វិភាគ៖ ហេតុអ្វីពលរដ្ឋនៅកម្ពុជានិយមចាយលុយបរទេសច្រើនជាងប្រាក់រៀលរបស់ខ្មែរ?

ប្រាក់រៀលជារូបិយប័ណ្ឌរបស់ប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់លើកដំបូងនៅឆ្នាំ១៩៥៣។ ​ប៉ុ​ន្តែ​អ្នកសេដ្ឋកិច្ចកត់សំគាល់ថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បុន្ននេះជាពិសេសផ្សារទំនើបៗគឺមានការ​ដោះដូរ​ពាណិជ្ជកម្ម​ឬការ​ចាយលុយជា​​​​ប្រាក់​ដុល្លារអាមេរិកជាង៨០%ពោល​ការ​ចាយ​ប្រាក់​រៀល​របស់ខ្មែរ​មាន​ប្រ​ហែល​​តែជិត២០%ប៉ុណ្ណោះ។

កាលពីសម័យខ្មែរក្រហមប្រាក់រៀលត្រូវបានលុបបំបាត់ចោលទាំងស្រុងពោលក្នុងរបបអាវខ្មៅនោះគេមិន​ចាយលុយនោះទេ។ នេះក៏ជាកត្តាមួយដែលនាំឲ្យពលរដ្ឋនៅកម្ពុជាខ្លះមិនហ៊ានសន្សំទុកប្រាក់រៀល។ ប៉ុន្តែអ្នកប្រឹក្សាយោបល់ឯករាជ្យលោក​បណ្ឌិត ចាន់ វិបុល វិភាគថានៅមានកត្តាសំខាន់ជាងនេះទៀតដែលធ្វើឲ្យពលរដ្ឋនៅកម្ពុជានិយមតែចាយ​លុយដុល្លារជាងប្រាក់រៀល។

លោកមានប្រសាសន៍ថា៖ ”ក្នុងចន្លោះឆ្នាំ១៩៧៧ដល់១៩៧៩រូបិយវត្ថុយើងមិនត្រូវបានចរាចរណ៍​លើទីផ្សារទេ។ ប៉ុន្តែមិនមែនមូលហេតុហ្នឹងទេគឺដោយសារតែការអនុវត្ត ហើយនិងការកំណត់អំពីតម្លៃ​ដែល​កើត​ចេញពីខ្លួនយើងផ្ទាល់។ រដ្ឋាភិបាលគួរតែចាប់ផ្តើមដូរមានន័យថារៀបចំគោលនយោបាយចាប់​ផ្តើម​រិតបន្តឹងការប្រើប្រាស់រូបិយវត្ថុ

ទោះជាយ៉ាងណាប្រាក់រៀលបច្ចុប្បន្នត្រូវបានប្រើប្រាស់ជាប្រចាំតែទៅលើការបើកប្រាក់ខែមន្ត្រីរាជការ ការ​បង់ពន្ធ ការបង់ថ្លៃសេវាទឹក ភ្លើងប៉ុណ្ណោះ។ ចំណែកប្រាក់ដុល្លារត្រូវបានគេប្រើប្រាស់ដើម្បីបើកប្រាក់ខែ​ដល់​បុគ្គ​លិក​ស្ថាប័នឯកជន ការទិញដូរទំនិញដែលមានតម្លៃខ្ពស់ ឬការដាក់ក្នុងធនាគារជាដើម។

លោកបណ្ឌិត ចាន់ វិបុល យល់ថាបញ្ហានេះដោយសារកន្លងមកមេដឹកនាំ​ខ្មែរច្រើនតែ​ទៅពឹង​ពាក់​បរ​ទេស​ទើបពលរដ្ឋនៅកម្ពុជាប្រើលុយដុល្លារដោយចង់ភ្ជាប់ខ្លួននឹងបរទេសដែរ។ លោកថាការឲ្យតម្លៃ​លុយ​បរទេស​ជាង​​ប្រាក់រៀលអាចធ្វើឲ្យបាត់អត្តសញ្ញាណខ្មែរ។

លោកវិភាគថា៖ កាលណាវាបាត់អត្តសញ្ញាណវាបង្ហាញថាពីភាពទន់​ខ្សោយ​ក្នុង​ការ​គ្រប់​គ្រង​ប្រព័ន្ធរូបិយវត្ថុ។ វាអាចបង្ហាញពីកត្តាអាក្រក់ដែរទាក់ទងនឹងជំនួញឬពាណិជ្ជកម្មក្នុង​ប្រទេសព្រោះពេល​យើង​បង្ហាញភាពទន់​ខ្សោយ…ដែលគេហៅថាអត្តសញ្ញាណរបស់ជាតិហ្នឹងអ្នកខាងក្រៅគេយកចំណុចហ្នឹង​វិភាគថាវាជាចំណុចទន់ខ្សោយក្នុងការគ្រប់គ្រង…

សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចលោក គី សេរីវឌ្ឍន៍ វិភាគថាការដែលពលរដ្ឋនៅកម្ពុជានិយមលុយដុល្លារ​ជាង​លុយ​រៀលដោយ​សារតែកម្ពុជាទទួលឥទ្ធិពលលុយដុល្លារតាំងពីសម័យអ៊ុនតាក់ចូលមកកម្ពុជា។ លោកថាពេលនោះរដ្ឋាភិបាលភ្លេចគិចពីការរៀបចំផែនការសេដ្ឋកិច្ចព្រោះរវល់តែគិតពីផែនការសន្តិសុខច្រើនជាងទើបលុយដុល្លារចរាចរណ៍រីកដុះដាលនៅកម្ពុជា។

លោកយល់ថា៖ ការចាយលុយទាំងពីរទាំងដុល្លារទាំងរូបិយវត្ថុក្នុងស្រុកនេះមិនមែនតែកម្ពុជាទេមានប្រទេសមួយចំនួនលើពិភពលោកក៏ចាយដុល្លារដែរ។ ប៉ុន្តែជាយោបល់​ខ្ញុំ​បើអាចកាត់បន្ថយចាយដុល្លារបានក៏ល្អដែរព្រោះអាចធ្វើឲ្យគ្រប់គ្រងថ្លៃដើមនាំចេញបាន។ ខ្ញុំថាបើចង់កាត់បន្ថយគឺចេញពីការបើក​ប្រាក់​បៀវត្ស

នៅពេលចូលជាន់ទឹកដីថៃនិងទឹកដីវៀតណាមភ្លាមអ្នកដំណើរត្រូវតែដូរលុយបាតនិងលុយដុងជាមុន​ទើប​អាចទិញទំនិញឬចាយវាយនៅប្រទេសជិតខាងកម្ពុជានេះបានពោលគេមិនចាយលុយដុល្លារឬលុយរៀលរបស់ខ្មែរនោះទេ។ នេះគឺផ្ទុយស្រ​ឡះពីប្រទេសកម្ពុជាដែលនៅកណ្តាលប្រទេសចាយសុទ្ធតែដុល្លារ ចំណែកឯ​នៅព្រំដែនថៃវិញពលរដ្ឋខ្មែរនិយាយតែពីលុយបាត ខណៈនៅព្រំដែនវៀតណាមពលរដ្ឋខ្មែរ​និយាយ​តែពីលុយដុង។

លោក គី សេរីវឌ្ឍន៍ យល់ថាការឲ្យតម្លៃលុយបរទេសជាងប្រាក់រៀលគឺជាទម្លាប់របស់ពលរដ្ឋនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ “ប្រជាជនធ្លាប់តែចរាចរណ៍លុយដុល្លារហើយចឹងគាត់មិនអាចដូរឥរិយាបថរបស់គាត់បានដោយ​សារតែដុល្លារវាមានតម្លៃ វាស្រាល វាស្រួលទុក។ អីចឹងវាជាការបាត់បង់ទំនុកចិត្តលើលុយរៀល។ បញ្ហាទាំងអស់នេះខ្ញុំគិតថាមិនជាបញ្ហាធ្ងន់ធ្ងរព្រោះជាវាទម្លាប់ទៅហើយ

កាលពីឆ្នាំ២០១៥ធនាគារជាតិនៃ​កម្ពុជា (NBC) បានប្រកាសថាប្រទេស​កម្ពុជា​បាន​ជួបប្រទះ​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់​នៅក្នុង​រយៈពេល២ទសវត្សរ៍​ចុងក្រោយដោយ​កម្រិត​ប្រាក់​បញ្ញើ​រូបិយប័ណ្ណ​បរទេស​​បាន​កើនឡើង៦០ភាគរយ​ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៩០ហើយកើនដល់៨០ភាគរយ​ក្នុង​ទសវត្សរ៍ឆ្នាំ​២០០០និង​បច្ចុប្បន្នបានបន្តកើនដល់៨៣ភាគរយ​។ បើតាម​ធនាគារជាតិ ​នៃ​កម្ពុជាដុល្លា​រូបនីយកម្ម​” មាន​ទាំង​គុណវិបត្តិនិង​គុណសម្បត្តិ​។ ចំពោះ​គុណសម្បត្តិវា​បានរួម​ចំណែក​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​យ៉ាង​រហ័សនិង​ជួយ​គាំទ្រ​ដល់​ទំនុកចិត្ត​សាធារណៈ​ក្នុងដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ​។ ប៉ុន្តែគុណវិបត្តិវិញដុល្លារ​រូបនីយកម្ម​ក៏​នាំមក​នូវ​ការខាតបង់​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ការបោះពុម្ព​រូបិយវត្ថុ​ជាតិនិង​ដាក់​កំហិត​លើ​តួនាទី​ជា​អ្នក​ខ្ចី​ចុងក្រោយ​របស់ NBC​។ លើសពីនេះវា​រារាំង​ដល់​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុនិង​អាច​បង្ក​ជា​ហានិភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ។

អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី  ធ្លាប់មានប្រសាសន៍ថាបើតាមអង្កេតឃើញថាការដែលប្រជាជនទម្លាប់ចាយលុយដុល្លារច្រើនជាងលុយរៀលគឺបណ្ដាលមកពីកត្តាចិត្តសាស្ត្រច្រើនជាងកត្តាសេដ្ឋកិច្ច។ លោកស្រីថា៖ ពួកគេគិតតែលុយដុល្លារសុំានឹងចាយលុយដុល្លារ។ ម្យ៉ាងទៀតនៅតាមផ្សារភោជនីយដ្ឋាននិយាយតែពាក្យដុល្លារពេលគិតលុយ ហើយអាជីវករអត់ចូលរួមលើកទឹកចិត្តចាយលុយរៀលទៀត”។ ​

បើតាមមន្រ្តីធនាគារជាតិរូបនេះគឺរដ្ឋាភិបាលបានព្យាយាមធ្វើយ៉ាងណាឲ្យប្រាក់រៀលមានភាពទាក់ទាញជាងមុនតាមរយៈការរចនាដោយបញ្ចូលរូបភាពបង្ហាញពីសង្គម សេដ្ឋកិច្ច វប្បធម៌ និងមានរូបភាពប្រាសាទជាដើម។ ហើយថាការបោះពុម្ពលុយថ្មីៗនេះក៏ជាផ្នែកមួយធ្វើឲ្យប្រជាជនកាន់តែស្រឡាញ់លុយរៀលនិងមានមោទនភាពជាតិ។

បណ្ឌិតសេដ្ឋកិច្ចលោក គី សេរីវឌ្ឍន៍ លើកឡើងថាបើចង់ឲ្យប្រាក់រៀលមានតម្លៃគឺស្ថាប័នឯកជនទាំងអស់ត្រូវបើកប្រាក់ខែជាប្រាក់រៀលរបស់ខ្មែរដោយឈប់បើកប្រាក់ខែជាដុល្លារដូចសព្វថ្ងៃនេះទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ