រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានសម្រេចបណ្តេញមន្រ្តីម្នាក់ដែលមានតំណែងជានាយរងការិយាល័យចេញពីតួនាទី ដោយអះអាងថាមន្រ្តីនោះល្មើសវិន័យមន្រ្តីរាជការស៊ីវិល។
លិខិតរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី៥ខែកុម្ភៈ រដ្ឋមន្រ្តី លោក ថោង ខុន បានបញ្ជាក់ថាក្រសួងបណ្តេញនាយរងការិយាល័យសេវាកម្សាន្តទេសចរណ៍នៃនាយកដ្ឋានឧស្សាហ៍កម្មទេសចរណ៍ អគ្គនាយកដ្ឋានទេសចរណ៍ លោក ឡុង ផល្លីតា ក្រមហេតុផលថាល្មើសវិន័យមន្រ្តីរាជការស៊ីវិល។ បើតាមលិខិតនោះ លោក ឡុង ផល្លីតា ត្រូវដកហូតឋានន្តរស័ក្តិនិងបណ្តេញចេញពីក្របខណ្ឌមន្រ្តីរាជការស៊ីវិលក្រសួងទេសចរណ៍។
លិខិតបញ្ជាក់ថាប្រាក់បៀវត្សរ៍ ប្រាក់សោធននិវត្តន៍និងរបបឧបត្ថម្ភផ្សេងៗរបស់លោក ឡុង ផល្លីតា ត្រូវបានកាត់ផ្តាច់និងលុបចេញពីក្របខណ្ឌមន្រ្តីរាជការស៊ីវិល ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦តទៅ។
កាលពីថ្ងៃទី២៧ខែមករា រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចេញសេចក្តីសម្រេច ដោយផ្អាកការងាររបស់លោក ឡុង ផល្លីតា ក្រោមហេតុផលថាដើម្បីម្បីដំណើរការស៊ើបអង្កេតនិងស្រាវជ្រាវលើករណីភាពមិនប្រក្រតីក្នុងការរៀបចំឯកសារស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍។
វីអូឌីបានព្យាយាមទាក់ទងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន តែមិនអាចសុំការអត្ថាធិប្បាយបានរហូតមកដល់ពេលនេះ។
នៅពេលវីអូឌីទាក់ទងទៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានបដិសេធអតា្ថធិប្បាយលើករណីនេះ ដោយរុញទៅសួរផ្នែករដ្ឋបាលវិញ។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីលោក ឡុង ផល្លីតា បានដែរ៕