សហគមន៍មួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជំរុញអាជ្ញាធរខេត្តឲ្យពន្លឿនធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគេជិត៧០គ្រួសារដោយអះអាងថាពួកគេថាបានមករស់នៅតំបន់នោះជិត៣០ឆ្នាំមកហើយ។
ប្រធានសហគមន៍អូរត្រជាក់ចិត្តស្ថិតក្នុងស្រុកព្រៃនប់លោក សំ សុផាត អាយុ៤៧ឆ្នាំឲ្យVODដឹងថានៅថ្ងៃទី១៥ខែកុម្ភៈនេះ ពួកគាត់បានដាក់ញត្តិម្តងទៀតទៅភិបាលខេត្តព្រះសីហនុជំរុញឲ្យអាជ្ញាធរពន្លឿនយន្តការចុះវាស់វែងកាត់ឃ្វៀលដីនិងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់៦៨គ្រួសារ។
បុរសរូបនោះអះអាងទៀតថាពួកគាត់បានរស់នៅនិងអាស្រ័យផលលើដីទំហំដីជាង២៤០ហិកតានៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់នោះ គាត់ថាខ្លះមកនៅឆ្នាំ១៩៨៨និងខ្លះទៀតមករស់នៅឆ្នាំ១៩៩២ ប៉ុន្តែតំណាងរូបនោះអះអាងថាពួកគេនៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិពីរដ្ឋាភិបាលទេ។
លោក សំ សុផាត អះអាងទៀតនៅឆ្នាំ២០១២ក្រុមហ៊ុនឯកជនមួយបានរារាំងក្រុមនិស្សិតមិនឲ្យចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគេដោយអះអាងថាដីនោះជាដីរបស់ក្រុមហ៊ុន។ លោកបន្តថា៖ “ការងារដាំដុះវាខិតជិតចូលមកដល់។ អញ្ចឹងការព្រួយបារម្ភថាបើអត់ផ្លាស់ទៅ[អត់ដោះស្រាយ]នៅតែពាក់ព័ន្ធហ្នឹងរហូតអត់បានធ្វើអីទេ[ធ្វើស្រែចំការ]។ ប្រជាពលរដ្ឋកាន់តែជួបការលំបាកទៅៗអញ្ចឹងសុំឲ្យអភិបាលខេត្តពន្លឿនៗការវាស់វែងនេះ”។
តំណាងអ្នកតវ៉ាមួយរូបទៀតគឺលោក សំ សុផល អះអាងដែថាពួកគេជាកសិកររស់នៅពឹងអាស្រ័យតែដីស្រែដីចំការលោកថា បើបាត់ដីស្មើនឹងបាត់ជីវិត។ បុរសរូបនោះព្រួយបារម្ភថាបើរដ្ឋាភិបាលនៅតែពន្យាពេលចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគេ គាត់ថាពួកគាត់ជិត១០០គ្រួសារនោះនឹងត្រូវគេបណ្តេញចេញនៅថ្ងៃណាមួយ។ លោកបន្ថែមថា៖ “បើសិនជាអត់ដីបញ្ហាជីវភាព របស់ពួកយើងជួបបញ្ហាមែនទែនមានទៅធ្វើអី មានតែទៅធ្វើខ្ញុំគេ តែបើខ្លួនខ្ញុំនៅក្មេងដូចពីមុនចេះតែធ្វើបានតែបើឥឡូវចាស់ហើយទៅធ្វើអីកើត!”។
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន អះអាងថាលោកទទួលស្គាល់ពីការព្រួយបារម្ភរបស់អ្នកតវ៉ា ប៉ុន្តែលោកថាបញ្ហានេះ លោកត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ដោះស្រាយ។ លោកបន្តថា៖ “ជារួមគឺគំនិតខ្ញុំចង់ជំរុញការដោះស្រាយវិបត្តិដីធ្លី ដែលកន្លងទៅធ្លាប់តែមានការជាប់គាំងការឈ្លោះប្រកែកគ្នាហ្នឹងឲ្យបានឆាប់។ ប៉ុន្តែអ្វីដែលអាចធ្វើទៅបាននោះវាមិនអាចដូចយើងគិតវាអាចយឺតយ៉ាវក្នុងរឿងនេះ។ មិនឲ្យយូទេពេលខ្លះខ្ញុំទៅខ្លួនឯង”។
មន្ត្រីសម្របសម្រួលរបស់អង្គការលីការដូប្រចាំខេត្តព្រះសីហនុលោក បួន ណារិទ្ធ លើកឡើងថានៅខេត្តនេះការធ្វើប័ណ្ណជាលក្ខណប្រព័ន្ធលោកថាធ្វើបានតែនៅទីប្រជុំជនមួយចំនួនលោកថាចំណែកឯតំបន់ឆ្លាយៗខ្លះមិនទាន់បានធ្វើនៅឡើយ។
មន្ត្រីសង្គមស៊ីវិលរូបនោះឲ្យដឹងទៀតថាដីនៅតំបន់ដែលសហគមន៍ឡើងមកតវ៉ាច្រើនដងនេះលោកថាស្ថិតក្នុងតំបន់គម្របព្រៃឈើនិងមានភាពចម្រូងចម្រាសជាមួយក្រុមហ៊ុនឋានសួគ៌ដែលលោកថាក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគនៅតំបន់នោះ។
ទោះជាយ៉ាងណាលោក បួន ណារិទ្ធ អះអាងថាប្រជាសហគមន៍អូរត្រជាក់ចិត្តនោះពិតជាបានមករស់នៅតំបន់នោះច្រើនឆ្នាំ មានលិខិតទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
មន្ត្រីសង្គមស៊ីវិលរូបនោះជំរុញឲ្យរដ្ឋាភិបាលពន្លឿនធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគេដែលលោកថាដើម្បីបំបាត់ភាពភ័យខ្លាចពីការបណ្តេញចេញនិងកាត់បន្ថយការចំណាកស្រុកខុសច្បាប់។
លោកបន្ថែមថា៖ “យើងចង់ឲ្យរដ្ឋាភិបាលពន្លឿនកាត់ឃ្វៀលដីជូនប្រជាពលរដ្ឋខ្មែរយើងឲ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០១៦ ក្នុងអាណត្តិនេះពីព្រោះប្រជាពលរដ្ឋហ្នឹងគាត់ចង់បង្កបង្កើនផលចង់ធ្វើអ្វីអាចធ្វើបានលុះត្រាតែមានប័ណ្ណកម្មសិទ្ធិ។ ហើយបើអត់មានប័ណ្ណអញ្ចឹងពួកគាត់ចង់ដាំដុះចង់ធ្វើអីក៏អត់បានដែរគឺស្ថិតក្នុងស្ថានភាពភ័យខ្លាចរហូត។ អញ្ចឹងហើយបានជាជីវភាព របស់ពួកគាត់នៅតែក្រលំបាកចំណាកស្រុករហូតហ្នឹង”។
កន្លងទៅលោកនាយករដ្ឋមន្ត្រីធ្លាប់លើកឡើងថាបើទោះបីពលរដ្ឋបានទៅរស់នៅលើព្រៃអភិរក្សឬគម្របព្រៃក៏ដោយបើតំបន់នោះបានក្លាយជាភូមិឃុំលោកថាអាជ្ញាធរត្រូវកាត់ឃ្វៀលដីនៅតំបន់នោះប្រគល់ឲ្យពលរដ្ឋរស់នៅដោយស្របច្បាប់។
ប៉ុន្តែមកដល់ពេលនេះជម្លោះដីធ្លីនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តផ្ទុះឡើងដោយពលរដ្ឋអះអាងថាអាជ្ញាធរខ្លះមិនបានអនុវត្តតាមអនុសាសន៍របស់រដ្ឋាភិបាល៕