ក្នុងប៉ុន្មានថ្ងៃនេះ កាន់តែបែកខ្ទរខ្លាំងនូវព័ត៌មានថាតារាចម្រៀងផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីរបស់លោក ខេមៈ សិរីមន្ត បានទទួលមរណភាពនិងខ្លះថាកំពុងសម្ងំទៅព្យាបាលនៅក្រៅប្រទេសដោយសារតែនាងប្រើឡេខុស។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ បងប្រុសរបស់នាងបានប្រកែក ដោយអារម្មណ៍មិនភ្ញាក់ផ្អើលនិងចាត់ទុកថានោះគ្រាន់តែជារឿងធម្មតារបស់តារាល្បីម្នាក់។
លោក ខេមរៈ ភារុណ ត្រូវជាបងប្រុសបានអះអាងថាប្អូនស្រីរបស់លោកគឺនៅតែមានសុខភាពធម្មតា និងមិនមានបញ្ហាកើតឡើងដូចគ្នានឹងអ្វីដែលបានលេចធ្លាយនោះឡើយ បើទោះជាតារាចម្រៀងខេមរៈ ស្រីពៅ មិនមានសកម្មភាពឡើងឆាកឬចេញមុខក្នុងកម្មវិធីសិល្បៈនាពេលចុងក្រោយស្របគ្នានឹងការលេចឮ។
លោកនិយាយថា៖ “ប្អូនខ្ញុំអត់មានអីណា គេចេះតែថាទេ គាត់នៅតែគាត់តើ ដូចជាអត់មានអីផង!”។
យ៉ាងណាក៏ដោយលោកហាក់មិនចង់បកស្រាយវែងឆ្ងាយពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនោះឡើយ ហើយក៏មិនមានខឹងច្រឡោតចំពោះអ្វីដែលបានលើកឡើងនោះទេ ដោយចាត់ទុកថាមកពីប្អូនស្រីរបស់លោកជាតារាល្បីម្នាក់ ទើបចេះតែមានរឿងនេះរឿងនោះ ដែលនាំឲ្យមានការជជែកតៗគ្នា។
លោក ខេមរៈ ភារុណ ប្រកាសមិនធ្វើការបកស្រាយនាំឲ្យមានរឿងវែងឆ្ងាយនោះទេ ហើយក៏គ្មានគម្រោងធ្វើសន្និសីទឬបង្ហាញមុខប្អូនស្រីឲ្យគេបានឃើញដើម្បីបញ្ចប់ពាក្យអកុសលនោះដែរ។ លោកនិយាយថា៖ “រឿងហ្នឹងសម្រាប់ខ្ញុំអត់បញ្ហាទេ ព្រោះធម្មតាមនុស្សយើងតែល្បីគឺអញ្ចឹងឯង ខ្ញុំមិនទៅធ្វើអី(លាងជម្រះព័ត៌មាន) នាំឲ្យវែងឆ្ងាយអីទេ!”។ លោកទទូចកុំឲ្យមានការបរិយាយវែងឆ្ងាយ ដោយអះអាងថានោះជាដំណឹងអកុសលមិនមែនការពិត។ លោកនិយាយថា៖ “ឥឡូវកុំវែងឆ្ងាយអី គេនិយាយអីនិយាយទៅ ប៉ុន្តែសម្រាប់ខ្ញុំមិនចង់បកស្រាយអីច្រើនទេ ព្រោះប្អូនខ្ញុំគាត់អត់មានអីទេ!”។ លោកអះអាងថាប្អូនស្រីរបស់ខ្លួនស្ថិតនៅភ្នំពេញនិងកំពុងរស់នៅជាមួយគ្រួសារនៅម្ដុំចម្ការព្រីងនៅភ្នំពេញជាធម្មតា បើទោះជានាងមិនមានការងារផ្សេងក្រៅពីសិល្បៈដែលស្ងប់ស្ងាត់នាពេលចុងក្រោយនិងមិនមានរវល់សិក្សាក្រៅពីនៅផ្ទះដែលនាំឲ្យគេបានឃើញមុខនាងក្នុងពេលផ្ទុះដំណឹងអកុសលកើតឡើង។

យោងតាមការលេចឮគឺកញ្ញា ខេមរៈ ស្រីពៅ បានប្រទះនឹងបញ្ហាប្រតិកម្មជាមួយឡេរហូតបង្កឲ្យនាងមានបញ្ហាធ្ងន់ធ្ងរដល់ស្បែកនិងប្រព័ន្ធរន្ធញើស។ ប្រភពដោយឡែកពីគ្នាបានអះអាងថាដោយសារតែនាងមិនបានរួសរាន់ចេញទៅព្យាបាលឲ្យទាន់ពេលវេលា ទើបបណ្ដាលឲ្យបញ្ហាប្រតិកម្មនោះឈានដល់កម្រិតធ្ងន់ធ្ងរ ដោយខ្លះបានលើកឡើងថានាងស្លាប់បាត់ទៅហើយនិងខ្លះថានាងស្ថិតក្នុងការបញ្ជូនឲ្យទៅព្យាបាលនៅក្រៅប្រទេស ប៉ុន្តែក្រុមគ្រួសារព្យាយាមលាក់បាំងព័ត៌មាន។ មកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ឲ្យច្បាស់ដើម្បីលាងជម្រះដំណឹងអកុសលដែលបន្តសាយភាយនៅឡើយទេក្នុងពេលដែលខេមរៈ ស្រីពៅ ក៏មិនឃើញបង្ហាញមុខលាងជម្រះឲ្យគេជឿជាក់។
លោក ឡាយ សុខចំរើន អ្នកចាត់ការទូទៅរបស់ផលិតកម្មសាន់ដេ បានបង្ហាញការប៉ាន់ស្មានថានោះប្រហែលជាគ្រាន់តែជាពាក្យចចាមអារ៉ាម ច្រើនជាងរឿងពិត។ លោកនិយាយថា៖ “មិនមានរឿងអញ្ចឹងទេ បើអញ្ចឹងមែនប្រហែលជាខ្ញុំដឹងដែរហើយ!”។ លោកទទួលស្គាល់ថាតារាចម្រៀងខេមរៈ ស្រីពៅ មិនមានវត្តមានចេញថតបទចម្រៀងសម្រាប់ចូលឆ្នាំនៅថ្ងៃទី២៤ កុម្ភៈខាងមុខនោះទេ ដោយសារតែបទចម្រៀងទាំងអស់ដែលគ្រោងចុះថត មិនមានបទចម្រៀងរបស់នាងសម្រាប់ឆ្នាំនេះ។ យ៉ាងណាក៏ដោយលោកថាហេតុផលដែល ខេមរៈ ស្រីពៅ មិនមានបទចម្រៀងសម្រាប់ចេញថតនៅថ្ងៃចូលឆ្នាំដែលចុះថតនៅសប្ដាហ៍ក្រោយនោះ មិនពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនោះទេ។ លោកនិយាយថា៖ “ចូលឆ្នាំហ្នឹងសម្រាប់ការថតថ្ងៃទី១ (២៤ កុម្ភៈ) អត់មានបទគាត់(ខេមរៈ ស្រីពៅ)ទេ ប៉ុន្តែអាចមានការថតលើកទី២ក៏មិនដឹងដែរចាំមើលលោកភារុណសិន”។ លោកបញ្ជាក់បន្ថែមថាលោកមិនដែលបានជួបលោកខេមរៈ ភារុណ ប្រមាណជាកន្លះខែមកហើយ ដោយទាក់ទងគ្នាតែទូរស័ព្ទប៉ុណ្ណោះ ហើយចំណែកតារាចម្រៀងខេមរៈ ស្រីពៅ ក៏មិនដែលឃើញមុខនោះដែរ ប៉ុន្តែលោកនៅតែជឿជាក់ថាដំណឹងអកុសលចំពោះតារាចម្រៀងស្រីរូបនេះ គឺគ្រាន់តែជាចចាមអារ៉ាម៕