ចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិត​

លោក ចាន់ ឆាយ៉ា ដែលបានសារភាពថាពិតជា​បានកាត់កសង្សារ ប៉ុន្តែ​ថា​កាត់ក ក្រោយពេលនារីម្នាក់នោះស្លាប់​ ដោយ​សារ​ចងកក្នុងបន្ទប់ទឹក

ចៅក្រមស៊ើបសួរនៃ​តុលាការ​ខត្ដសៀមរាបកាលពីថ្ងៃចន្ទបាន​​សម្រេចឃុំខ្លួនបណ្ដោះ​អាសន្នបុរស​ពីរនាក់នៅពន្ធនាគារ ករណី​ឃាត​កម្ម​កាត់​ក​នារី​ម្នាក់​នៅខេត្តសៀមរាប ដោយ​អះអាង​ថា​បុរសម្នាក់ដែលសារភាពថា​ពិតជា​បានកាត់កសង្សារ​ខ្លួននឹង​អាច​ប្រឈម​នឹងការជាប់ពន្ធនាគារអស់មួយជីវិត។​

កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ នារីម្នាក់អាយុ២៤ឆ្នាំ មានទីលំនៅ​ស្រុក​ពួក ខេត្តសៀមរាប​ ត្រូវ​បានប្រទះ​ឃើញ​ស្លាប់​​​ដា​ច់​ក្បាលនៅក្នុងផ្ទះ​សំ​ណាក់​​មួយ​​ក្នុង​ សង្កាត់​ស្វាយដង្គុំ​ក្រុងសៀម​រាប។​ មួយថ្ងៃ​បន្ទាប់​ សមត្ថកិច្ចចាប់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​ ខណៈ​​ជនសង្ស័យនោះ​បាន​យកក្បាលសាកសព​នារីរង​គ្រោះទៅ​ដុត​ចោល។

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដសៀមរាប​លោក ឈុន ច័ន្ទសីហា ប្រាប់VODនៅព្រឹកថ្ងៃ​អង្គារ​នេះ​ថា​កាល​ពីល្ងាច​ថ្ងៃ១​៥ខែកុម្ភៈនេះ តុលាការបានសម្រេច​បញ្ជូនបុរសពីរនាក់​ដែលក្នុងនោះម្នាក់​ឈ្មោះ ចាន់ ឆាយ៉ា ​​​ដែលត្រូវសង្ស័យថា​ជា​ឃា​តកកាត់ក ទៅឃុំខ្លួន​នៅពន្ធនាគារ​ ដើម្បី​រង់​​ចាំការស៊ើបអង្កេតបន្ដទៀត​។ លោក​បន្ត​ថា​លោក ចាន់ ឆាយ៉ា​ អាយុ៤០ឆ្នាំ បាន​សារភាព​ថាបាន​កាត់កសង្សារ​ តែ​ថា​នារីនោះ​បានសម្លាប់​រួចទៅហើយដោយ​ចងកនៅក្នុងបន្ទប់ទឹក។​

ចៅក្រមស៊ើបសួររូបនោះ​បាន​បញ្ជាក់​ថា​បើ​សិន​រកឃើញកំហុស ជន​ត្រូវចោទអាច​​ប្រ​ឈមនឹង​​​ជាប់​ទោសអ​ស់មួយជីវិត ​​ពីប​ទ​​ឃា​​តកម្មទុកគិតជាមុន។ លោក​មានប្រសាសន៍ថា៖ “យើង​រក​ភ័ស្តុតាង​ផ្សេងៗ​ទៀត ជនជាប់ចោទនៅឆ្លើយ​មិនទាន់​បង្ហាញច្បាស់​ពីអំពើរបស់ខ្លួន​ នៅមានការលាក់បាំងច្រើន។ ជនជាប់ចោទឈ្មោះឆាយ៉ា ហ្នង​ទទួល​ស្គាល់​​ថា​បាន​កាត់ក្បាល​​សង្សារ​រ​បស់ខ្លួន​ហ្នឹង​មែន តែគ្រាន់​តែគាត់ថាគាត់មិន​បាន​សម្លាប់​ទេ ជាការ​លេបថ្នាំទាំងអស់គ្នា”។

បើតាម​ចៅក្រម​ ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ ណឹប សិទ្ធ​ បានបឆ្លើយ​បដិសេធ​ថាខ្លួនមិនជាប់ពាក់ព័ន្ធ​នឹង​​ឃាត​កម្មនោះ​ទេ​​ ដោយ​ថា​ខ្លួន​បាន​ទៅ​គេងនៅផ្ទះសំណាក់​ក្រោយពេល​ឃាតកយកសពទៅដាក់​នៅក្រោមគ្រែ​។ យ៉ាងនេះក្ដីចៅក្រម​បាន​បញ្ជាក់​ថា​​បុរសម្នាក់​នោះ​ក៏​អាចមានទោសដូចគ្នា​ បើសិនតុលាការរកឃើញថាការស្នាក់​នៅ​ក្នុ​ងប​ន្ទ​ប់ផ្ទះ​សំណាក់នោះ ចំហ​ទ្វារ​ទុ​កឱ​កាសឲ្យជនជា​ប់ចោទឈ្មោះ ចាន់ ឆាយ៉ា​ ទុកសាកសព។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ធ្ងន់នៃស្នងការនគរបាលខេត្ដសៀមរាបលោក ដួង សុខា​ ប្រាប់​VODកាលពីថ្ងៃចន្ទថា​ចាន់ ឆាយ៉ា ​បាន​សារភាពថារូបគេបាន​កាត់ក្បាលនារីរងគ្រោះ​យកទៅដុតចោល ប៉ុន្តែ​ថា​ការកា​ត់ក្បាលយនោះ​​ក្រោ​យ​ពេលស្រ្ដីរង​​គ្រោះ​បាន​ចងកស​ម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្ទះសំណាក់។ សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​បាន​​និយា​យ​ថា​ពួកគេ​បានទៅផ្ទះសំ​ណាក់​រួមគ្នា ​ហើយ​ប៉ុន​​ប៉ងសម្លាប់ខ្លួនដោយលេបថ្នាំ​ពុល​។

ទោះ​ជាយ៉ាងណា លោក ដួង សុខា ចាត់​ទុក​ការឆ្លើយសារភាពនេះ​គ្រាន់​តែចង់​ដោះសារឲ្យសមត្ថ​កិច្ច​សម្រាលទោស​ប៉ុណ្ណោះ​។ លោក​បន្ត​​ក្រោយពីកាត់ក្បាលស្ដ្រីរងគ្រោះ ឃាតកបា​ន​យក​សា​ក​​សព​ពី​បន្ទប់​លេខ​២០៩​ប្ដូរទៅបន្ទប់លេខ៣​០១វិ​ញ​​។

ស្នងការរងនគរបាលខេត្ដសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌកម្រិតស្រាល លោក ថោង សាគុណ មានប្រសាសន៍ថាតាម​ការ​ស្រា​វជ្រាវជនរងគ្រោះមិនអាចចងកសម្លាប់ខ្លួនឯងបាននោះទេ ដោយ​លោកថា​​នៅលើចុងដង្ហើម​សាកសពមាន​ស្នាម​ជាំ​ ដែល​លោកថាអាចប្រើហិង្សាមុនសម្លាប់នារីនោះ។ លោក​បន្ត​ថា​នៅ​ក្នុង​​បន្ទ​ប់​​​​ទឹកគ្មាន​ភស្ដុតាង​បញ្ជាក់ការចង​ក​នោះទេ​។

សមត្ថកិច្ចឲ្យដឹងថាឃាតកមានមុខរបរជា​មគ្គុទេសទេចរណ៍ផ្នែកនិយាយភាសាថៃ​និងត្រូវជាគូរសង្សារ​ជាមួយជនរងគ្រោះ។ ប៉ុន្ដែ​ម្ដាយខាងស្រីមិនពេញចិត្តនឹង​ទំនាក់ទំនងនេះ​ ក្រោយពេលដឹងថាបុរសរូបនោះមានប្រពន្ធកូនរួចទៅហើយ។ សមត្ថ​កិ​ច្ច​​សង្ស័​យថានេះ​ជាស្នេហាត្រីកោណ ខណៈស្ដ្រីរងគ្រោះមានផ្ទៃពោះ​ប្រហែលបីខែ៕

សរសេរមកកាន់លោក បូ សាវី តាមរយៈ[email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ