ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះអំពាវនាវជាថ្មីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននឹងជំងឺប្រភេទថ្មីឈ្មោះ ហ្ស៊ីកា(Zika) ដែលឆ្លងតាមរយៈមូសខ្លា ដោយក្រសួងបញ្ជាក់ថា បើទោះជាជំងឺនេះមានលក្ខណៈស្រាលជាងជំងឺគ្រុនឈាមក៏ដោយ តែអាចមានផលប៉ះពាល់លើទារក។
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន មានប្រសាសន៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីជំងឺហ្ស៊ីកាថា អ្នកកើតជំងឺហ្ស៊ីកា៨០ភាគរយមិនមានចេញរោគសញ្ញានោះទេ។ លោកបន្តថា សម្រាប់រោគសញ្ញាជំងឺហ្ស៊ីកា គ្រាន់តែឈឺក្បាល ក្តៅខ្លួន ក្រហមភ្នែក ឡើងកន្ទួលក្រហម និងឈឺសន្លាក់ ហើយវានឹងបាត់ទៅវិញដោយឯកឯង ឬដោយគ្រាន់តែប្រើថ្នាំបញ្ចុះកម្ដៅ និងមិនមានភាពធ្ងន់ធ្ងរដល់ជីវិតនោះទេ។ ទោះយ៉ាងណាលោកថា ជំងឺនេះអាចមានផលប៉ះពាល់មួយចំនួនលើទារកដែលទើបកើត។
លោកមានប្រសាសន៍ថា៖ “អ្វីដែលព្រួយបារម្ភអំពីជំងឺហ្ស៊ីកាមិនមែនដោយសារជំងឺហ្សីកានោះទេ ព្រួយបារម្ភគឺក្រោយពីការរាតត្បាតនៅអាមេរិកខាងត្បូង អាមេរិកកណ្តាល គេឃើញថាហាក់ដូចជាឃើញមានស្រ្តីហ្នឹងកើតកូនដែលមានក្បាលតូចហ្នឹងច្រើនខុសពីធម្មតា ក្រោយពីមានផ្ទុះហ្នឹង ហើយនិងមានកើតនូវករណីដែលកើតឡើងនូវរោគទន់អវៈយវៈខុសពីធម្មតា តែអង្គការសុខភាពពិភពលោក និងអ្នកប្រាជ្ញ និងអ្នកជំនាញកំពុងសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់ថាជំងឺទាំងនោះពិតមានការជាប់ទាក់ទងជាមួយជំងឺហ្ស៊ីកាដែរឬទេ”។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន បានបន្ថែមដោយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់លុបបំបាត់ជម្រកមូសខ្លា ដោយលោកថាដើម្បីការពារទាំងជំងឺហ្ស៊ីកា និងជំងឺគ្រុនឈាម។
លោកបន្ថែមថា៖ “ការឆ្លងនៃជំងឺនេះគឺដោយសារមូសខ្លាញី ដូច្នេះបើសិនជាបងប្អូនត្រៀមលក្ខណៈពីឥឡូវទៅក្នុងការបំបាត់កុំឲ្យមានមូសនៅក្នុងផ្ទះ ឬមួយជុំវិញផ្ទះ ប្រៀបដូចជាការចូលរួមរបស់បងប្អូនមួយដ៏ខ្លាំងក្លា ហើយមិនមែនតែការពារបង្ការជំងឺហ្ស៊ីកាទេ ប៉ុន្តែបង្ការជំងឺគ្រុនឈាមដែលជាជំងឺមួយធ្ងន់ជាងជំងឺហ្ស៊ីកាហ្នឹងទៀត ដែលកំពុងរាតត្បាត បន្តរាតត្បាត ហើយនឹងអាចរាតត្បាតទៅអនាគតនេះ ហើយនិងជំងឺគ្រុនឈាមជាដើម ដូច្នេះនាំគ្នាបំបាត់នូវជម្រកមូសខ្លាទាំងអស់គ្នា”។
បើតាមក្រសួងសុខាភិបាល បច្ចុប្បន្នមេរោគហ្ស៊ីកាកំពុងរាតត្បាតនៅប្រទេសក្នុងតំបន់អាមេរិកខាងត្បូង និងកណ្ដាល ហើយជំងឺនេះបានរាតត្បាតខ្លាំងនៅប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៥។ នៅកម្ពុជាធ្លាប់កើតមានជំងឺហ្ស៊ីកាមួយករណីកាលពីឆ្នាំ២០១០ ប៉ុន្តែត្រូវបានគ្រូពេទ្យព្យាបាលជា ហើយរហូតដល់បច្ចុប្បន្នកម្ពុជាពុំមានរកឃើញជំងឺហ្ស៊ីកានេះទៀតទេ៕