ្វើឡើងពេលមួយថ្ងៃគឺនៅពេលព្រឹកធ្វើនៅសកលវិទ្យាល័យភូមិភ្នំពេញ និងពេលរសៀលធ្វើនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
មន្ត្រីសង្គមស៊ីវិលរូបនោះឲ្យដឹងទៀតថា យុទ្ធនាការនោះហៅថា មួយរយកោដិសំឡេង ក្រោមប្រធានបទ “ចូលរួមក្រោមប្រធានបទ!បញ្ចប់អំពើហិង្សាលើស្ត្រី និងកុមារ គឺជាការឲ្យតម្លៃលើខ្លួនឯង”។
លោកស្រី រស់ សុភាព ឲ្យដឹងទៀតថា យុទ្ធនាការនៅថ្ងៃទី១៤ ខែកុម្ភៈនេះ បានទាក់ទាញអារម្មណយុវជនច្រើនឲ្យចូលរួមកម្មវិធីនេះ ដែលលោកស្រីថា ដើម្បីបញ្ចៀសយុវជនមួយចំនួនកុំឲ្យយកថ្ងៃ១៤ កុម្ភៈដែលត្រូវនិងថ្ងៃបុណ្យនៃក្តីស្រឡាញ់នោះ ដើរខុសគន្លងប្រពៃណីខ្មែរ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកធ្វើយុទ្ធនាការឲ្យដឹងថា ករណីរំលោភសេពសន្ថវៈ និងប្រើហិង្សាលើស្ត្រីនិងកុមារនៅតែបន្តកើនឡើងគួឲ្យព្រួយបារម្ភ។
សេចក្តីប្រកាសនោះបញ្ជាក់ថា ក្នុងឆ្នាំ២០១៣ តាមរយៈនៃការសម្ពាសន៍បុរស និងស្រីចំនួនជាង១ពាន់នាក់(១៨៣១)អង្គការនោះថា បានរកឃើញបុរសដែលប្រើហិង្សានិងរំលោភផ្លូវភេទ ទៅលើដៃគូមាន៣៥ភាគរយ។ ចំនួននេះសង្គមស៊ីវិលថា ជាចំនួនកើនឡើង។
ដោយឡែក របាយការណ៍របស់សមាគមអាដហុកឲ្យដឹងថា ករណីហិង្សានិងរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារ ចំពោះករណីធ្ងន់ធ្ងរនៅឆ្នាំ២០១៥ មាន១៥០ករណី៕