រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានស្នើឲ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់វិធានការបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ផលិតផលប្រេងកូឡាតាប៉ិនិងថ្នាំដុសធ្មេញផ្កាឈូក២ ដោយលើកឡើងថាពុំមានសុំការអនុញ្ញាតពីក្រសួងសុខាភិបាល។
លិខិតមួយច្បាប់ចុះថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៦ដែលវីអូឌីទទួលបាន រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានជម្រាបមករដ្ឋមន្រ្តីក្រសួងព័ត៌មានថាលោកស្នើរដ្ឋមន្រ្តីជួយធ្វើអន្តរាគមន៍ទៅទូរទស្សន៍បាយ័នBayon TvនិងBTV News បញ្ឈប់ការផ្សព្វផ្សាយនូវផលិតផលប្រេងកូឡាតាប៉ិនិងថ្នាំដុសធ្មេញសញ្ញាផ្កាឈូក២ នៅម៉ោង៦ដល់ម៉ោង៧ល្ងាច។ លោកបញ្ជាក់ថាមូលហេតុនៃការស្នើសុំបញ្ឈប់នេះដោយសារ៖ “ការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងវិស័យសុខាភិបាលនូវផលិតផលប្រេងកូឡាតាប៉ិនិងថ្នាំដុសធ្មេញសញ្ញាផ្កាឈូក២ដែលគ្មានចុះប្រវេទនៅក្រសួងសុខាភិបាលនិងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពាណិជ្ជកម្មពីក្រសួងសុខាភិបាល”។
លិខិតបញ្ជាក់ថា៖ “ក្រសួងសុខាភិបាលសង្ឃឹមថាឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាននឹងមានវិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះប្រព័ន្ធផ្សព្វផ្សាយណាដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងព័ត៌មាន”។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍ថាលោកមិនដឹងពីបញ្ហានេះទេ ដោយលោកថាលោកមិនមែនកាន់ផ្នែកឱសថនោះទេ។
វីអូឌមិនទាន់អាចសុំការបកស្រាយបន្ថែមពីលោក ម៉ម ប៊ុនហេង បាននៅឡើយទេ។ វីអូឌីក៏មិនទាន់អាចទាក់ទងរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានភ្លាមៗនៅឡើយទេ៕