លោក ហ៊ុន សែន ថា​លិខិត​របស់​ព្រឹទ្ធសភាអាមេរិកមានអត្ថន័យ”ជេរ”រូបលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ​បានថ្លែង​រិះគន់​លិខិត​របស់ព្រឹទ្ធសភាអាមេរិក​ដែល​ផ្ញើមករូបលោកស្តីពីបញ្ហាសិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​លោក​ថា​ការបញ្ជូនលិខិតនោះទៅវិញ​ ដោយ​សារ​លិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។​

សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀត។

ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ប្រមាណ​៥០០នាក់នៅរដ្ឋកាលីហ្វញ៉ា ខណៈលោកកំពុង​បំពេញទស្សនកិច្ចនៅទីនោះ លោក ហ៊ុន សែន បានថ្លែង​ថា​ការបញ្ជូនលិខិត​របស់​ព្រឹទ្ធសភាអាមេរិកទៅវិញ គឺ​ជាសិទ្ធិរបស់​លោក។​ លោកមានប្រសាសន៍ថា៖ “អ្នកឯងមានសិទ្ធិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធិអត់ទទួល ហើយផ្ញើសំបុត្រហ្នឹង​ទៅ​ឲ្យ​អ្នកឯងវិញ​។ អាហ្នឹងសិទ្ធិទល់សិទ្ធិតើ”។ លោក​បន្ថែម​ថា៖ “ខ្ញុំថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យ​ម្ចាស់ដើមវិញទៅ ចប់ហើយ​រឿងហ្នឹង មិនបាច់ឲ្យ​ខ្ញុំដឹង​ហើយ​។​ …ផ្សាយ​ទៅថាផ្ញើឲ្យ​លោក ហ៊ុន សែន លោក​ ហ៊ុន សែន​ អត់ទទួល។ វាចប់ត្រឹមប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យ​គេ គេអត់ទទួល។ ខ្ញុំវាអត់ឯករាជ្យ”

លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀតថា​រហូត​មកដល់ពេលនេះ ប្រធានាធិបតីអាមេរិក​មិន​ដែលផ្ញើលិខិត​បែប​រិះគន់​នេះ​មក​រូប​លោក​នោះទេ។ លោកមានប្រសាសន៍ថា៖ “សូម្បីតែសំបុត្រអូបាម៉ា​ក៏ដោយ បើ​ថា​សំបុត្រហ្នឹង ឃើញគេមកជេរខ្ញុំ ខ្ញុំចាំតែទទួលតើ។ តែ​អូបាម៉ាមិនទាន់មកធ្វើអញ្ចឹងទេ ក្នុងឋានៈគេជាប្រធានាធិបតី គេមិនធ្វើអញ្ចឹងទេ”។​

លោកស្រី ឡាំ បញ្ចពរ លេខាធិការ​ទី១នៃ​​​ស្ថាន​​ទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកប្រចាំទីក្រុង​វ៉ាស៊ីនតោនឌីស៊ី  បានប្រាប់វីអូឌីតាមរយៈអ៊ីម៉េលថា៖ “ស្ថានទូតមិនអាចទទួលយកលិខិតនោះបានទេ។ ស្ថាន​ទូត​ក៏បា​ន​​ផ្ញើ​​លិខិត​ខាងលើ​ត្រឡប់​ទៅសមាជិកព្រឹទ្ធសភាទាំង៧រូប តាម​emailនិង​ជូនផ្ទាល់ទៅដល់ការិយាល័យ​របស់គេវិញហើយ”​

លិខិតរបស់សមាជិកព្រឹទ្ធសភា​ធ្វើឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ មុន​ពេល​លោក ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ច​​នៅសហរដ្ឋអាមេរិក​ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន។ រហូត​មកដល់ពេលនេះ មិនទាន់ដឹង​ថា​តើ​លោក ហ៊ុន សែន នឹង​ជួបទ្វេភាគីជាមួយ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា​ ឬ​យ៉ាងណានោះទេ។​

នៅក្នុងលិខិត សមាជិកព្រឹទ្ធសភាទាំងនោះ​​​បាន​លើក​ឡើង​ថា​ពួកគេ​​មានកង្វល់​នឹង​សេចក្តី​រាយការណ៍​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​នៅតែ​បន្ត​បដិសេធ​នូវការទាមទារស្របច្បាប់​របស់​ពលរដ្ឋកម្ពុជា​ ក្នុងគោល​បំណងឲ្យ​​កម្ពុជា​កាន់តែ​មានតម្លាភាព យុត្តិ​ធម៌និង​ប្រជា​ធិបតេយ្យ។ ​ពួកគេបានលើក​ឡើង​ពីការព្រួយបារម្ភនៃការរាយការណ៍លើ​​ភាពមិនប្រក្រតីច្រើន​​ដែលត្រូវបានសង្កេតអំឡុង​ពេល​បោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ​២០១៣ ការរំលោភ​បំពានដីធ្លី​ ការ​ជួញដូរមនុស្សនិង​ការ​វាយតំណាងរាស្រ្ត​គណបក្សប្រឆាំង​កាលពីឆ្នាំមុន។​

បើតាមលិខិតនោះ ​សមាជិកព្រឹទ្ធសភាសង្ឃឹមថា​គណបក្ស​ប្រជាជនកម្ពុជានឹង​គោរព​ឆន្ទៈ​ប្រជា​ជន​និង​អនុ​ញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្សសង្រ្គោះជាតិ​អាច​បំពេញអាណត្តិ​របស់ខ្លួន​​ដោយ​សេរីនិង​គ្មានការ​គំរាមកំហែង។ ពួកគេ​បញ្ជាក់​ថា​៖ “ជាការសោកស្តាយ​ឧបទ្ទវហេតុ​បន្តបន្ទាប់​កាលពីប៉ុន្មានខែថ្មីៗនេះ រួមទាំងការ​វាយប្រហា​រតំណាងរាស្រ្ត​ដោយ​ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ប្រឆាំងនឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ នៅមុខ​អគារ​រដ្ឋសភាកាលពីខែតុលា បាន​ធ្វើឲ្យ​ដំណើរការប្រជាធិបតេយ្យ​កាន់តែខ្សោយទៅៗ”

សមាជិកព្រឹទ្ធសភា​​ក៏បានអំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការ​​​បញ្ឈប់ការរំលោភ​ដីធ្លី​និង​ចាប់អ្នករំលោភបំពាន​​មកផ្តន្ទាទោស។

បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​អាច​ត្រឡប់ចូល​​កម្ពុជាវិញ​ដោយ​គ្មាន​ការ​ភ័យខ្លាច​នៃការចាប់ខ្លួន​និងការកាត់ទោសនិង​បញ្ចប់​ការ​យាយីនិង​​ការគំរាមកំហែង​សិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។ ពួកគេក៏បាន​​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សសញ្ជាតិអាមេរិក​លោក មាជ សុវណ្ណារ៉ាផងដែរ​។

សមាជិកព្រឹទ្ធសភាបាន​បញ្ជាក់ថា៖ “សហរដ្ឋអាមេរិកជាប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ ហើយ​យើង​នឹង​បន្ត​តាមដាន​ការរីកចម្រើនរបស់កម្ពុជា​យ៉ាងយកចិត្តទុកដាក់”

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ប្រាប់វីអូឌីថា​ករណីលោក សម រង្ស៊ី និង​លោក មាជ សុវណ្ណារ៉ា ជារឿងរបស់តុលាការ។ ករណីជម្លោះ​ដីធ្លី លោកស្នើ​ឲ្យសមាជិក​​ព្រឹទ្ធសភា​សួរនាំ​ទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីដឹងពីស្ថានភាពពិត​នៅកម្ពុជា។ អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា៖ “សមាជិកព្រឹទ្ធសភាគួរតែ​ទៅសុំប្រធានា​ធិបតីអាមេរិ​ក​ខ្លួ​ន​ឯង ឲ្យដឹងថាខ្លួនជាប់ឆ្នោតជាសាមជិកព្រឹទ្ធសភាសម្រាប់ធ្វើការឲ្យអាមេរិកមិនមែនធ្វើការឲ្រខ្មែរទេ។ អ៊ីចឹងគួរទៅ​ប្រាប់​អូបាម៉ាដែលជាប្រធានាធិបតីរបស់ខ្លួន ឯរឿងកម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិតដទៃទៀតក្តី អាហ្នឹងជារឿងរបស់កម្ពុជា”

កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ សមាជិក​សភាអាមេរិក​ចំនួន​១៦រូបបាន​សរសេរ​លិខិត​ទៅ​កាន់​លោក​ ​ ហ៊ុន សែន ក្រោយពីមានការ​លុប​សមាជិកភាព​របស់​​លោក សម រង្ស៊ី​ ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​ការ​វាយប្រហារ​មក​​លើ​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ ញ៉យ ចំរើន​ និង​លោក គង់​ សភា។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាតាមរយៈលិខិតរបស់ព្រឹទ្ធសមាជិកអាមេរិកនេះ លោកយល់ថា​ជំនួបទ្វេភា​គីរវាងមេដឹកនាំអាមេរិកនិង​កម្ពុជាអាចនឹងកើតមានឡើង ហើយអាមេរិកអាចរឹត​ចំណងមិត្ត​ភាពកាន់​តែល្អ​ជាមួយកម្ពុជាបើសិនជាកម្ពុជាសន្យាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងសព្វថ្ងៃ។ លោកបន្ថែមថា៖ “(ជំនួប)មួយទល់មួយខ្ញុំថាប្រហែលជាអាចលើកឡើងដូចខ្ញុំថាពីតាំងពីដើមអ៊ីចឹងសហរដ្ឋអាមេរិកត្រូវការការកែប្រែណាមួយពីប្រទេស​កម្ពុជា​ជាសម្បទានដើម្បីចងមិត្តភាពជិតស្និទ្ធិជាងហ្នឹង​បើករណីក្នុងរូបភាពបែបរាល់​ថ្ងៃនេះខ្ញុំ​មើលទៅ​សហរដ្ឋ​អាមេរិក​មានការលំបាកណាស់ ព្រោះខ្លាចមានការតវ៉ាពីសភានិងប្រជាពលរដ្ឋរបស់ខ្លួន ព្រោះសភាអា​មេរិក​មាន​អំណាច​ខ្លាំង​ណាស់​”​

ក្នុងដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​សហរដ្ឋអាមេរិក ​​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ធ្វើបាតុកម្មប្រឆាំង​នឹង​លោក​ ហ៊ុន សែន បើទោះ​ជា​លោក សម រង្ស៊ី ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ