នាយករដ្ឋមន្ត្រីបានរិះគន់មន្ត្រីរបស់ខ្លួនដោយថា ខ្វះសមត្ថភាពអប់រំកូនចៅ ដែលបណ្ដាលឲ្យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និង មិនចេះគោរពច្បាប់។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ ខែកុម្ភៈនេះថា សព្វថ្ងៃមន្ត្រីមួយចំនួនបានបំផ្លាញអនាគតកូន ចៅរបស់ខ្លួនតាមរយៈតួនាទីដែលខ្លួនមាន។ លោកបន្ថែមថា រឿងដែលគួរឲ្យកត់សំគាល់ពេលនេះគឺ ឪពុកម្ដាយជាមន្ត្រីប្រឆាំងគ្រឿងញៀន តែកូនខ្លួនឯង បែរជាជក់គ្រឿងញៀន ឪពុកជានគរបាលចរាចរណ៍ តែកូនខ្លួនឯងរំលោភច្បាប់ចរាចរណ៍ទៅវិញ។
លោកបន្ថែមថា៖ “រឿងដែលសំខាន់ជាងទៀត គឺឪពុក ឬម្តាយបំផ្លាញអនាគតកូនខ្លួនឯង តាមរយះសកម្មភាពមិនគប្បី ដែលសង្គមស្អប់ខ្ពើមដូចជា ល្បែងស៊ីសង លួច ប្លន់ ជួញដូរគ្រឿងញៀន ស្រី ញី ប្រុសឈ្មោល សាហាយស្មន់។ល។ ដែលធ្វើឱ្យកូនៗកំពុងរៀនបាក់ទឹកចិត្ត និងខ្មាស់អៀន”។
យ៉ាងណាលោក ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋខិតខំអប់រំកូនចៅ និង ជំរុញលើកទឹកចិត្ត កូនចៅខិតខំរៀនសូត្រ ដើម្បីឲ្យពួកគេមានចំណេះដឹង និង មានគុណធម៌ផងដែរ៕