បទយកការណ៍៖ ក្រុមគ្រួសារ​អតីតអ្នកបើករថយន្តក្រុងកាពីតូល​អំពាវនាវរកយុត្តិធម៌

អំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់នៅគ្រាដែលអតីតបុគ្គលិកក្រុមហ៊ុនកាពីតូលបានតវ៉ាជាច្រើន​ខែប្រឆាំងនឹងក្រុមហ៊ុននេះ​ដែលបញ្ឈប់ពួកគេពីការងារ។ ប៉ុន្តែអំពើហិង្សាដែលធ្ងន់ធ្ងរជាងគេបានកើតឡើង​នៅក្នុងខែមករា២០១៦។ ​អតីតអ្នកបើករថយន្តកាពីតូលអះអាងថាហិង្សានោះប្រព្រឹត្តិដោយអ្នករត់រ៉ឺម៉កកង់បីរបស់​សមាគ​មរួបរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជាដែល​ការពារឲ្យ​​ក្រុមហ៊ុននោះប្រ​ដា​ប់​​​ដោយបំពង់ទីព ញញួរ ដែកសសៃ ស្នាប់ដៃ ដំថ្ម បានវាយទាត់ធាក់ទៅលើអ្នកតវ៉ាបណ្តាលឲ្យរងរបួស​ធ្ងន់ចំនួន១៤នាក់​អ្នកខ្លះបាក់ដៃ បែកក្បា​ល ប្រះឆ្អឹង​ គ្រំាឈាម។ ក្រោយហិង្សានោះសមត្ថកិច្ចបានចាប់អ្នតវ៉ា២នាក់ ដែល​ម្នាក់ជាអតីតអ្នកបើករថយន្តក្រុងល្បីឈ្មោះនេះនិង​ម្នាក់ទៀតជាសមាជិកសហភាពការងារកម្ពុជា​ដែល​ឃ្លាំ​មើលការតវ៉ា​។

ឈរនៅក្រោមសំយ៉ាបផ្ទះស្ថិតនៅភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ អ្នកស្រី ណាត់ ស្រីនាថ ត្រូវជា​ភរិយារបស់អតីតអ្នកបើករថយន្តកាពីតូល​លោក ណន វណ្ណា ដែលកំពុង​ជាប់​ឃុំនៅពន្ធនាគារ​ព្រៃ​សបាន​រៀប​រាប់ថា ស្វាមីគាត់ធ្វើការងារនៅក្រុមហ៊ុនកាពីតូលមិន​ដែល​មានថ្ងៃឈប់សម្រាកជាពិសេស​ថ្ងៃបុណ្យ​ជាតិ។ អ្នកស្រីថាករណីនេះទើបស្វាមីគាត់​នាំគ្នាបាតុកម្ម​តវ៉ា​ឲ្យក្រុមហ៊ុនគោរពច្បាប់ការងារនិង​ទទួលយកអតីតអ្នកបើករថយន្តទំាងអស់​ចូលធ្វើការ​វិញ។

អ្នកស្រី ណាត់ ស្រីនាថ បញ្ជាក់ថាអំឡុង​ពេលស្វាមីគាត់​តវ៉ាក្បែរក្រុមហ៊ុនកាពីតូល​នោះក៏មានការ​ប៉ះទង្គិចគ្នាជាមួយអ្នករត់រ៉ឺម៉កកង់បីរបស់​សមាគ​មរួបរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា ហើយ​អាជ្ញាធរមិនចាប់អ្នកបង្កហិង្សា​បែរជា​​​ចាប់ស្វាមីរបស់គាត់ដែលមិនបាន​ប្រព្រឹត្តបទល្មើស​​ដាក់ពន្ធនា​គារ​​ដោយអយុតិ្តធម៌ទៅវិញ។ អ្នកស្រីបន្តថា៖ គាត់ទាមទារ​ច្បាប់​ការ​ងារ​ទាមទារ​ឲ្យគេ​ទទួល​យកគាត់ធ្វើការងារវិញ ប៉ុន្តែក្រុមហ៊ុនកាពីតូល​ថែមទំាង​ប្រើអំពើហិង្សា​ដាក់យើងហើយថែមទំាងចាប់យើងដាក់ឃុំឃំាង​ទៀតទំាងគាត់អត់មានកំហុស​អីអយុត្តិធម៌ណាស់”។

ស្ត្រីមេផ្ទះ​វ័យ២៧ឆ្នាំត្រូវ​ជា​ភរិយារបស់សមាជិក​​សហភាពការពារងារកម្ពុជាលោក រស់ ស៊ីផៃ​ ឈរនៅមុខ​ផ្ទះស្ថិតនៅរាជធានីភ្នំពេញប្រាប់​អ្នកយកព័ត៌មានVODថាស្វាមីគាត់​ក៏ត្រូវ​បានអាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ផ​ងដែរ។ អ្នកស្រី ឃឹម វ៉ាន់ដា អះអាង​ថាស្វាមីគាត់មិនបានធ្វើខុស​ដូច​ការ​ចោទ​​ប្រកាន់នោះទេព្រោះគាត់គ្រាន់តែ​ជួយទាមទារ​សិទ្ធិជូនអតីតអ្នកបើក​រថយន្តកាពីតូល​ជាង៤០នោះតែ​ប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា៖ គាត់មើលទៅមិនមានអីខុស​ឆ្គងត្រង់ណាសោះហើយដល់ពេល​ខាង​សមត្ថកិច្ចចាប់ប្តីខ្ញុំខាង​ប្តីខ្ញុំគាត់គ្រាន់តែសុំទាមទារ​យកយុត្តិធម៌ចំពោះតៃកុងឡាន

អ្នកស្រី ឃឹម វ៉ាន់ដា លើកឡើង​ទៀតថាក្រោយពីស្វាមីជាប់ពន្ធនាគារ​ធ្វើឲ្យគ្រួសារ​គាត់ជួបបញ្ហា​ប្រឈមច្រើនដោយសារត្រូវ​ចំណាយ​ថវិកាសម្រាប់​ឲ្យ​កូន​ទៅសិក្សានៅសាលារៀន​ឯកជននិងការ​​ចំណាយ​ប្រចំាថ្ងៃ​។

វ័យ៤៥ឆ្នាំលោក ថេប វុទ្ធី ដែលស្ថិតនៅក្នុង​ករណីហិង្សា​អះអាងថាគាត់ត្រូវ​បាន​ក្រុម​អ្នករត់រ៉ឺម៉កកង់បីរបស់​សមាគ​មរួបរួមគ្នា ដើម្បីអភិវឌ្ឍកម្ពុជាយកញញ៉ួវាយគាត់​ឲ្យ​រងរបួស​ចំក្បាលនិង​ដៃខណៈ​ពួកលោក​​ជាង៤០នាក់មិនមានស​ម្ភារៈ​អ្វីការពារខ្លួននោះ​ទេ។ លោកអំពាវនាវឲ្យរដ្ឋាភិបាលនិងស្ថាប័ន​ពាក់​ព័ន្ធត្រូវ​ស៊ើបអង្កេត​ចាប់ជនដៃដល់មក​ផ្តន្ទាទោស។ លោកបន្ថែមថា​​៖ ខ្ញុំក៏សុំណូមពរ​ដល់ខាងរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធទំាងអស់សូមឲ្យ​វែកមុខរកឃាតករមក​ផ្តន្ទាទោសតាមច្បាប់ជនដៃដល់ហ្នឹងតែម្តងដែលប្រើអំពើហិង្សា​មក​លើពួកខ្ញុំហាក់បីដូចជា​សាហាវ​ព្រៃផ្សៃបំផុត​ដែល​ពួកខ្ញុំដែលជាអ្នកមក​តវ៉ា​ទាមទាររកយុត្តិធម៌មិនអាច​ទទួល​យកបាន”។

អ្នករងរបួស​ម្នាក់ទៀតលោក គឹម ធី អតីតអ្នកបើរថយន្តកាពីតូលឈរស្ពាយដៃដែលបាក់ឆ្អឹង​ម្ខាងស្ថិតនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញបានរៀប​រាប់ថាគាត់បើកឡានឲ្យក្រុមហ៊ុនកាពីតូល​នេះរយៈពេល​ជិត៧ឆ្នាំ ប៉ុន្តែក្រុមហ៊ុនបានបញ្ឈប់​ដោយ​មិនបាន​ទូទាត់ប្រាក់សំណង​តាមច្បាប់​ការងារនោះទេ​។ លោកថាបើ​ក្រុមហ៊ុនមិន​ដោះស្រាយ​ជូនពួកគេ​នោះពួកគេនឹង​ធ្វើបាតុ​កម្ម​ជាថ្មីទៀត។ លោកបន្តថា៖ ខ្ញុំនៅតែទាមទារ​ឲ្យ​ថៅកែដោះស្រាយឲ្យពួកខ្ញុំឲ្យមានច្បាប់ការងារ​បានខ្ញុំឈប់បើមិន[ដោះស្រយ]ខ្ញុំនៅតែធ្វើ​បន្តទៀត ហើយទាមទារឲ្យថៅកែឲ្យ​ដោះស្រាយឲ្យ​ពួកខ្ញុំឲ្យ​បាន​”។

ក្រោយពីអំពើហិង្សាកើតឡើង​នោះសហភាពការងារដែលមានបណ្តុំសហព័ន្ធសហជីពជាច្រើនមកពីវិស័យកាត់ដេរ ទេសចរណ៍​ និងស​មាគម​សេដ្ឋកិច្ចក្រៅក្រព័ន្ធផងនោះបានចេញសេចក្តីថ្លែងការណ៍ថា​ឈ្មោះ ស៊ុត ម៉េងហ៊ី ជាអ្នកបញ្ជាឲ្យ​ប្រើ​ហិង្សាលើអ្នកតវ៉ា​។ សេចក្តីថ្លៃងការណ៍បញ្ជាក់ថា​នៅពេលកើតហេតុព្រះរាជអាជ្ញានិងអា​ជ្ញាធរខ​ណ្ឌ៧មករាមានវត្តមាននៅ​ទីនោះ ប៉ុន្តែមិនបានចាប់ខ្លួនភាគីម្ខាងទៀតជាសមាជិករបស់សមាគ​មរូបរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា​ដែ​ល​មាន​អាវុធវាយដំអ្នក​តវ៉ានោះទេតែសមត្ថកិច្ចបែរជាទៅចាប់ខ្លួនអ្នកតវ៉ាដែលត្រូវបានគេវាយឲ្យរ​ងរបួសទៅវិញ។

អ្នកតវ៉ាដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ រស់ ស៊ីផៃ និង ណន វណ្ណា ពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យ​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​​កាលពីថ្ងៃទី​៨ខែមករាចោទពីបទហិ​ង្សា​ដោ​​​​យ​​​ចេ​តនាមាន​ស្ថា​នទម្ងន់ទោស ការប្រ​ឆាំង​នឹង​​អ្នករា​​ជការសាធារណៈ និង​បទចោ​​ទ​​មួ​យ​ទៀ​តគឺ​រា​រាំងជា​ឧបសគ្គដល់ចរាចរណ៍សាធារណៈ។

ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត់ ធន់​ អះអាងថាចៅក្រមសាលាដំបូង​រាជធានីភ្នំពេញដែលសម្រេច​ឃុំខ្លួនមនុស្សពីរនាក់ដែលទាមទារឲ្យក្រុមហ៊ុនកាពីតូលគោរពលក្ខខណ្ឌការងារនោះ​មានភាពលំអៀងដោយលោកថាមិនបាន​ស៊ើបអង្កេតឲ្យ​​បានច្បាស់លាស់​ស្តាប់តែភាគីអាជ្ញាធរ។ លោកបន្ថែមថា៖ ចៅក្រមហាក់ដូចជាមានការ​លំអៀងដោយសារ​តែ​ដាក់ឃុំបណ្តោះអាសន្ន​ទៅលើជនរងគ្រោះពីរនាក់ទៀត។ អញ្ចឹង​ខ្ញុំគិត​ថាតាមពិត​ការ​ស៊ើបអង្កេត​របស់គាត់​មានសិទ្ធិ ប៉ុន្តែបើសិនជាគាត់​ដាក់ឲ្យនៅក្រៅឃុំដើម្បីស៊ើបអង្កេតខ្ញុំគិត​ថា​វា​ប្រសើរជាង​​មិនគួរយកឆន្ទានុសិទ្ធិមួយដាក់ឲ្យ​នៅក្នុង​ឃុំដើម្បីត្រួតពិនិត្យសូម្បីតែគាត់មិនបានប្រព្រឹត្តហើយគាត់ជាជនមួយដែល​មានអត្តសញ្ញាណច្បាស់លាស់ដែលយើងគិត​ថាគាត់មិនអាច​ជាបញ្ហា​​ដល់ការ​ស៊ើប​អង្កេត​របស់ចៅក្រមទេ ប៉ុន្តែចៅក្រមដាក់ដោយសារ​តែអាចនិយាយថាព័ត៌មានបន្តិចបន្តួចពីប៉ូលីសមកគឺ​ដាក់តែម្តងអញ្ចឹង​ខ្ញុំគិត​ថាធ្វើបែបហ្នឹង​វានាំឲ្យ​ភាពអយុត្តិធម៌ហ្នឹង​ហើយ”។

យ៉ាងណាក៏ដោយលោក អាត់ ធន់​ ជំរុញឲ្យក្រសួងមហាផ្ទៃនិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យ​មើលពីវិធានការរបស់​អាជ្ញាធរខណ្ឌ៧មករានិងមន្ត្រីតុលាការដែលកាន់សំណុំរឿងនេះដែលលោកថាដើម្បី​រកយុត្តិ​ធម៌ឲ្យ​ជនរ​ងគ្រោះនិងដើម្បីបង្កើន​ជំនឿដល់សាធារណជនចំពោះការអនុវត្តច្បាប់នៅកម្ពុជា​។

ប្រធានសាលាដំបូង​រាជធានីភ្នំពេញលោក តំាង ស៊ុនឡាយ មាន​ប្រសាសន៍ថាករណី​ហិង្សាលើអតីតអ្នកបើកឡានឲ្យក្រុមហ៊ុនកាពីតូលនោះ​តុលាការ​នៅតែបន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​ចាប់អ្នកពាក់ព័ន្ធផ្សេងទៀត​។ លោកបន្តថា៖ តុលាការ​គេធ្វើទំាង​អស់​​ឲ្យ​តែមានកំហុសមាន​ប្រព្រឹត្តអំពើបទល្មើសគេ​កំពុង​រក​ហើយរាល់ថ្ងៃគេធ្វើទំាង​អស់ទំាងសងខាងដូច​ថាវៃទៅវៃមកត្រូវ​រក​អ្នកប្រព្រឹត្ត គេកំពុង​អង្កេត​ហ្នឹង​ឯងស៊ីជម្រៅខ្ញុំមិនបានតាមគ្រប់រឿង​នោះទេប៉ុន្តែគេត្រូវ​តែធ្វើគោលការណ៍ហ្នឹងនោះ”។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុកលោក ណៃ វ៉ង់ដា ដែលចុះតាមដានករណីនេះផ្ទាល់ យល់ថាតុលាការត្រូវ​ដោះលែងអ្នតវ៉ាពីរនាក់ឲ្យមានសេរីភាពនិង​ស៊ើបអង្កេតឡើងវិញ​ចាប់ជនល្មើសពិតប្រាកដដាក់ពន្ធនា​គារ​ដើម្បីកុំឲ្យមាននិទណ្ឌភាពនៅកម្ពុជា។ លោកមានប្រសាសន៍ថា៖ ក្នុង​នាមអង្គការ​សិទ្ធិមនុស្សយើងសំណូមពរឲ្យមានការ​ដោះលែងអ្នកដែលជាប់ឃុំទំាងពីរនាក់នោះ​ត្រឡប់​មក​វិញ ហើយមានការ​ដាក់ទោស​ទណ្ឌទៅលើ​អ្នកដែល​ប្រព្រឹត្តបទល្មើស​​គឺក្រុមដែល​ប្រើហិង្សា​ទៅលើ​អ្នក​តវ៉ា​ដោយ​សន្តិវិធីហ្នឹង​”។

យ៉ាងណាក៏ដោយក្រុមអ្នកតវ៉ាអះអាងថា​បើស្ថាប័ន​ពាក់ព័ន្ធរបស់​រដ្ឋាភិបាលរួមទាំងតុលាការផងមិន​​ផ្តល់​​យុត្តិ​ធម៌ដល់ពួកគេទេ​ពួកគេព្រមានថានឹងធ្វើយុទ្ធនាការតាមដងផ្លូវក្នុ​ង​​រា​ជធានី​ភ្នំពេញនាពេលឆា​ប់ៗ​នេះអំពាវនាវឲ្យសាធារណជនផ្អាកប្រើប្រាស់​សេវាកម្មក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរដែលពួ​ក​គេ​​ថាដើម្បីឲ្យ​ក្រុម​ហ៊ុ​​​ន​នេះគោរពច្បាប់ការងារនិង​ចាប់ជនល្មើសមកផ្តន្ទាទោស​តាមច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ