ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃព្រហស្បតិ៍បានសម្រេចបញ្ចប់តំណែងថ្នាក់ដឹកនាំអង្គភាពទូរគមនាគមន៍កម្ពុជានិងតែងតាំងមន្រ្តីថ្មីសម្រាប់ស្ថាប័ននេះ ក្រោយពីរកឃើញថាមានការកិបកេងប្រាក់ជាង២០ម៉ឺនដុល្លារ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រសួងប្រៃសណីយ៍បានសម្រេចដកលោក មាស ប៉ូ ពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាល ដោយដាក់លោក ខូវ មករា ដែលមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួង។ ក្រសួងក៏សម្រេចដក លោក ឡាយ ម៉ារីវ៉ូ ដែលមានមុខតំណែងពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍ ដោយជំនួស លោក សន វី ដែលកាលពីមុនមានតួនាទីជាអគ្គនាយករងនៃទូរគមនាគមន៍កម្ពុជា។
ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថានេះជាការកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់អង្គភាពនេះ ក្រោយពីរកឃើញថាមានការកិបកេងលុយនិងការបំពេញការងារមាន”ភាពខ្វះខាតធ្ងន់ធ្ងរ”។
ក្រសួងលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ “ការផ្លាស់ប្តូរកែសម្រួលរចនាសម្ព័ន្ធដឹកនាំនៃទូរគមនាគមន៍កម្ពុជា ត្រូវបានធ្វើឡើងពីលទ្ធផលនៃអធិការកិច្ចរួមមួយរវាងអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថាមានការខ្វះខាតធ្ងន់ធ្ងរលើការងារគ្រប់គ្រងនិងការដឹកនាំរបស់ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជា”។
បើតាមសេចក្តីប្រកាសព័ត៌មាននោះ លទ្ធផលនៃការស្រាវជ្រាវរកឃើញថា៖ ”មានការកិបកេងលួចបន្លំយកប្រាក់ចំណូលរបស់អង្គភាពចំនួន២៣ម៉ឺនដុល្លារអាមេរិក ការគ្រប់គ្រងចំណូលចំណាយមិនច្បាស់លាស់ គ្មានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ធ្វើឲ្យចំណូលធ្លាក់ចុះ បំណូលកើនឡើងជាលំដាប់និងមានចន្លោះប្រហោងជាច្រើនដែលឈានទៅដល់ការកិបកេងនិងការលុបបំណុលនិងមិនបានយកចិត្តទុកដាក់ត្រួតពិនិត្យការគ្រប់គ្រងកិច្ចបញ្ជីការគណនេយ្យនិងឯកសារពាក់ព័ន្ធដែលឈានទៅដល់ការបាត់បង់ឯកសារដ៏មានសារៈសំខាន់ទាំងនេះដោយចេតនា”។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ លោក ហ៊ុន សារឿន មានប្រាប់វីអូឌី(VOD)នៅថ្ងៃសុក្រនេះថាក្រុមអង្កេតមិនទាន់ដឹងថាតើលុយ២៣ម៉ឺនដុល្លារ បុគ្គលណាជាអ្នកកិបកេងយកនោះទេ។ លោកបញ្ជាក់ថាក្រុមអធិការកិច្ចរបស់របស់ក្រសួងនិងអង្គភាពប្រឆាំងអំពើពុករលួយ កំពុងបន្តការស៊ើបអង្កេតករណីនេះបន្តទៀត។ លោកឲ្យដឹងដែរថាក្រោមការដឹងនាំរបស់អ្នកដែលត្រូវបានបញ្ចប់តួនាទីនោះ ក្រសួងបានរកឃើញថា អង្គភាពសាធារណៈរបស់រដ្ឋមួយនេះជួបភាពមិនប្រក្រតីជាបន្តបន្ទាប់។
លោកមានប្រសាសន៍ថា៖ “នីតិវិធីបន្តទៀតដោយសារតែអធិការកិច្ចរបស់ក្រសួងនិងអង្គភាពប្រឆាំងអំពើពុករលួយកំពុងនៅដំណើរការទៅមុខទៀត ម្លោះហើយមិនទាន់មានភាពថាអាចនិយាយបានថាបន្តនីតិវិធីទៅមុខបានយ៉ាងម៉េចទៀតទេ ប៉ុន្តែគ្រប់យ៉ាងត្រូវធ្វើតាមនីតិវិធីតាមផ្លូវច្បាប់”។
បើតាមអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ លោក ឡាយ ម៉ារីវ៉ូ បានទទួលមុខតំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជាកាលពីឆ្នាំ២០១៤។
វីអូឌី(VOD)មិនទាន់អាចទាក់ទងអតីតអគ្គនាយកទូរគមនាគមន៍កម្ពុជា លោក ឡាយ ម៉ារីវ៉ូ ដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។ វីអូឌីក៏មិនទាន់អាចទាក់ទង លោក មាស ប៉ូ ដែលមានតំណែងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍បានដែរ។
បុគ្គលិករបស់ទូរគមនាគមន៍កម្ពុជាម្នាក់ប្រាប់វីអូឌី(VOD)ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាពេលកន្លងមក អង្គភាពសាធារណៈរបស់រដ្ឋមួយនេះតែងតែមានបញ្ហាមិនចេះចប់ទាក់ទងនឹងការកិបកេងប្រាក់របស់អង្គភាពនិងបានធ្វើឲ្យអាជីវកម្មអង្គភាពមួយនេះដំណើរការមិនល្អ។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៥ បុគ្គលិកទូរគមនាគមន៍មួយចំនួនបានចេញមុខតវ៉ាជាបន្តបន្ទាប់ ដោយពួកគេស្នើឲ្យក្រុមប្រឹក្សាភិបាលរបស់ស្ថាប័ននេះស៊ើបអង្កេតទាក់ទងនឹងការបាត់ថវិកាប្រមាណ២៣ម៉ឺនដុល្លារអាមេរិក។ ទាក់ទងនឹងការតវ៉ានេះ បុគ្គលិករបស់ទូរគមនាគមន៍ពីរនាក់ដែលម្នាក់ធ្វើការផ្នែកទារបំណុលនិងម្នាក់ទៀតផ្នែកកាន់លុយ ត្រូវបានចោទប្រកាន់ថាធ្វើឲ្យបាត់លុយ២៣ម៉ឺនដុល្លារនេះ ប៉ុន្តែពួកគាត់បានបដិសេធនឹងការចោទប្រកាន់៕