[:kh]អតីតប្រមុខរដ្ឋនៅក្នុងសម័យខ្មែរក្រហម លោក ខៀវ សំផន ចោទថា តុលាការមួលបង្កាច់ដាក់រូបលោក ឲ្យមានទោសជាស្រេច ទើបស្វែងរកភស្តុតាងដែលបំភ្លៃជាក្រោយ ដើម្បីបំពេញលើការចោទប្រកាន់ដែលកំណត់ទុកនោះ។
ក្នុងសវនាការក្នុងតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមនៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោក ខៀវ សំផន បានថ្លែងថា អង្គជុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានបំភ្លៃភស្តុតាង ដើម្បីសម្រេចកាត់ទោសលោកឲ្យជាប់ពន្ធនាគារអស់មួយជីវិតធ្វើជានិមិត្តរូប។
លោក ខៀវ សំផន បញ្ជាក់ថា លោកមិនដែលបានចូលរួមសម្រេចគោលនយោបាយណាមួយដែលប្រឆាំងឬកាប់សម្លាប់ប្រជាពលរដ្ឋទេ។ លោកថា គោលបំណងរបស់លោកគឺគ្រាន់តែចង់ឲ្យសង្គមមានយុត្តិធម៌ និងពង្រីកសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ អង្គជុះនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហមបានសម្រេចផ្តន្ទាទោសលោក ខៀវ សំផន និងលោក នួន ជា ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រព្រឹត្តក្នុងសម័យខ្មែរក្រហម។ អ្នកទាំងពីរបានប្ដឹងសាទុក្ខទៅកាន់តុលាការកំពូលដើម្បីប្រឆាំងនឹងការសម្រេចនេះ៕
[:]