​រដ្ឋាភិបាល​បកស្រាយ​ការដក​តំណែង​ថ្នាក់ដឹកនាំ​អង្គភាព​ប្រៃសណីយ៍​ថា​មិន​ពាក់ព័ន្ធ​អំពើពុករលួយ​

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ប្រាក់ សុខុន(ធ្វេង) ក្នុងពិធីបញ្ចប់​តំណែងថ្នាក់​ដឹកនាំអង្គភាពទូរគមនាគមន៍ កាលពីថ្ងៃទី​១៨ខែកុម្ភៈ ឆ្នាំ​២០១៦(រូបថតពីក្រសួងប្រៃសណីយ៍)

​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ប្រាក់ សុខុន បាន​ចេញ​លិខិត​បំភ្លឺ​អំពី​ការដក​តំណែង​ប្រធាន​ក្រុមប្រឹក្សាភិបាល និង អគ្គនាយក​នៃ​ទូរគមនាគមន៍​កម្ពុជា ​ថា​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​កំហុស​នោះ​ទេ​។​

​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ក្រសួង​ប្រៃសណីយ៍​បាន​សម្រេច​ដក​លោក មាស ប៉ូ ពី​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ដោយ​ដាក់​លោក ខូវ មករា ដែល​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ជំនួស​វិញ​។ ក្រសួង​ក៏​សម្រេច​ដក លោក ឡាយ ម៉ា​រី​វ៉ូ ដែល​មាន​មុខ​តំណែង​ពី​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​ទូរគមនាគមន៍ ជំនួស​ដោយ លោក សន វី ដែល​កាលពីមុន​មាន​តួនាទី​ជា​អគ្គនាយករង​នៃ​ទូរគមនាគមន៍​កម្ពុជា​។

​ក្រសួង​ប្រៃសណីយ៍​បានបញ្ជាក់​ថា ​នេះ​ជាការ​កែសម្រួល​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​អង្គភាព​នេះ ក្រោយ​ពី​រកឃើញថា​ មាន​ការ​កិបកេង​លុយ​ជាង ២០​ម៉ឺន​ដុល្លារ និង ការបំពេញ​ការងារ មាន​”​ភាពខ្វះខាត​ធ្ងន់ធ្ងរ​”​។​

​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​លោក ប្រាក់ សុខុន បាន​ចេញ​នៅ​លិខិត​បំភ្លឺ​មួយ​នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ ថា​ការដក​តំណែង​ក្រុមប្រឹក្សាភិបាល និង អគ្គនាយក​នៃ​ទូរគមនាគមន៍​នោះ លោក មាស ប៉ូ មិន​ពាក់ព័ន្ធ​នឹង​កំហុស​នោះទេ ហើយ​លោក​នៅតែ​មាន​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្នុង​ក្រសួង​។

​ក្នុង​លិខិត​បំភ្លឺ​បន្ថែមថា ​ចំណែកឯ​ការដូរ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ដោយ​ដាក់​លោក ខូវ មករា នោះ​គ្រាន់តែ​ជា​ការចាប់​ដៃគូ​ស័ក្តសម និង ស៊ីគ្នា​ជាមួយ​អគ្គនាយក​ស្ដីទី លោក សន វី ប៉ុណ្ណោះ​។​

​ក្នុង​លិខិត​ដដែល​ឲ្យដឹងថា ​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយនឹង​ប្រាក់​ជាង ២០ ម៉ឺន ដុល្លារ​នោះ​ក្រុមការងារ​អធិការដ្ឋាន​របស់​ក្រសួង​ប្រៃសណីយ៍ និង ក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​នៅតែ​បន្ត​ស៊ើបអង្កេត​ករណីនេះ​។​

​បុគ្គលិក​របស់​ទូរគមនាគមន៍​កម្ពុជា​ម្នាក់​ប្រាប់​វី​អូ​ឌី​(VOD)​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ពេលកន្លងមក អង្គភាព​សាធារណៈ​របស់​រដ្ឋ​មួយ​នេះ​តែងតែ​មាន​បញ្ហា​មិនចេះចប់​ទាក់ទង​នឹង​ការ​កិបកេង​ប្រាក់​របស់​អង្គភាព​និង​បាន​ធ្វើឲ្យ​អាជីវកម្ម​អង្គភាព​មួយ​នេះ​ដំណើរ​ការ​មិន​ល្អ​។​

​គួរបញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០១៥ បុគ្គលិក​ទូរគមនាគមន៍​មួយចំនួន​បាន​ចេញមុខ​តវ៉ា​ជា​បន្តបន្ទាប់ ដោយ​ពួកគេ​ស្នើឲ្យ​ក្រុមប្រឹក្សាភិបា​លរបស់​ស្ថាប័ន​នេះ​ស៊ើបអង្កេត​ទាក់ទង​នឹង​ការបាត់​ថវិកា​ប្រមាណ​២៣​ម៉ឺន​ដុល្លារ​អាមេរិក​។ ទាក់ទង​នឹង​ការតវ៉ា​នេះ បុគ្គលិក​របស់​ទូរគមនាគមន៍​ពីរ​នាក់​ដែល​ម្នាក់​ធ្វើការ​ផ្នែក​ទារ​បំណុល​និង​ម្នាក់​ទៀត​ផ្នែក​កាន់​លុយ ត្រូវបាន​ចោទប្រកាន់​ថា ​ធ្វើឲ្យ​បាត់​លុយ​២៣​ម៉ឺន​ដុល្លារ​នេះ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​នឹង​ការចោទប្រកាន់​នោះ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ