ប្រធានគណបក្សឈ្នះឆ្នោតនៃប្រទេសភូមាលោកស្រី អ៊ុងសានស៊ូជី បានព្រមានប្រាប់ទៅអ្នកតំណាងរាស្ដ្ររបស់លោកស្រីថាកុំយកតួនាទីដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួន។
ការព្រមានរបស់លោកស្រីអ៊ុងសានស៊ូជីធ្វើឡើងនៅក្នុងអំឡុងនៃសិក្ខាសាលារយៈមួយសប្ដាហ៍សម្រាប់អ្នកតំណាងរាស្ដ្រជាប់ឆ្នោតដែលបានធ្វើឡើងតាំងពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មានIrrawaddyសិក្ខាសាលានោះចូលរួមផងដែរដោយតំណាងៗរបស់ពួកយោធា។លោកស្រីអ៊ុងសានស៊ូជីបានថ្លែងទៅកាន់សិក្ខាសាលាដូចនេះថា៖ “ធ្វើជាអ្នកតំណាងរាស្ដ្រត្រូវតែខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាជនគឺមិនត្រូវផ្ដោតសំខាន់តែទៅលើគណបក្សរបស់ខ្លួនឯងនោះទេ”។
សិក្ខាសាលានេះមានប្រធានបទសំខាន់ៗជាច្រើនក្នុងនោះនិយាយពីប្រជាធិបតេយ្យ ឋានៈជាមេដឹកនាំបញ្ហាជនជាតិដើមនិងការប្រឈមនានារបស់អ្នកតំណាងរាស្ដ្រជាប់ឆ្នោតថ្មី។
សភាជាប់ឆ្នោតថ្មីដែលមានសំលេងលើសលប់មកពីគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីដែលបានចូលកាន់តំណែងកាលពីថ្ងៃទី២កុម្ភៈ ត្រូវគេរំពឹងថានឹងជួបគ្នាជាថ្មីម្ដងទៀតនៅថ្ងៃ១៧មីនា ដើម្បីជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតី។
លោកថេនសេនប្រធានាធិបតីចាញ់ឆ្នោតបានថ្លែងអះអាងថាលោកនឹងផ្ទេរអំណាចទៅឲ្យគណបក្សឈ្នះឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជីនៅចុងខែមីនាផងដែរ៕
ប្រភព:Irrawaddy