គណបក្សដែលទើបបង្កើតថ្មីមួយមិនទាន់ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតប្តេជ្ញាថានឹងខិតខំធ្វើយ៉ាងណាឲ្យមានតំណាងកសិករទូទាំងប្រទេសយ៉ាងតិចចំនួន១០រូប ចូលរួមជជែកបញ្ហានិងបង្កើតច្បាប់នានាដើម្បីការពារផលប្រយោជន៍របស់កសិករ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ដើម្បីបង្ហាញពីគោលនយោបាយអភិវឌ្ឍមូលដ្ឋានក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ខាងមុខ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានប្តេជ្ញាធ្វើយ៉ាងណាឲ្យមានតំណាងកសិករចូលរួមក្នុងការជជែក ពីបញ្ហារបស់កសិករក្នុងសភានិងបង្កើតច្បាប់ការពារកសិករដើម្បីឲ្យកសិករកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង។
ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ មានប្រសាសន៍ថាកន្លងមករដ្ឋាភិបាលមិនទាន់មានកម្មវិធីថ្នាក់ជាតិដូចជាបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅបង្រៀនកសិករមូលដ្ឋាននៅឡើយទេ។ លោកបន្ថែមថាដូច្នេះលោកក៏ចងឲ្យមានតំណាងរាស្រ្តដែលគាំទ្រដោយ កសិករ លើកឡើងពីបញ្ហារបស់កសិករទៅពិភាក្សានៅក្នុងសភា។
លោកបន្ថែមថា៖ “កន្លងមកក្នុងតំណាងរាស្ត្រ១២៣រូប ខ្ញុំមិនដែលឃើញតំណាងរាស្រ្តណានិយាយរឿងកសិករ ខ្ញុំអត់ដែលលឺនិយាយរឿងការពារផលប្រយោជន៍កសិករទេ។ ធ្វើច្បាប់ដើម្បីជួយកសិករ តស៊ូមតិស្វិតស្វែងដើម្បីកសិករ មានតែនិយាយរឿងដីធ្លី អត់និយាយធ្វើម៉េចឲ្យកសិករមានទុន មានទឹក មានទីផ្សារ ចេះបញ្ចេកទេសអាហ្នឹងជារឿងមួយសំខាន់ដែលយើងចង់ឃើញហើយតំណាងរាស្រ្តដែលចេញពីកសិករ ហើយគាំទ្រដោយកសិករពិតប្រាកដនោះ នឹងចូលរួមធ្វើឲ្យមានគោលនយោបាយកសិកម្មនិងការផ្លាស់ប្តូរ”។
វីអូឌីមិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត បាននៅឡើយទេដោយហៅទូរស័ព្ទចូលមិនមានអ្នកអ្នកទទួល។ ចំណែកលោក ឡោ រស្មីថាកំពុងរវល់ប្រជុំ។
អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន មានប្រសាសន៍ថាកសិករនៅ តាមមូលដ្ឋានមានរហូតដល់ទៅ ជាង៨០ភាគរយ ហើយកន្លងពួកគាត់ ជួបបញ្ហាជាច្រើន ដូចជាខ្វះផ្នែក បច្ចេកទេសធ្វើកសិកម្ម បញ្ហាទីផ្សារក្នុងការលក់ផលកសិកម្មផងដែរ។
លោកបន្ថែមថា៖ “បញ្ហាដែលជួបប្រទះនោះបានន័យថាមិនមានតំណាងរាស្ត្រ ឬក៏តំណាងរបស់ពួកគាត់ទៅចរចារលើកឡើង អំពីបញ្ហារបស់ពួកគាត់ ជាពិសេសបញ្ហាទីផ្សារ បញ្ហបច្ចេកទេសផ្នែកកសិកម្ម ក៏ដូចជាការជជែកឲ្យរដ្ឋសភាដាក់ថវិកាជាតិ ដើម្បីធ្វើការគាំទ្រដល់កសិករខ្នាតតូចនៅជនបទ ដើម្បីឲ្យពួកគាត់ផលិតនូវដំណាំទ្រទ្រង់វិស័យកសិកម្មហ្នឹងគឺអត់មានទេ”។
នៅក្នុងសន្និសិទសារព័ត៌មាននោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានលើកឡើងពីគោលនយោបាយ១៦ចំណុចក្នុងការពង្រឹងមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះក៏មានចំណុចលើកឡើងពីការផ្ដល់ឱកាសឲ្យកសិករគ្រប់រូបទទួលបានទុន ទឹក ទីផ្សារ បច្ចេកទេសនិងមានដីសម្រាប់ប្រកបមុខរបរសិកម្មបានប្រាក់ចំណូលខ្ពស់ផងដែរ។
គួរបញ្ជាក់ថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានរំពឹងថានឹងមានសមាជិកយ៉ាងតិច១៥០០នាក់មកពី ១០០ឃុំចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ ២០១៧ខាងមុខ ហើយនឹងរំពឹងទទួលបានជ័យជំនះយ៉ាងតិច ២០ឃុំដើម្បីអនុវត្តការងារមូលដ្ឋាន៕