អង្គការយូនីសេហ្វ(UNICEF)ប្រកាសដំណើរការផែនការសកម្មភាពថ្មីនៃកម្មវិធីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ដោយគម្រោងរយៈពេល៣ឆ្នាំនេះគ្រោងចំណាយថវិកាអស់៦៥លានដុល្លារ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយ អង្គការយូនីសេហ្វ និងក្រសួងផែនការបានឲ្យដឹងថា នៅថ្ងៃពុធនេះ ភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើផែនការសកម្មភាពថ្មីនេះ ដោយមានរដ្ឋមន្រ្តីក្រសួងផែនការលោក ឆាយ ថន តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Debora Comini ប្រធានយូនីសេហ្វប្រចាំប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបន្តថា ផែនការសកម្មភាពនេះនឹងកំណត់ និងធ្វើការឆ្លើយតបទៅនឹងឧបសគ្គចម្បងៗដែលបានរារាំងការទទួលបានសិទ្ធិរបស់កុមារនៅកម្ពុជា និងបង្ហាញនូវវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលបីឆ្នាំខាងមុខ។
រដ្នមន្រ្តីក្រសួងផែនការលោក ឆាយ ថន ត្រូវបានដកស្រង់សម្ដីនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ “យើងសប្បាយរីករាយណាស់ដោយសារកម្មវិធីប្រចាំប្រទេសថ្មីនេះនឹងផ្តោតការយកចិត្តទុកដាក់លើកុមារដែលងាយរងគ្រោះបំផុត ដែលធ្វើឲ្យមានកុមារកាន់តែច្រើននៅកម្ពុជាមានឱកាសរស់រានមានជីវិត និងលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អនិងផលិតភាពខ្ពស់”។
សេចក្ដីប្រកាសព័ត៌មានដដែលបានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសដែលមានចំនួនកុមារ និងក្មេងជំទង់ច្រើន ដោយប្រមាណ៤៥ភាគរយនៃប្រជាជនសរុបមានអាយុតិចជាងឬស្មើ១៩ឆ្នាំ។ ជាមួយគ្នានេះ ប្រជាជនប្រមាណ១១ភាគរយមានអាយុតិចជាង៥ឆ្នាំ។
សេចក្ដីប្រកាសព័ត៌មានក៏បានដកស្រង់សម្ដីរបស់លោកស្រី Debora Comini ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជាផងដែរថា៖ “វិសមភាពអាចបន្តពីមួយជំនាន់ទៅជំនាន់មួយទៀតនៅក្នុងវដ្តជីវិតដែលគ្មានទីបញ្ចប់ ហើយដែលនឹងប៉ះពាល់ដល់សង្គមទាំងមូល។ ហេតុដូចនេះ ការវិនិយោគលើកុមារគឺជាការវិនិយោគដ៏ល្អបំផុតដែលប្រទេសកម្ពុជាអាចធ្វើបានសម្រាប់អនាគតរបស់ខ្លួន”។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងដែរថា កម្មវិធីប្រចាំប្រទេសរបស់យូនីសេហ្វឆ្នាំ២០១៦-២០១៨ នឹងដំណើរការសម្រាប់ទូទាំងប្រទេស ប៉ុន្តែវានឹងផ្តោតសំខាន់ទៅលើខេត្ត ស្រុក និងឃុំ ទាំងទ្បាយណាដែលមានគម្លាតខ្ពស់ និងសូចនាករ អភិវឌ្ឍន៍កុមារមិនល្អ ដោយអះអាងថា ដើម្បីធានាថាអន្តរាគមន៍នឹងអាចទៅដល់កុមារដែលងាយរងគ្រោះ និងលំបាកបំផុត។
បើតាមសេចក្ដីប្រកាសព័ត៌មាន កម្មវីធីរបស់យូនីសេហ្វបានទទួលថវិកាទាំងស្រុងពីវិភាគទានសប្បុរសធម៌ និងស្ម័គ្រចិត្តពីបណ្តារដ្ឋាភិបាលម្ចាស់ជំនួយ សប្បុរសជន វិស័យឯកជន និងគណៈកម្មាធិការជាតិយូនីសេហ្វនៅទូទាំងពិភពលោក។ កម្មវិធីនេះនឹងត្រូវអនុវត្តក្រោមកិច្ចសហការជាមួយនឹងស្ថាប័នរបស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ស្ថាប័នអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នអង្គការសហប្រជាជាតិដទៃទៀត៕