ប្រធានាធិបតីភូមាដែលត្រៀមខ្លួនដើរចេញពីអំណាចបានសម្រេចលុបចោលការធ្វើដំណើរទៅកាន់អាមេរិកដែលត្រូវតែចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅរដ្ឋ California នៅថ្ងៃ១៥-១៦កុម្ភៈនេះ។
Zaw Htay អ្នកនាំពាក្យប្រធានាធិបតីដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉ូទ័រគឺបានឲ្យដឹងថាលោក ថេន សេន មិនអាចចាកចេញពីប្រទេសបានទេនៅពេលនេះដោយសារតែលោកមានភារកិច្ចជាច្រើនដែលត្រូវធ្វើ។ តាមមន្ដ្រីរូបនេះលោកអនុប្រធានាធិបតី Nyan Htun បានទៅចូលរួមកិច្ចប្រជុំនោះជំនួសលោក ថេន សេន។
ប្រធានាធិបតី ថេន សេន ធ្លាប់បានទៅកាន់សេតវិមានម្ដងកាលពីឆ្នាំ២០១២តាមការអញ្ជើញរបស់សមភាគីលោក អូបាម៉ា។ ទស្សនកិច្ចរបស់លោក ថេន សេន នៅពេលនោះគឺដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោកនៅចំពោះមុខលោក អូបាម៉ា ពីការកែទម្រង់ការដឹកនាំប្រទេស។
តែបែបនេះក្ដីលោក ថេន សេន ដែលជាមេដឹកនាំភូមាលើកបន្ដដោយពួកកងទ័ពនៅតែមានឈ្មោះមេដឹកនាំរំលោភសិទ្ធិមនុស្ស។
តាមប្រភពរបស់បណ្ដាញផ្សាយព័ត៌មាននានាតុលាការសហព័ន្ធប្រទេសអាមេរិចកាលពីខែកញ្ញាឆ្នាំ២០១៥បានចេញដីកាកោះហៅលោក ថេន សេន មកសាកសួរករណីនេះ។
លោក ថេន សេន ត្រូវគេរំពឹងថានឹងផ្ទេរអំណាចទៅឲ្យគណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សានស៊ូជី នៅចុងខែមីនាដែលត្រូវបានមើលឃើញថាជាការផ្ទេរអំណាចប្រវត្តិសាស្ដ្រមួយរបស់ភូមាដែលកើតមានម្ដងគត់ក្នុងរយះពេលជាង៥០ឆ្នាំមកនេះ៕
ប្រភព: Reuters