ធនាគារជាតិនៃកម្ពុជាបានក្រើនរំឭកដល់អ្នកលក់ដូរនិងអ្នកធ្វើអាជីវករផ្សេងៗថាកុំឲ្យបដិសេធមិនទទួលយកលុយរៀល ដោយថាការមិនយកលុយរៀលគឺខុសនឹងច្បាប់។
នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ ធនាគារជាតិនៃកម្ពុជាបានសរសេរថាជនដែលបដិសេធមិនទទួលលុយរៀលនឹងត្រូវពិន័យជាប្រាក់ស្មើនឹង១០០ដងនៃប្រាក់ដែលជននោះមិនព្រមទូទាត់ពីអតិថិជន។ ធនាគារបញ្ជាក់ថា៖ “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូលនិងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ”។
ធនាគារឲ្យដឹងថាការពិន័យនេះមាននៅក្នុងមាត្រា៤៣និង៦៤នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះមហាក្សត្រកាលពីឆ្នាំ១៩៩៦។ ធនាគារបន្ថែមថា៖ “ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ដែលបោះផ្សាយដោយធនាគារកណ្តាលគឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជានិងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែន”។
អ្នកសេដ្ឋកិច្ចកត់សម្គាល់ថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បុន្ននេះជាពិសេសផ្សារទំនើបៗគឺមានការដោះដូរពាណិជ្ជកម្មឬការចាយលុយជាប្រាក់ដុល្លារអាមេរិកជាង៨០%ពោលការចាយប្រាក់រៀលរបស់ខ្មែរមានប្រហែលតែជិត២០%ប៉ុណ្ណោះ៕