អភិបាល​ខេត្តព្រះសីហនុ​​​ថា​​កំពង់​ផែ​ស្វយ័ត​ចាក់​ដី​ជ្រុល​ចូល​ក្នុង​សមុទ្រ​

អភិបាល​ខេត្ត​អះអាង​ថា​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ពិត​ជាបាន​​ចាក់បំពេញ​​ដី​ជ្រុល​ចូល​ទៅ​ក្នុង​សមុទ្រ​បន្តិចមែនដូចការចុះផ្សាយ​ក្នុង​សារព័ត៌មានកាលពីពេលថ្មីៗនេះ​ ប៉ុន្តែ​លោក​ថា​ការ​ចាក់​បំពេញ​នេះ​ត្រូវបាន​សម្រួល​រួច​ហើយ។

អភិបាល​ខេត្ត​ព្រះ​សីហនុ​ លោក យន្ត មីន ប្រាប់វីអូឌី​ថាពិតជា​មាន​ការ​ចាក់​ជ្រុល​ចូល​ទៅ​ក្នុង​ទឹក​នៃ​ឆ្នេ​រ​សមុទ្រ​​ពិត​មែន ​ដោយលោកថា​អ្នក​ចាក់​ដី​បាន​ចាក់​ចូល​ហួស​។ លោក​​បន្ថែម​ថា​ក្រោយ​ពី​មន្ត្រីជំនាញ​ចុះ​ត្រួតពិ​និត្យ​រួច​មក​ កំពង់​ផែ​ស្វយ័ត​បាន​ជួយ​សម្រួល​និង​បាន​កាយ​ដី​ទាំង​នោះ​វិញ​អស់​ហើយ។

លោក​មានប្រសាសន៍ថា៖ “ការពិត​ដី​នោះ​មិន​មែន​ដីគាត់​ផ្ទាល់​ខ្លួន​ទេ​ជា​ដី​របស់​អង្គភាព​របស់​គាត់ទេ​ដី​ហ្នឹង​ គាត់​​មា​ន​​ផែន​ការ​ចាក់​ដី​ហ្នឹង​ដើម្បី​រាប​ធ្វើ​ដី​ហ្នឹង​ឡើងវិញ តែ​ដល់​ពេលអ្នក​​​ចាក់​នោះ​គាត់​​ចាក់​ជ្រុល​ចូល​ទៅ​សមុ​ទ្របន្តិច​ទៅ​​តែ​ឥឡូវ​គាត់​កែ​វិញ​ហើយ​តើ! “។

ក្នុង​​លិខិត​មួយ​ច្បាប់​ចុះថ្ងៃទី​១៧ខែកុម្ភៈ ​ប្រធាន​អគ្គនាយ​ក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះ​សី​​ហនុ​ លោក លូ គឹម​ឈន់ បានជម្រា​បជូន​អភិបា​ល​​ខេ​ត្ត​ថាដី​ដែល​បាន​ឈូស​ឆាយ​នោះគឺ​ជា​ដី​តំបន់​អភិវឌ្ឍន៍​ដែល​ជា​កម្មសិទ្ធិ​របស់​​​កំព​ង់​ផែ​និ​ង​ពុំ​មែន​ជា​កម្ម​សិ​ទ្ធិ​​ឯក​ជន​របស់​បុគ្គល​ណា​មួយ​ឡើយ។ លោក​បន្តថាដី​ដែល​តំបន់​អភិវឌ្ឍ​ន៍​​នេះ​​​​គឺកំពង់​​ផែ​បាន​ទិញនិង​រក្សា​ទុក​សម្រាប់​តម្រូវ​ការ​អភិវឌ្ឍកំពង់​ផែនាពេល​អនាគត។ លោក​បញ្ជាក់​ថា៖ “​ចំពោះការ​ចាក់​ដី​​ធ្វើ​ផ្លូវ​​ព័ទ្ធ​ជុំ​វិញ​តំបន់​អភិវឌ្ឍន៍ដែល​ស្ថិត​ក្នុងភូមិ​គគីរ ឃុំ​បិតត្រាំង នេះ​គឺ​ស្ថិត​នៅ​លើ​ដី​ចម្ការ​​ដូងចា​ស់​​ពី​​សង្គម ពុំ​មែន​លើ​ផ្ទៃ​សមុទ្រ​នោះ​ទេ ក្នុង​គោល​បំណង​ការពារ​ទប់​ស្កាត់​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ពី​ជ​ន​​មួយ​ចំនួន​ប៉ុណ្ណោះ”

លោក លូ គឹម​ឈន់ ប្រាប់វីអូឌី​ថា​ការចាក់​ដី​នេះ​គឺ​ដើម្បី​ត្រៀ​មពង្រី​ក​កំពង់​ផែ​ខេត្ត​ហើយ​លោក​ថា​ពុំមាន​ការចាក់ដីចូល​សមុទ្រនោះទេ។ លោក​មានប្រសាសន៍ថា៖ “អត់​មាន​ទេ​អូន អត់​មាន​ចាក់​​ក្នុង​សមុទ្រ​ទេ យើង​​ចាក់​ទៅក្នុ​ង​ដី​ចម្ការ​ដូង​ហេ​ងហេង​ កាលពី​សម័យ​សង្គមហ្នឹង​ណា ហើយ​អូន​ឯង​គិត​មើល​បើ​វា​ជា​សមុទ្រ​​វា​អាច​ដាំ​ដូង​បាន​ទេ​ វាអត់ទេ … បាទគឺ​យើង​អត់​មាន​ចាក់​ដី​ចូល​ទៅ​ក្នុង​សមុទ្រនោះទេ ហើយ​ខ្ញុំថ​ត​ច្បាស់​​​លាស់​មាន​ឯកសារ  ប៉ុន្តែគ្រាន់តែ​បង​ប្អូន​ដែល​គាត់​ដែលមាន​បំណង​​ចោទ​ប្រកាន់​នោះ​ គាត់​ថត​បច្ចេក​ទេស​ដែ​​ល​គាត់​ថតនោះ​មើ​ល​ឃើញ​កណ្តាល​សមុទ្រ​តែ​ហ្មង។ ប៉ុន្តែ​អ្នក​ដែល​​មើល​ជាក់ស្តែង​ខ្ញុំ​ឃើញ​ថា​ដី​ហ្នឹង​នៅ​​ក្នុង​ដែន​មាន​ដើមដូង​ដុះ​នៅពី​ក្រៅ​ហ្នឹង ហើយ​បើ​យើង​គិត​មើ​ល​ថា​បើ​ចាក់​ក្នុង​សមុទ្រ​ម៉េចក៏មា​ន​ដើ​ម​ដូង​ដុះ​ពីខាង​ក្រៅ​កើត”។

លោក​ លូ គឹម​ឈន់​ បាន​បន្ថែម​ថា​កំពង់ផែ​ស្វយ័ត​បាន​កាយ​ដី​ដែល​​ចាក់​ជា​ផ្លូវ​ព័ទ្ធ​ជុំ​វិញ​តំបន់​អភិវឌ្ឍ​ន៍​​​នោះ​​វិញ​អស់​ហើយ ដោយ​លោក​ថា​មិន​ចង់​មាន​បញ្ហាច្រើន​លើ​ករណីនេះ។​​

បើ​តាម​លោក លូ គឹម​ឈន់ ផ្ទៃ​កំពង់​ផែ​បច្ចុប្បន្ន​មាន​ប្រមាណ​៧០ហិល​តា ដែល​លោក​ថា​ក្នុង​១ឆ្នាំ​ផ្ទៃ​កំពង់​ផែត្រូ​វ​រី​ក​ប្រមា​ណ​ជា​៧ហិក​តា។ លោក​បន្ថែម​ថាការ​ចាក់​ដី​នេះ​គឺ​ដើម្បី​ត្រៀមអភិវឌ្ឍកំពង់​ផែ​សម្រាប់ទៅ​​ថ្ងៃ​មុខ ដែល​មាន​ផ្ទៃ​ដី​សរុប​១៥០ហិក​តា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ